តំបន់​ទេសចរណ៍ «ទឹក​ធ្លាក់​ឆាយ​ប្រុយ» កំណប់​ពិសេស នៅ​វាលវែង ខេត្ត​ពោធិ៍សាត់

  • 2017-10-30 03:48:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រមណីយដ្ឋាន​ «ទឹកធ្លាក់​ឆាយ​ប្រុយ» ដែល​មាន​កម្ពស់​ ៦០ម៉ែត្រ ជា​តំបន់​ទេសចរណ៍​ធម្មជាតិ ដែល​មនុស្ស​គ្រប់​គ្នា​មិន​សូវ​ស្គាល់ ស្ថិត​នៅ​ឃុំ​អូរសោម ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។ ទឹក​ធ្លាក់​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កំណប់​ពិសេស​ ព្រោះ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ ដែល​ភ្ញៀវ​អាច​ហែល​ទឹក​ក៏​បាន ស្ទូច​ត្រី​ លេង​កម្សាន្ត​សប្បាយ និង​មាន​ខ្យល់​អាកាស​ល្អ អម​ដោយ​ព្រៃ​ឈើ​ជាច្រើន​ផង​ដែរ។

លោក នួន លីម មន្ត្រី​កិច្ចសន្យា​របស់​មន្ទីរ​ទេសចរណ៍​នៅ​ខេត្ត​ពោធិ៍សាត់​ បាន​ប្រាប់​ក្រុម​ការងារ​ Sabay ថា ទឹក​ធ្លាក់​ឆាយ​ប្រុយ​នេះ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ១៧០ គីឡូម៉ែត្រ ពី​ទីរួម​ខេត្ត​ពោធិ៍សាត់ ដោយ​មក​ដល់​ស្រុក​វាលវែង បត់​ចូល​មក​សហគមន៍​អូរសោម​ចម្ងាយ​ ៦០ គីឡូម៉ែត្រ​ នឹង​មក​ដល់​រមណីយដ្ឋាន​ធម្មជាតិ​នេះ​ហើយ។ ប្រសិន​បើ​ប្រិយ​មិត្ត​ធ្វើ​ដំណើរ​ពី​ខេត្ត​កោះកុង មក​កាន់​អូរសោម​ គឺ​មាន​ចម្ងាយ​ប្រហែល​ ៨០គីឡូម៉ែត្រ នឹង​ឃើញ​ «ទឹក​ធ្លាក់​ឆាយ​ប្រុយ»​ នៅ​ក្បែរ​ផ្លូវ​ ហើយ​មាន​ដាក់​ស្លាក​សញ្ញា​តែ​ម្ដង។

លោក នួន លីម

លោក លីម អ្នក​សម្របសម្រួល​ និង រៀប​ចំ​ទេសចរណ៍​ប្រចាំ​ស្រុក​វាលវែង បាន​ចាត់​ទុក​ រមណីយដ្ឋាន​ «ទឹកធ្លាក់​ឆាយ​ប្រុយ» គឺជា​សម្បត្តិ​ធម្មជាតិ​មួយ​របស់​សហគមន៍​អូរសោម ព្រោះ​ទឹក​ធ្លាក់​នេះ នៅ​មាន​សម្រស់​ធម្មជាតិ​ច្រើន ទឹក​ស្អាត ហើយ​ភ្ញៀវ​អាច​មក​ហែល​ទឹក​ផង និង ស្ទូច​ត្រី​កម្សាន្ត​ លេង​យ៉ាង​សប្បាយ​រីករាយ។ ដូច្នេះ​ហើយ​អ្នក​ធ្វើ​ដំណើរ​ចន្លោះ​ខេត្ត​កោះកុង មក​ខេត្ត​ពោធិ៍​សាត់ តាម​ផ្លូវ​អូរសោម​នេះ រមែង​សំចត​ផ្ដិត​រូបភាព​នៅ​ទី​នេះ។

ទោះ​យ៉ាង​ណា​ក៏ដោយ លោក លីម បាន​និយាយ​ថា ដោយ​សារ​តែ​ស្ថាន​ភាព​ផ្លូវ​មាន​ការ​លំបាក​ទើប​មិន​សូវ​មាន​ភ្ញៀវ​មក​លេង​ច្រើន​នោះទេ ប៉ុន្តែ មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា ភ្ញៀវ​ហាក់​ចាប់​អារម្មណ៍​តំបន់​អូរសោម ដោយ​គិត​ត្រឹម​អំឡុង​ភ្ជុំបិណ្ឌ​កន្លង​ទៅ ​មាន​ភ្ញៀវ​ប្រហែល ៣០០ នាក់​ ឆ្លង​កាត់ និង​បាន​ចូល​កម្សាន្ត​ទឹក​ធ្លាក់​ឆាយ​ប្រុយ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក​អំពាវនាវ​ឲ្យ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ទឹក​ធ្លាក់​ឆាយ​ប្រុយ ក៏ដូចជា សហគមន៍​អូរសោម ព្រោះ​នៅ​ទី​នេះ មាន​សម្បត្តិ​ធម្មជាតិ​ជាច្រើន​ទៀត​ ដែល​គ្រប់គ្នា​មិន​សូវ​ដឹង ដែល​ស្ថិត​នៅ​តំបន់​អភិរក្ស​ព្រៃ​ឈើ ដូច្នេះ ទី​នេះ​សម្បូរ​ដើម​ឈើ​តូច-ធំ ជា​ទី​កម្សាន្ត​បែប​ធម្មជាតិ ហើយ​ការ​មក​លេង​របស់​បង ប្អូន គឺជា​ផ្នែក​មួយ​សំខាន់​ចូលរួម​ជួយ​ជីវភាព​សហគមន៍​អូរសោម ដែល​មាន​ប្រជាជន​ប្រហែល ២ ០០០ នាក់ កំពុង​រស់​នៅ​សព្វថ្ងៃ៕

សូមទស្សនាវីដេអូ