Ford ជះ ៦៧៥ លាន​ដុល្លារ ប្រឡូក​ទីផ្សារ​រថយន្ត​អគ្គិសនី​ក្នុង​ប្រទេស​ចិន

  • 2017-11-10 02:59:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Ford បាន​សម្រេច​លើ​កិច្ចព្រមព្រៀង​ដ៏​ធំ​មួយ​រវាង​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រទេស​ចិន Zotye Auto ក្នុង​គោលបំណង​ហក់​ចូល​ទីផ្សារ​រថយន្ត​អគ្គិសនី។​ ដោយ​​​​ម្នាក់ៗ​មាន​ភាគហ៊ុន ៥០ ភាគរយ ស្មើ​នឹង​ទឹក​ប្រាក់ ៧៦៥ លាន​ដុល្លារ បច្ចុប្បន្នត្រូវ​រង់ចាំ​ការ​ព្រមព្រៀង​ពី​រដ្ឋាភិបាល​ក្នុង​ស្រុក​សិន មុន​ឈាន​ដល់​ការ​បើក​រោងចក្រ​ក្នុង​ទីក្រុង Zhejiang ជា​ផ្លូវការ។

កិច្ច​ព្រមព្រៀង​ថ្មី​នេះ កើត​ឡើង​ក្រោយ​ពេល​រដ្ឋាភិបាល​ចិន ប្រកាស​ពី​លក្ខខណ្ឌ​បើ​ក្រុមហ៊ុន​ក្រៅ​ស្រុក​ណា​មួយ​ចង់​បើក​រោងចក្រ​ផលិត​រថយន្ត​ក្នុង​ប្រទេស​ ចាំ​បាច់​ត្រូវ​រក​ដៃ​គូ​សហការ​ក្នុង​ស្រុក​ឲ្យ​បាន​សិន។ ថ្វី​បើ​ក្នុង​សេចក្ដី​ថ្លែងការណ៍​លើកឡើង​ពី​រថយន្ត​អគ្គិសនី ប៉ុន្តែ CNET បញ្ជាក់​ថា​ការ​ចាប់​ដៃ​គូ​រវាង​ក្រុមហ៊ុន​​ទាំង ២ ក៏​អាច​មាន​ឱកាស​ផលិត​មធ្យោបាយ​ធ្វើ​ដំណើរ​ចល័ត​ផ្សេង​ទៀត​ផង​ដែរ ដូច​ជា ម៉ូតូ, រថយន្ត​អគ្គិសនី​ផ្ទាល់​ខ្លួន​ខ្នាត​តូច និង​សេវា​ដឹក​ជញ្ជូន​ផ្សេង​ទៀត។​

កន្លង​ទៅ​កាល​ពី​ខែ​កញ្ញា​កាសែត WSJ ធ្លាប់​ចុះ​ផ្សាយ​ស្រដៀង​គ្នា ទាក់ទង​ប្រទេស​ចិន​ចាប់​ផ្ដើម​បន្ធូរបន្ថយ​ច្បាប់​ក្នុង​ការ​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​ក្រៅ​ស្រុក​មក​វិនិយោគ​លើ​រថយន្ត​អគ្គិសនី ដូច​ជា​ក្រុមហ៊ុន​កំពូល Tesla ប៉ុន្តែ Ford បាន​ចុះ MOU ជាមួយ Zotye តាំង​ពី​ខែ​សីហា​មក​ម្ល៉េះ។ ថ្វី​បើ Ford មាន​ឱកាស​ហក់​ចូល​ក្នុង​ទីផ្សារ​រថយន្ត​ធំ​បំផុត​ក្នុង​លោក តែ​អាច​រង​សម្ពាធ​ខ្លះ ស្រប​ពេល​គូ​ប្រកួត​ខ្លួន ក្រុមហ៊ុន GM ក៏​កំពុង​អភិវឌ្ឍ​លើ​គម្រោង​នោះ​ជា​បណ្តើរៗ​ហើយ។​

ប្រភព៖ theverge   ប្រែសម្រួល៖ កៅ រក្សា