ស្លុត​ចិត្ត​មិន​ស្ទើរ បើ​អ្នក​ចូលចិត្ត​ចោលសំរាម ដឹង​ពី​ផល​ដ៏​អាក្រក់​បំផុត ៦​យ៉ាង​នេះ

  • 2017-11-07 03:13:13
  • ចំនួនមតិ

ចន្លោះមិនឃើញ

ធុង​សំរាម​តិច ឫ​ធុង​សំរាម​ច្រើន ទម្លាប់​ចោលសំរាម​ គ្មាន​សណ្ដាប់​ធ្នាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ នៅ​តែ​បន្ត​កើត​មាន​ទោះ​ជា​មាន​​ការ​ផ្សព្វ​ផ្សាយ​ច្រើន​យ៉ាង​ណា​ក្ដី។ តើ​អ្នក​ទាំង​អស់​គ្នា​ដឹង​ទេ ការ​ចោល​សំរាម​ចេញ​ពី​ដៃ​របស់​អ្នក ទទួល​បាន​មកវិញ​នូវ​គុណ​វិបត្តិ​អ្វី​ខ្លះ? តោះ​សូម​ប្រិយ​មិត្ត​មក​ស្វែង​យល់​ទាំង​អស់​គ្នា!

១. បាត់បង់​សេចក្ដី​ថ្លៃថ្នូរ​ផ្ទាល់​ខ្លួន

កញ្ញា សេរីរ័ត្ន​ ជា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​លើក​ឡើង​ថា សេចក្ដី​ថ្លៃ​ថ្នូរ​របស់​មនុស្ស គឺ​សំដៅ​ការ​ចេះ​ឲ្យ​តម្លៃ​ខ្លួន​ឯង រស់​នៅ​មាន​របៀបរៀបរយ ការ​ប្រព្រឹត្តិ​ល្អ កាយវិការ​សមរម្យ សម្ដីសំដៅ​សម​ជា​អ្នក​ចេះ​ដឹង។ល។ ប៉ុន្តែ​បើ​គ្រាន់​តែ​សំរាម​មួយ​​គ្រប់គ្រង​មិន​បាន បោះ​ចោល​តាម​ទំនើង​ចិត្ត នោះ​ហើយ​បង្ហាញ​ពី​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​ម្នាក់​ត្រូវ​បាត់បង់​ទៅ​ហើយ ព្រោះ​បង្ហាញ​ពី​ទម្លាប់​រស់​នៅ​គ្មាន​របៀបរបប​​គ្មាន​សេចក្ដី​ថ្លៃថ្នូរ​ក្នុង​ខ្លួន។

២. រង​ការ​វាយ​តម្លៃ​ទាប​ពី​មនុស្ស​ជុំវិញ​ខ្លួន

ចោល​សំរាម​មិន​សំចៃ​ដៃ​នៅ​ទី​សាធារណ​ រមែង​មាន​មនុស្ស​ម្នា​ទាំង​ឡាយ​ឃើញ​ពី​ទង្វើ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​របស់​យើង។ ដូច្នេះ​ហើយ​ទោះ​ចង់ ឫ​មិន​ចង់​គេ​នឹង​វាយ​តម្លៃ​ទាប ដល់​អ្នក​ដែល​ចោល​សំរាម ថា​ជា​មនុស្ស​គ្មាន​អនាម័យ ខ្វះ​ការ​យល់​ដឹង គ្មាន​ចំណេះ​ដឹង គ្មាន​សីលធម៌ សុជីវធម៌​ក្នុង​ខ្លួន​។ល។ នេះ​បើ​តាម​ការ​លើក​ឡើង​បន្ថែម​ទៀត​ពី​កញ្ញា សេរី​រ័ត្ន។ ​

៣. បំផ្លាញ​បរិស្ថាន​បាត់បង់​សម្រស់​ទីក្រុង

ដោយ​ឡែក​មក​ជួប​ជាមួយ​លោក មាន រតនា ជា​មន្ត្រី​រាជការ​មួយ​រូប​លើក​ឡើង​ថា គុណ​វិបត្តិ​ដ៏​ធំ​បំផុត នៃ​អ្នក​ចូលចិត្ត​ចោល​សំរាម គឺ​ការ​បំផ្លាញ​បរិស្ថាន​នេះ​តែ​ម្ដង ហើយ​ក៏​ជា​កត្តា​រួម​ចំណែក​ ធ្វើ​ឲ្យ​បាត់បង់​សម្រស់​ទីក្រុង។ រតនា បន្ត​ថា ទីក្រុង​ស្អាត គឺ​ទាល់​តែ​មាន​បរិស្ថាន​ល្អ ចុះ​បើ​ទីក្រុង​សុទ្ធ​តែ​សំរាម​សឹង​ហើរ​គ្រប​ក្បាល​អ្នក​ដំណើរ​ នោះ​​ហើយ​ជា​ការ​បំផ្លាញ​បរិស្ថាន​ដ៏​ធ្ងន់ធ្ងរ​បំផុត ពី​សំណាក់​អ្នក​ចោល​សំរាម​ទាំង​ឡាយ។

៤. ខូច​សុខភាព​ខ្លួន​ឯង និង​បំផ្លាញ​ទាំង​សុខភាព​អ្នក​ដទៃ

បើ​កាល​ណា​សំរាម​ធ្លាក់​ដល់​ដី​ពី​ដៃ​មនុស្ស​​​​ម្នាក់​ចោល ពីរ​នាក់​ចោល រាប់​ពាន់​នាក់​ចោល រហូត​ដល់​មនុស្ស​រាប់​លាន​​នាក់​ចោល នឹង​ធ្វើ​ឱ្យ​សំរាម​ទាំង​នោះ​ស្អុយ​រលួយ សាយភាយ​ក្លិន​មិន​ល្អ​បង្កើត​ជាតិ​ពុល ទៅ​ក្នុង​បរិយាកាស។ ដូច្នេះ​ជាតិ​ពុល​ទាំង​នោះ​មិន​បាន​ទៅ​ណា​ឆ្ងាយ​ក្រៅ​ពី​ខ្លួន​យើង​ឡើយ ហើយ​នៅ​ពេល​យើង​ដក​ដង្ហើម នឹង​ស្រូប​យក​ជាតិ​ពុល​ទាំង​នោះ​ចូល​ក្នុង​ខ្លួន បង្ក​ឲ្យ​មាន​ជំងឺ​ផ្សេងៗ។ ចំណែក​អ្នក​ដទៃ​ក៏​ត្រូវ​រង​ផល​ប៉ះពាល់ ពី​ការ​ចោល​សំរាម​គ្មាន​សណ្ដាប់​ធ្នាប់​នេះ​ដែរ។ ដូច្នេះ​ជម្រើស​ដ៏​ល្អ​បំផុត គឺ​ការ​ចោល​សំរាម​ទៅ​ក្នុង​ធុង តាម​ប្រភេទ​សំរាម​ស្ងួត ឫ​សើម ដើម្បី​យក​ទៅ​បំផ្លាញ​ចោល ឫ​កែច្នៃ​ឡើង​វិញ។ លោក មាន រតនា បន្ថែម។

៥. ស្ទះ​លូ​ និង​បង្ក​ឲ្យ​ទឹក​លិច​នៅ​ទីក្រុង

ចំណែក កញ្ញា ធារី ជា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​ក៏​បាន​លើកឡើង​ដែរ​ថា សំរាម​រាប់​ម៉ឺន​តោន ដែល​សល់​ពី​ការ​ចោល​​ក្រៅ​ធុង​សំរាម នឹង​ហើរ​រសាត់​អណ្ដែត​ទៅ​តាម​ទី​កន្លែង​នានា​នៅ​ក្នុង​ទី​ក្រុង។ ដូច្នេះ​នៅ​ពេល​មេឃ​ភ្លៀង កម្លាំង​ទឹកហូរ​​នឹង​នាំ​យក​សំរាម​ទាំង​នោះ​ទៅ​ដល់​មាត់​លូ ហើយ​បង្ក​ស្ទះ​ទប់​ស្កាត់​មិន​ឲ្យ​ទឹក​ហូរ​បាន។ មូលហេតុ​នេះ​ហើយ ក៏​ជា​កត្តា​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​មូលហេតុ​ចម្បង​ៗ​ដែល​បង្ក​ឲ្យ​ទីក្រុង​លិច​ទឹក​ពេល​ភ្លៀង​ម្ដងៗ។

៦. អាច​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍

ធារី​ដដែល​បន្ត​ទៀត​ថា រមណីយដ្ឋាន​ស្អាត ទីក្រុង​ស្អាត លុះត្រា​គ្មាន​សំរាម​ធ្លាក់​ដល់​ដី។ ចុះ​បើ​នៅ​តាម​តំបន់​ទេសចរណ៍​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា សុទ្ធ​តែ​សំរាម ភ្ញៀវ​ទេសចរ​ដែល​ទៅ​លេង​កម្សាន្ត​ នឹង​មាន​អារម្មណ៍​បែប​ណា? ជា​ពិសេស​ទេសចរ​បរទេស តើ​គេ​នឹង​គិត​យ៉ាង​ណា ​ពី​ទម្លាប់​ដ៏​អាក្រក់​របស់​ប្រជាជន​ខ្មែរ? ដូច្នេះ​ការ​ចោលសំរាម​ក្នុង​ធុង​ពិត​ជា​សំខាន់​ណាស់ ក្នុង​ការ​លើក​ស្ទួយ​បរិស្ថាន​នៅ​តាម​តំបន់​ទេសចរណ៍​នានា​ ដើម្បី​ទាក់ទាញភ្ញៀវ​ទេសចរ​ឲ្យ​មក​លេង​កម្សាន្ត​កាន់​តែ​ច្រើន។

ចុះ​បើ​ផល​ប៉ះពាល់​ច្រើន​ម្ល៉ឹង​ៗ តើ​យើង​គ្រប់​គ្នា​ចង់​ចោល​សំរាម​ពាសវាលពាសកាល​ទៀត​ទេ? ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត ផ្ទះ​ស្អាត ក្រុមហ៊ុន​ស្អាត សាលារៀន​ស្អាត គឺ​កើត​ចេញ​ពី​យើង​គ្រប់​គ្នា មិន​មែន​ជា​បន្ទុក​របស់​នរណា​ទេ។

សំរាម​មិន​ធ្លាក់​ដល់​ដី ភ្នំពេញ​កាន់​តែ​ប្រពៃ

#ភ្នំពេញ​ស្អាត​​


អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ