ដើម្បី​​វប្បធម៌​​ជាតិ ហង់ ភូមិរ៉ា បង្ហាត់​​របាំ​​ដោយ​មិន​យក​ប្រាក់កម្រៃ​

  • 2017-10-24 04:26:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ​ល្ខោន​ខោល​លោក ហង់ ភូមិរ៉ា បាន​បង្កើត​ថ្នាក់​បង្ហាត់​សិល្បៈ​មួយ​ឈ្មោះ​ថា "ក្រុម​យុវជន​ល្ខោន​ខោល​ជំនាន់​ថ្មី" ដើម្បី​ផ្ដល់​ឱ្យ​កាស​ឱ្យ​កូន​ខ្មែរ​បាន​ទៅ​រៀន​របាំ​ផ្នែក​ល្ខោន​ខោល និង​របាំ​ផ្សេង​ៗ​ដោយ​ឥត​គិត​ថ្លៃ។

ស្ថាបនិក "ក្រុម​យុវជន​ល្ខោន​ខោល​ជំនាន់​ថ្មី" លោក ហង់ ភូមិរ៉ា បាន​ប្រាប់ Sabay ថា ការ​បង្កើត​ក្រុម​នេះ​ក្នុង​គោល​បំណង​បង្រៀន​ដល់​កូន​ខ្មែរ​ដែល​ចង់​រៀន​របាំ​បុរាណ។ ការ​បង្រៀន​នេះ​ផ្ដោត​សំខាន់​លើ​ល្ខោន​ខោល តែ​បើ​មាន​ក្មេង​ស្រី​ចង់​រៀន​របាំ​បុរាណ​ក៏​លោក​បង្រៀន​ដែរ។ លោក​បញ្ជាក់​ថា​ការ​បង្រៀន​នេះ​មិន​យក​ថវិកា​ឡើយ ព្រោះ​លោក​យល់​ឃើញ​ថា​មាន​កូន​ខ្មែរ​ជា​ច្រើន​មក​ពី​តាម​ខេត្ត​ដែល​ចង់​រៀន​តែ​មិន​មាន​ប្រាក់​បង​ថ្ងៃ​សាលា ដូច្នេះ​ឱ្យ​តែ​កូន​ខ្មែរ​ណា​ចង់​រៀន​អាច​មក​រៀន​បាន​នៅ​បរិវេណ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ។

“ខ្ញុំ​គិត​ថា​បើ​ខ្ញុំ​មិន​ធ្វើ អ្នក​ណា​ធ្វើ ខ្ញុំ​ធ្វើ​នេះ​មិន​ចង់​បាន​អី​ទេ គ្រាន់​តែ​ចង់​ឱ្យ​កូន​ខ្មែរ​មាន​កន្លែង​រៀន​បន្ថែម មាន​អ្នក​បង្ហាត់។ បង​បង្ហាត់​ចាប់​ពី​អាយុ​១១ឆ្នាំ​ទៅ​ដល់​២៧ឆ្នាំ តែ​អ្នក​ខ្លះ​ដែល​គាត់​ស្រលាញ់ ហើយ​គាត់​មាន​អាយុ២០ក្រាស់ ឬ ៣០ឆ្នាំ​ជាង​ក៏​ដោយ​ក៏​បង​ទទួល​ដែរ កន្លង​មក​យើង​ធ្លាប់​ទទួល​អ្នក​ដែល​មាន​អាយុ​ប៉ុណ្ណឹង​ដែរ ត្បិត​តែ​គាត់​អាយុ​ច្រើន​តែ​គាត់​ខំប្រឹង​ប្រែង​រៀន​ណាស់ ហើយ​គាត់​ចាប់​បាន​ច្រើន និយាយ​រួម​ទាំង​ក្មេង​ទាំង​ចាស់​ខំ​រៀន​ទាំង​អស់”។

សិល្បករ​ល្បី​ល្បាយ​ផ្នែក​ល្ខោន​ខោល​រូប​នេះ បាន​បើក​ថ្នាក់​បង្រៀន​ល្ខោន​ខោល​និង​របាំ​នេះ​បាន​រយៈ​ពេល១ឆ្នាំ ដោយ​ទទួល​បាន​​សិស្ស​ជិត​១០០នាក់ ក្នុង​៣ជំនាន់។ សិស្ស​ក្នុង​ជំនាន់​ទី១​និង​ទី២ បាន​ចេញ​ទៅ​សម្ដែង​ក្នុង​កម្ម​វិធី​ជា​ច្រើន​រួច​មក​ហើយ​មាន​ទាំង​តូច​និង​ធំ ចំណែក​ជំនាន់​ទី៣​កំពុង​ពង្រឹង​សមត្ថភាព​បន្ថែម​ដើម្បី​បាន​ចេញ​ទៅ​សម្ដែង​ដែរ។

លោក​ក៏​បាន​ស្នើ​សុំ​ដល់​ក្រសួង​ដែល​ពាក់​ពាន់ សូម​ជួយ​ផ្ដល់​ជា​កន្លែង​សមរម្យ​ណា​មួយ​ដើម្បី​លោក​បាន​បង្ហាត់​ពេញ​លេញ ព្រោះ​ការ​បង្រៀន​តាំង​ពី​ដើម​មក​គឺ​សុំ​ទីតាំង​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​បង្រៀន​តែ​ថ្ងៃ​អាទិត្យ​តែ​ប៉ុណ្ណោះ។ លោក​ថា បើ​សិន​ជា​មាន​កន្លែង​បង្ហាត់​ត្រឹម​ត្រូវ​លោក​អាច​បង្ហាត់​បាន​ច្រើន​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។

អត្ថបទ៖ ប៉ូ សាគុន