ចង់​រកស៊ី​មាន​បាន និង សុខសប្បាយ ទៅ​ដល់​កោះកុង​ កុំ​ភ្លេច​បន់​នៅ ព្រះ​អង្គ​គោក​ធ្លក

  • 2017-10-17 04:09:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ ជាពិសេស​ភ្ញៀវ​ថៃ ប្រសិន​បាន​មក​ដល់​ទឹក​ដី​ខេត្ត​កោះកុង តែងតែ​មិន​រំលង​ទី​សក្ការ​មួយ​កន្លែង​ល្បី​ស័ក្ដិសិទ្ធិ គឺ​នៅ​ប្រាសាទ​ព្រះ​អង្គ​គោក​ធ្លក ស្ថិត​នៅ​ស្រុក​មណ្ឌល​សីមា ក្បែរ​ច្រក​អន្តរជាតិ​ចាំយាម។

ផ្លូវ​ឡើង​ទៅ​ប្រាសាទ​ ព្រះ​អង្គគោកធ្លក ស្ថិត​នៅ​ក្នុង​ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង

លោក ឃួន ឆេងហួន អ្នក​ថែរក្សា​ប្រាសាទ​ ព្រះ​អង្គ​គោកធ្លក បាន​និយាយ​ថា ប្រាសាទ​មួយ​នេះ​បាន​កសាង​នៅ​អំឡុង​ឆ្នាំ ២០០៦ ហើយ​យក​រចនាបថ​បាយ័ន នៅ​ខេត្ត​សៀមរាប។ អ្នកស្រុក​ក្ដី ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ​ក្ដី រមែង​មក​បន់​ស្រន់​នៅ​ទី​នេះ ព្រោះ​ពួកគេ​ជឿ​លើ​បារមី​ព្រះ​អង្គ។ ក្រៅពី​មក​បន់​ស្រន់​ លោក​ ឃួន ឆេងហួន ចេះ​ស្រោច​ទឹក និង មើល​ផ្លូវ​ក្នុង​ ដូច្នេះ ទើប​មាន​មនុស្ស​មក​ប្រាសាទ​មួយ​នេះ​មិន​ដាច់។

លោក ឃួន ឆេងហួន អ្នកថែរក្សាប្រាសាទ​ ព្រះ​អង្គគោកធ្លក កំពុង​ផ្ដល់​បទសម្ភាសន៍ ជាមួយ Sabay

លោក ​ឆេងហួន វ័យ ៦៤ ឆ្នាំ រស់​នៅ​ឃុំ​ព្រែកតាមាក់ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល ដែល​បាន​ទៅ​ថែរក្សា​ប្រាសាទ​ព្រះ​អង្គ​គោកធ្លក​ តាំង​ពី​ឆ្នាំ ២០០៦ នោះ បាន​និយាយ​ថា ភ្ញៀវ​ទេសចរ​ថៃ ដែល​បាន​មក​ដល់​ស្រុក​មណ្ឌល​សីមា រមែង​ឈប់​សុំ​ចត ចុះ​មក​បួងសួង​នៅ​ប្រាសាទ​ព្រះ​អង្គ​គោកធ្លក ហើយ​អ្នក​ស្រុក​វិញ​ តែង​មក​ស្រោច​ទឹក និង អ្នក​មក​ពី​ឆ្ងាយ​តែង​មក​បន់​ស្រន់​ ពេល​ត្រឡប់​ទៅ​វិញ​ឲ្យ​ការ​ធ្វើ​ដំណើរ​បាន​សេចក្ដី​សុខ និង រកស៊ី​មាន​បាន ដែល​ការ​បួងសួង​តែង​បាន​សម្រេច​ ម៉្លោះហើយ​មាន​អ្នក​មក​ជាហូរហែ។

អ្នក​ស្រុក​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ក្រុម​ការងារ Sabay ថា ហេតុ​តែ​ថៃ​ជឿ​លើ​ព្រះ​អង្គ​គោកធ្លក ព្រោះ​តាំង​ពី​កសាង​ប្រាសាទ​ព្រះ​អង្គ​គោកធ្លក​ បែរ​ទៅ​ខាង​លិច ជិត​ច្រក​ចាំយាម ព្រំដែន​កម្ពុជា​-ថៃ មក​ ធ្វើ​ឲ្យ​ប្រទេស​ថៃ កើត​មាន​រឿងរ៉ាវ​ឥត​ឈប់ ។ មួយ​ទៀត ភ្ញៀវ​ទេសចរ​ថៃ បាន​មក​បន់​ស្រន់​រក​ស៊ីមាន​បាន និង សុំ​សេចក្ដី​សុខ​នៅ​ព្រះ​អង្គ តែង​តែ​បាន​សម្រេច ទើប​ធ្វើ​ឲ្យ​ថៃ​មួយ​ចំនួន​ជឿ​ព្រះ​អង្គ ខ្លាំង​ជាង​ខ្មែរ​ទៅ​ទៀត។

អ្នកភូមិ​មកស្រោចទឹក រំដោះគ្រោះ និង លើក​រាសី

ទាក់ទិន​នឹង​បញ្ហា​នេះ លោក ឆេងហួន អ្នក​ថែរក្សា​ព្រះ​អង្គ​គោកធ្លក បាន​និយាយ​ថា លោក​មិន​បាន​ដឹង​អំពី​រឿង​នេះ​ទេ ប៉ុន្តែ ពិត​ជា​មាន​ថៃ​មក​បួងសួង​នៅ​ប្រាសាទ​មួយ​នេះ​មែន តែ​ក៏​មិន​ច្រើន​ណាស់ណា​ដែរ។

ប្រាសាទ​ព្រះ​អង្គគោកធ្លក នៅ​ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង គឺ​យក​តាម​លំនាំ​ព្រះ​អង្គគោកធ្លក នៅ​ក្នុង​រចនាបថ​បាយ័ន ស្ថិត​នៅ​ខាង​លិច​ប្រាសាទ​បាយ័ន​បច្ចុប្បន្ន ។ ព្រះ​អង្គ​គោក​ធ្លក​កសាង​ចុង​សតវត្ស ទី១២ និង ដើម​សតវត្ស​ទី ១៣ (គស ១១៨២-១២២០) ដោយ​រាជ្យ​ស្ដេច​ជ័យវរ្ម័ន​ទី ៧ ដើម្បី​ឧទ្ទិស​ថ្វាយ​ ពុទ្ធសាសនា (មហាយាន)។

អំពី​តួ​អង្គ​គោកធ្លក៖

ផ្អែក​តាម​ឯកសារ​រូប​ពុទ្ធ​បដិមាករ គឺជា​រូប​តំណាង​ឲ្យ​ព្រះ​សមណគោតម​ បរមគ្រូ​នៃ​យើង។ ចំពោះ​ព្រះ​នាម​ព្រះ​អង្គ​គោកធ្លក​នេះ គឺ បុព្វ​បុរស​យើង​ដាក់​ភ្ជាប់​ឈ្មោះ​ប្រទេស​ខ្មែរ​ កាល​ពី​សម័យ​ហ្វូណន ឬ​នគរភ្នំ និង នគរ​គោក​ធ្លក ពី​ព្រោះ​បដិមាករ​ពុទ្ធរូប​អង្គ​នេះ មាន​បារមី ខ្លាំង​ពូកែ​ណាស់​ ហើយ​មាន​ការ​គោរព​បូជា បួងសួង សុំ​សេចក្ដី​សុខ​ចម្រើន​ បាន​បំណង​ប្រាថ្នា៕

សូមទស្សនាវីដេអូ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម