វ៉ែន ហុងជីវុង ​យក​ឈ្នះ ទេស ជីវ៉ា ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង

  • 2017-10-29 03:53:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វ៉ែន ហុងជីវុង ​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ ​បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​កីឡាករ​ជើង​ខ្លាំង ទេស ជីវ៉ា ​ដោយ​ពិន្ទុ​កាល​ពី​យប់មិញ​នេះ ​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍ TV5 Knock Out Series K-Cement ដែល​ជា​ប្រដាល់​ដណ្ដើម​ជើងឯក​រដូវ​កាល​ថ្មី​របស់​ប៉ុស្ដិ៍​លេខ​៥។

ក្នុង​ការ​ប្រកួត​ម្សិលមិញ​នេះ ទេស ជីវ៉ា ​ហាក់​មាន​ប្រៀប​ជាង ជីវុង បន្តិច ប៉ុន្តែ​ការ​វាយ​ចូល​របស់​គេ​ដូចជា​មិន​ទាន់​ត្រូវ​ខ្លាំង និង​មាន​បច្ចេកទេស​ល្អ​នោះ​ទេ ដែល​ធ្វើ​ឱ្យ​ពិន្ទុ​មិន​បាន​ច្រើន​ដូច ជីវុង ដែល​វាយ​ចូល​តិច​តែ​ត្រូវ​ច្រើន។ ឆ្លង​កាត់​ការ​ប្រកួត​៣​ទឹក​ពេញ ​កីឡាករ​ទាំង​ពីរ​នាក់​នេះ វាយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ជា​ចុង​ក្រោយ ជីវុង ​ក៏​ឈ្នះ​ពិន្ទុ​លើ ជីវ៉ា ​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​តែ​ម្ដង​ទៅ។

គូ​នេះ​ដែរ លោក សេង កដិកា អ្នក​រៀប​ចំ​ការ​ប្រកួត​បាន​និយាយ​ដែរ​ថា​ពិត​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ចម្លែក​ចិត្ត​បន្តិច​ហើយ ត្បិត​អី ទេស ជីវ៉ា ​ជា​កីឡាករ​ដែល​អ្នក​គាំទ្រ​គិត​ថា​នឹង​ឈ្នះ​ការ​ប្រកួត​នេះ។ ដល់​ពេល​ប្រកួត​មែនទែន បែរ​ជា​ចាញ់​គេ​ទៅ​វិញ។ យ៉ាងណាមិញ ​លោក​ក៏​មើល​ឃើញ​ដែរ ថា វ៉ែន ហុងជីវុង ​មាន​បច្ចេកទេស​ល្អ​ទើប​បាន​ជា​គេ​វាយ​ចូល​ហើយ​បាន​ពិន្ទុ​ពេញ​ៗ​តែ​ម្ដង។

ការ​ប្រកួត​កាល​ពី​ម្សិលមិញ​នេះ​ដែរ ​អ៊ុំ វណ្ណេត ​ក៏​បាន​ឡើង​ទៅ​វគ្គ​៨​នាក់​ចុង​ក្រោយ​ដែរ ​ក្រោយ​ពី​រូបគេ​បាន​យក​ឈ្នះ​កីឡាករ ភុន សោភ័ណ្ឌ ​ដោយ​សន្លប់​នៅ​ទឹក​ទី​២៕

អត្ថបទ៖ មុន្នីរម្យ