ឪពុកម្ដាយគ្មានលទ្ធភាពឲ្យរៀន ក្មេងស្រីឥណ្ឌូនេស៊ីម្នាក់ ខំប្រឹងរកលុយខ្លួនឯងរហូតទទួលលទ្ធផលគាប់ចិត្ត
- 2017-10-17 12:56:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឪពុកម្ដាយគ្មានលទ្ធភាពឲ្យរៀន ក្មេងស្រីឥណ្ឌូនេស៊ីម្នាក់ ខំប្រឹងរកលុយខ្លួនឯងរហូតទទួលលទ្ធផលគាប់ចិត្ត
ចន្លោះមិនឃើញ
ដោយសារឪពុកម្ដាយខ្លួនគ្មានលទ្ធភាពផ្គត់ផ្គង់ការរៀនសូត្រ ស្ត្រីឥណ្ឌូណេស៊ីម្នាក់បានខិតខំធ្វើការរកប្រាក់ ដើម្បីរៀនសូត្រតាំងពីថ្នាក់បឋមសិក្សារហូតបញ្ចប់ថ្នាក់សាកលវិទ្យាល័យក្នុងឋានៈជាសិស្សពូកែ។
ស្ត្រីរូបនេះ មានឈ្មោះ Siti Marfuah បានបញ្ចប់ការសិក្សារបស់ខ្លួននៅសាកលវិទ្យាល័យ Universitas Tidar ក្នុងជំនាញគណនេយ្យ ដោយទទួលបានពិន្ទុ GPA រហូតដល់ទៅ ៣.៨៧ ឯណោះ ដែលពិន្ទុនេះជាពិន្ទុខ្ពស់បំផុតក្នុងថ្នាក់របស់ Siti។
ទោះជាយ៉ាងណាក៏ដោយ បើក្រឡេកមើលពីប្រវត្តិតស៊ូរបស់ Siti វិញ ទម្រាំទទួលបានជោគជ័យក្នុងការសិក្សាដូចពេលនេះ Siti ត្រូវពុះពារឧបសគ្គជាច្រើន។ Siti មានឪពុកម្ដាយជាអ្នកលក់សាច់អាំង និងមានបងប្អូន ៤នាក់។ ឪពុកម្ដាយ Siti បានខិតខំរកចំណូលពីការលក់នេះ ដើម្បីចិញ្ចឹមកូនៗក្នុងបន្ទុក ប៉ុន្តែប្រាក់ចំណូលទាំងនេះ នៅតែមិនមានភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ការរៀនសូត្ររបស់ Siti។ ដូច្នេះ Siti ត្រូវខិតខំរកចំណូលដោយខ្លួនឯង ដើម្បីផ្គត់ផ្គង់ការសិក្សារបស់ខ្លួន។
Siti បាននិយាយថា៖ "ខ្ញុំរកលុយតាមគ្រប់វិធីដែលខ្ញុំអាចធ្វើទៅរួចដើម្បីផ្គត់ផ្គង់ការរៀនសូត្ររបស់ខ្ញុំ ដោយការងារទាំងនោះ រាប់តាំងពីបង្រៀនគួរក្មេងៗថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ធ្វើនំ លក់សៀវភៅ ឬទំនិញផ្សេងៗជាដើមៗ"។
បើតាមសំដីរបស់ឪពុក Siti លោក Jalaludin បានឲ្យដឹងថា៖ "តាំងពីបឋមសិក្សាមក Siti បានខិតខំគ្រប់វិធីរកលុយដើម្បីបង់ថ្លៃសាលាដែលខ្លួនរៀន។ នាងអាចបង់ថ្លៃរៀនថ្នាក់សាកលវិទ្យាល័យដោយខ្លួនឯង ដោយមិនបាច់សុំលុយឪពុកម្ដាយសូម្បីមួយកាក់មួយសេន។ ឱព្រះអើយ មិនត្រឹមតែអាចបង់រៀនខ្លួនឯងហើយ នាងថែមរៀនពូកែទៀត"។
នៅក្នុងពិធីបញ្ចប់ការសិក្សាថ្នាក់សាកលវិទ្យាល័យរបស់ Siti ដែលធ្វើឡើងនៅថ្ងៃសៅរ៍សប្ដាហ៍មុន ឪពុកម្ដាយ Siti ក៏មានវត្តមាននៅទីនោះដែរ ដោយមកជាមួយរទេះលក់សាច់អាំងរបស់ខ្លួនដើម្បីធ្វើការលក់ដូចសព្វដង។ ពេលដែលដឹងថា Siti បានបញ្ចប់ការសិក្សារបស់ខ្លួនក្នុងឋានៈជាសិស្សពូកែបានពិន្ទុខ្ពស់ជាងគេក្នុងថ្នាក់ ដោយរំភើបពេក ឪពុកម្ដាយ Siti បានចែកសាច់អាំងចំនួនដល់ទៅ ១០០០ ចានដោយឥតគិតថ្លៃដល់អ្នកចូលរួមក្នុងពិធីនោះ ដើម្បីអបអរភាពជោគជ័យរបស់កូន។
ពេលចប់កម្មវិធីនេះ ពេលដែលសួរដោយ សារព័ត៌មាន Jawa Pos ថាដែលអន់ចិត្តនឹងស្ថានភាពសេដ្ឋកិច្ចគ្រួសារ ឬទេ Siti បានឆ្លើយវិញថា៖ "ខ្ញុំមិនដែលខ្មាសគេរឿងហ្នឹងទេ អ្វីដែលសំខាន់គឺខ្ញុំត្រូវខិតខំដើរទៅមុខ និងបន្តការខិតខំទៀត"។
ចុចអាន៖