កីឡាករ​ល្បី ៥រូប លេង​ស្លូត​បំផុត​មិន​ធ្លាប់​ទទួល​បាន​កាត​ក្រហម

  • 2017-10-25 03:02:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​ ក្នុង​បាល់ទាត់​អាជីព ជា​ពិសេស​នៅ​ទ្វីប​អឺរ៉ុប កម្រ​ណាស់​ដែល​មាន​កីឡាករ​អាច​រួច​ផុត​ពី​ការ​ទទួល​បាន​កាត​ក្រហម​ ដោយ​សារ​តែ​ការ​ប្រកួត​ប្រជែង ការពារ​សំណាញ់​ទី​រៀង​ខ្លួន។ ទោះ​បែប​នេះ​ក្ដី មាន​កីឡាករ​​ល្បី​ឈ្មោះ ៥​រូប​ ដែល​មិន​ធ្លាប់​ទទួល​បាន​កាត​ក្រហម​ពេញ​មួយ​អាជីព​របស់​ខ្លួន។

១. Gary Lineker៖ ខ្សែ​ប្រយុទ្ធ​អង់គ្លេស​រូប​នេះ​មិន​ដែល​ទទួល​បាន​កាត​ក្រហម ឬ​កាត​លឿង​សូម្បី​តែ​មួយ ពេញ​មួយ​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់​ខ្លួន។ Lineker ស៊ុត​បាន ២៨១​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​ផ្លូវ​ការ​របស់​ខ្លួន​ចំនួន ៥៦៧​ប្រកួត។

២.Raul Gonzalez៖ វីរបុរស​ក្លឹប Real Madrid រូប​នេះ មិន​ដែល​ទទួល​បាន​កាត​ក្រហម​មួយ​ទេ ពេញ​មួយ​អាជីព​របស់​ខ្លួន​ដែល​មាន​រយៈ​ពេល ១៧​ឆ្នាំ ដោយ​ក្នុង​នោះ​លេង​ឲ្យ​ក្លឹប​បាន​ចំនួន ៩៣២ប្រកួត ខណៈ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ចំនួន ១០២​លើក។

៣.Philipp Lahm៖ ដូច​កីឡាករ ២​រូប​ខាង​លើ​ដែរ ខ្សែ​ការពារ​ស្លាប Philipp Lahm បាន​ចូល​និវត្តន៍​ពី​ពិភព​បាល់ទាត់​ដោយ​មិន​ដែល​ទទួល​បាន​កាត​ក្រហម​សូម្បី​តែ​ម្ដង បើ​ទោះ​ជា​វីរបុរស​ក្លឹប Bayern Munich រូប​នេះ លេង​រហូត​ដល់​ទៅ​ជាង ៧០០​ប្រកួត ឲ្យ​ក្លឹប និង​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ក៏​ដោយ។

៤.Andres Iniesta៖ បើ​ទោះ​ជា​មិន​ទាន់​ចូល​និវត្តន៍​ដូច​កីឡាករ​ទាំង ៣​រូប​ខាង​លើ ខ្សែ​បម្រើ Iniesta រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​ស្គាល់​រសជាតិ​បណ្ដេញ​ពី​ការ​ប្រកួត​ម្ដង​ឡើយ ក្នុង​ចំណោម​ការ​ប្រកួត​ជាង ៧៥០លើក ដែល​ខ្លួន​ធ្លាប់​បាន​លេង​កន្លង​មក​ឲ្យ​ក្លឹប Barcelona និង​ជម្រើស​ជាតិ​អេស្ប៉ាញ។

៥.Karim Benzema៖ ដូច Iniesta ដែរ ខ្សែ​ប្រយុទ្ធ​បារាំង Benzema មិន​ទាន់​ស្គាល់​ជាតិ​កាត​ក្រហម​ម្ដង​ឡើយ​ បើ​ទោះ​ជា​លេង​បាន​ជាង​ ៦៥០​ប្រកួត​ក្ដី។

ដោយ​ឡែក​មាន​កីឡាករ ២​រូប​ទៀត​គឺ​ជា Ryan Giggs និងLionel Messi ក៏​មិន​ដែល​ទទួល​បាន​កាត​ក្រហម​ពេល​លេង​ឲ្យ​ក្លឹប​ផង​ដែរ ប៉ុន្តែ​ធ្លាប់​ទទួល​បាន​កាត​មួយ​នេះ​ម្ដង ពេល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ខ្លួន ពោល​គឺ Messi ទទួល​បាន​កាត​ក្រហម​ក្នុង​ការ​ប្រកួត​ដំបូង​របស់​ខ្លួន​ឲ្យ​អាហ្សង់ទីន​ក្នុង​ឆ្នាំ ២០០៥ ខណៈ​ Giggs ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត​រវាង​វេល និង​ន័រវែស ក្នុង​ឆ្នាំ ២០០១ បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ​ទទួល​បាន​កាត​លឿង​ចំនួន​២​លើក​ក្នុង​ការ​ប្រកួត​មួយ​នេះ៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី