​ជិះឡាន Roll Royce លក់ម៉ាំ មួយថ្ងៃបានចំណូលមិនអន់ឡើយ

  • 2017-10-07 08:00:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​សម្បូរ​វោហារ​ដែល​គេស្គាល់​ថាជា​អ្នកលក់​ម៉ាំតាម​ផ្លូវ​ ​មាន​ឈ្មោះ​ថា​ ម៉ៅ បូរ៉ា រស់​នៅទី​ក្រុង​ភ្នំពេញ​ បច្ចប្បន្ន​បាន​ប្ដូរស៊េរីពី​ម៉ូតូកង់បី​ ​មក​ជា​ឡាន​កែច្នៃ​ដែល​ដូច​នឹងរថយន្ត​ Roll Royce ពណ៌លឿងស្រស់ដឹកម៉ាំ​លក់​តាមផ្សារ។

​លោក ​ម៉ៅ បូរ៉ា ​ដែលមាន​មាឌធំ ​និងមានការ​តុបតែង​យានជំនិះទាក់​ភ្នែក​មហាជន​រូបនេះ​ ​បាន​ប្រាប់​ Sabay ថា​ ចាប់​តាំង​ពីលក់​ប្ដូរស៊េរី​ ​មកជិះ​ឡាន​កែច្នៃ​របស់លោក​ដើម្បី​លក់​ម៉ាំមក លោក​ទទួលបាន​ចំណូល​កើនឡើង​ច្រើន​មុនពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​។​

(​លោក ​ម៉ៅ បូរ៉ា ជិះឡានលក់ម៉ាំ)

លោក​ប្រាប់ថា​ ​កាល​មុនលោក​លក់ដោយ​ដឹកម៉ូតូ​កង់បី​ មួយថ្ងៃ​លក់​ម៉ាំបានតែ​ ២០០កញ្ចប់ ​បានប្រាក់​ចំណូល​ប្រហែល​ ២៥ដុល្លារ​អីទេ​ក្នុង​មួយ​ថ្ងៃ​ តែពេល​ប្ដូរមក​ជិះឡាន​ Roll Royce ​លក់ម៉ាំ​វិញ​ ចំណូល​ឡើង​ដល់​ទៅជាង ​៣៥ ដុល្លារ​ឯណោះ ពោលគឺ​អាចលក់​បានដល់​ ៣០០ ទៅ ​៣៥០កញ្ចប់​ក្នុងមួយ​ថ្ងៃ​។​

លោក​បានឲ្យ​ដឹងថា​ ​ការចៃ្ន​ឡាននេះ​ ​ជាគំនិត​របស់​លោក​ផ្ទាល់ ព្រោះថា​លោក​គិតថា​ការ​រកស៊ីមិន​អាចនៅ​ដដែលៗ​បានទេ​ ​ត្រូវតែ​មានការ​ច្នៃប្រឌិត​ថ្មីៗ​។ ​លោកថា ​ចំណាយ​ទៅលើ​កែច្នៃឡាន​ដើរដោយ​ម៉ាស៊ីន​ម៉ូតូវេវ​អាល់​ហ្វា​ ក្នុងនោះ​រួមទាំង​ដាក់​ធុងបាស ​ទូរដាក់ម៉ាំ ​ និង​ឆ័ត្រ​ អស់ប្រាក់​ប្រមាណជា​ ១០លានរៀល​។ ​បុរសលក់​ម៉ាំរូបនេះ​ រំពឹងថា​ ការអភិវឌ្ឍ​អាជីវកម្មថ្មី​របស់​លោកនេះ នឹងផ្ដល់​ឲ្យលោក​នូវផល​ចំណេញ​រយៈពេល​វែង​ឲ្យ​លោកវិញ​។

ជា​មួយគ្នា​នេះផងដែរ​ ​លោក ​ម៉ៅ បូរ៉ា ​ក៏បាន​សុំការ​យោគយល់​ពីមន្ត្រី​ពាក់ព័ន្ធ ត្បិត​ថា​រយន្តកែច្នៃ​របស់​លោកមិន​សមស្រប​តាមស្ដង់ដា​ ​តែវា​បាន​ជួយ​រកចំណូល​ឲ្យលោក​ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់លោក​៕

អត្ថបទ៖ ស៊ិន សាវ៉េត