អ្នកវិទ្យាសាស្ត្រឥណ្ឌា រកឃើញគ្រោងឆ្អឹង​សត្វសមុទ្រ​អាយុ ១៥២​លានឆ្នាំ គួរឲ្យភ្ញាក់ផ្អើល

  • 2017-11-01 08:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម បាន​រក​ឃើញ​ផូស៊ីល​សត្វ​សមុទ្រ​ដ៏​ធំ​មួយ ​អាយុ​កាល​ជាង ១៥២​លាន​ឆ្នាំ ជា​ពពួក​សត្វ​ ichthyosaur ​នៅ​​ប្រទេស​ឥណ្ឌា ​ធ្វើ​ឲ្យ​គ្រប់​​គ្នា​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

គ្រោង​ឆ្អឹង​ប្រភេទ​សត្វ​ល្មូន​នេះ មាន​ប្រវែង ៥,៥​ម៉ែត្រ ត្រូវ​បាន​​គេ​រក​ឃើញ​លាយឡំ​ក្នុង​ថ្ម​តាំង​ពី​សម័យ Mesozoic ​នៅ​ភាគ​ខាង​លិច​រដ្ឋ Gujarat។ ​ក្រុម​អ្នក​ជំនាញ​ប្រើ​រយៈ​ពេល​ជីក​គាស់កកាយ​​ជាង ២​ខែ ទើប​ឃើញ​រូប​រាង​បែប​នេះ។ ​ក្នុង​កំណាយ ឆ្អឹង​ផ្នែក​ក្បាល ព្រុយ ​និង​កន្ទុយ​បាន​បាត់។

យោង​ទៅ​តាម​ការ​ពិនិត្យ​ស្រាវ​ជ្រាវ​លើ​ធ្មេញ​របស់​ល្មូន​នេះ គេ​សន្និដ្ឋាន​បាន​ថា វា​ទំនង​ជា​ស៊ី​ពពួក​សត្វ​មាន​ស្នូក ដូច​ជា​ខ្យង​។ ការ​រក​ឃើញ​ខាង​លើ ​នឹង​អាច​ជួយ​ឲ្យ​គេ​យល់​ពី​ផូស៊ីល​​កាន់​តែ​ច្បាស់​​ ពី​ជីវិត​រស់​នៅ​របស់​​​ល្មូន​សម័យ​នោះ។

លោក Prasad អ្នក​ជំនាញ​ម្នាក់​និយាយ​ថា ​សត្វ ichthyosaurs ​មាន​រូប​រាង​ស្រដៀង​សត្វ​ផ្សោត និង​ត្រី​បាឡែន​បច្ចុប្បន្ន និង​ធ្លាប់​មាន​ជីវិត​រស់​នៅ​​លើ​ផែនដី​ចន្លោះ​ពី ៩០ ទៅ ២៥០​លាន​ឆ្នាំ​មុន។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍ អ្នក​ជំនាញ​ខាង​លើ​បញ្ជាក់​ថា ​គ្រោង​ឆ្អឹង​ល្មូន​សមុទ្រ​នឹង​អាច​ឲ្យ​គេ​សិក្សា​ពី​ទំនាក់​ទំនង​ផ្លូវ​ទឹក​រវាង​ប្រទេស​ឥណ្ឌា និង​អាហ្វ្រិក​ខាង​ត្បូង​កាល ១៥០​លាន​ឆ្នាំ​មុន ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​៕

ប្រភព៖ indy100   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី