Selena ទប់​ទឹក​ភ្នែក​មិន​ជាប់​ ពេល​​រម្លឹក​ពី​​ពេលទទួល​​ការ​​បរិច្ចាគ​ក្រលៀន​​ពី​​មិត្ត​ល្អ​

  • 2017-10-28 08:50:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុង​ការបង្ហាញមុខ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​កាលពីឆ្នាំ២០១៧ តារា​ចម្រៀង​ Selena Gomez បានរម្លឹក​ពី​ការ​ទទួល​​បាន​ការ​បរិច្ចាគ​ក្រលៀន​ពី មិត្ត​ល្អ​របស់​នាង​ គឺ​តារា​សម្ដែង​ Francia Raísa។

ដូច​ប្រិយមិត្ត​ច្បាស់​ជា​បាន​ជ្រាប​ហើយ​ កាល​ពី​ខែ​កញ្ញា​ ឆ្នាំ២០១៧ Selena Gomez បាន​ចូល​មន្ទីរ​ពេទ្យ​វះ​កាត់​ប្ដូរ​ក្រលៀន​ ដើម្បី​ជីវិត​នាង​នៅ​ថ្ងៃ​មុខ។ អ្វី​ដែល​គួរ​ឲ្យ​រំភើប​នោះ​គឺ​ Francia Raísa ដែល​ជា​មិត្ត​ល្អ​របស់​នាង​ បាន​សម្រេច​ចិត្ត​ បរិច្ចាគ​ក្រលៀន​របស់​នាង​ទៅ​ឲ្យ​ Selena ដែល​កំពុង​ត្រូវ​ការ​ចាំ​បាច់​បំផុត។

Francia Raísa និង​ Selena Gomez

នៅក្នុងកម្មវិធីទូរទស្សន៍នោះ Selena បាន​បើក​បង្ហាញ​អារម្មណ៍​ពិត​ក្នុង​ចិត្ត​ ចំពោះ​ទឹក​ចិត្ត​ដ៏​ល្អ​របស់​មិត្ត​របស់​ខ្លួន ដែល​សុខចិត្ត​បរិច្ចាគ​ក្រលៀន​ឲ្យ​នាង។

ដោយសារ​រំភើប​នឹង​ទឹកចិត្ត​កម្រ​រក​បាន​របស់​ Francia Raisa ទើប​ Selena មិន​អាច​ទប់​អារម្មណ៍​ ដោយ​បាន​សម្រក់​ទឹក​ភ្នែក​ អួល​ដើម​ក​មួយ​រំពេច។ តារា​ស្រី​វ័យ​ ២៧ ឆ្នាំ​រូប​នេះ​និយាយថា៖ "ពេល​នោះ​ ខ្ញុំ​គិត​ថា​ ជីវិត​ខ្ញុំ​កំពុង​មាន​បញ្ហា​ហើយ​ ដោយសារ​ក្រលៀន​ខ្ញុំ​ខូច។ អ្វី​គ្រប់​យ៉ាង​ កើត​ឡើង​បែប​នោះ​ រហូត​ធ្វើ​ឲ្យ​ខ្ញុំ​លែង​ចង់​បាន​អ្វី​ទាំង​អស់។ តែ​ថ្ងៃ​មួយ​ ពេល​ខ្ញុំ​មក​ដល់​ផ្ទះ​ ខ្ញុំ​ស្រាប់​តែ​ដឹង​ព័ត៌មាន​ថា​ នាង​ (Francia) ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ក្រលៀន​ឲ្យ​ខ្ញុំ"។

គួររំលឹកផងដែរថា កាលពីខែកញ្ញា ឆ្នាំ២០១៧​ អ្នក​គាំទ្រ​ទូទាំង​ពិភពលោក​ ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ក្រោយ​ឃើញ​រូបភាព​របស់​ Selena និង​ Francia កាន់​ដៃ​គ្នា​ លើ​គ្រែ​ក្នុង​មន្ទីរ​ពេទ្យ។ អ្នក​ទាំង​នោះ​មាន​ការ​អាណិត​ Selena ណាស់​ ពេល​ដឹង​ពី​ស្ថាន​ភាព​ជំងឺ​របស់​នាង​ ហើយ​រឹត​តែ​ស្ញប់​ស្ញែង​នឹង​ទឹក​ចិត្ត​ របស់​ Francia ដែល​លះបង់​ក្រលៀន​របស់​ខ្លួន​ទៅ​ឲ្យ​មិត្ត​សម្លាញ់៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី