ចំណុចខ្លះៗពីគុណភាពលេងរបស់កម្ពុជាយប់មិញ
- 2017-11-10 04:02:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចខ្លះៗពីគុណភាពលេងរបស់កម្ពុជាយប់មិញ
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបរាជ័យដោយថ្វីជើងក្រុមភ្ញៀវមីយ៉ាន់ម៉ាដោយលទ្ធផល ២-១ ក្នុងជំនួបមិត្តភាពនៅពហុកីឡដ្ឋានជាតិដែលមានអ្នកគាំទ្រទស្សនាប្រមាណ៤ម៉ឺន បើទោះជាមានឱកាសច្រើនក៏ដោយ។ បើនិយាយពីគុណភាពលេងនៅលើទីលានរបស់ក្រុមកម្ពុជាមានលក្ខណៈគួរឲ្យកត់សំគាល់មួយចំនួន។
ការលេងវគ្គទី១
បម្រើកណ្តាល៖ ទម្រង់លេងរបស់កម្ពុជារយៈពេល៤៥នាទីដំបូងបង្ហាញឲ្យកង្វះខាតគុណភាពរបស់កីឡាករខ្លះដែលសហការគ្នាមិនបានល្អឡើយ។ តំបន់បម្រើកណ្តាលបង្កើតឱកាសទៅតំបន់ស្លាបខាងឆ្វេង និងខាងស្តាំមិនបានល្អ។ ជារឿងៗត្រូវបានខ្សែការពាររបស់ដៃគូបិទជិត និងដាក់សម្ពាធដណ្តើមយកបាល់ទៅបាត់។ ចំណុចនេះទាមទារឲ្យលោកគ្រូ ប្រាក់ សុវណ្ណារ៉ាដកចេញបម្រើការពារកណ្តាល អ៊ុក សុធី ដោយដាក់ជំនួសវិញ ហ៊ួយ ផល្លីននៅនាទី៣៤។
តំបន់ការពារ៖ នៅដើមវគ្គទី១ ក៏មិនសូវខ្វះចន្លោះប៉ុន្មានដែរពោលគឺធ្វើបានល្អហើយ ប៉ុន្តែពេលខ្លះហាក់ដូចជាភាំងៗ ឬប្រចាំគ្នា។ អ្វីដែលគួរឲ្យកត់សំគាល់គឺបាល់ខ្ពស់លើកចូលប្រអប់គ្រោះថ្នាក់ ខ្សែការពារកម្ពុជាហាក់ដូចឈរប្រចាំគ្នានៅនាទី១៥ដែលធ្វើឲ្យកីឡាករមីយ៉ាន់ម៉ា Zaw Min Tun តែតចូលទីកម្ពុជាយ៉ាងស្រួលដោយគ្មានខ្សែការពារកម្ពុជាណាទៅរំខានឡើយ។
បម្រើស្លាប៖ បើនិយាយពីខ្សែបម្រើស្លាបវិញហាក់បង្ហាញឲ្យឃើញកង្វះគុណភាពបច្ចេកទេស ស្មារតីកីឡាករម្នាក់ៗ និងការបញ្ជូនបាល់ដៃគូឲ្យបានលឿនៗ។ អ្នកលេងស្លាបពេលទទួលបាល់ភ្លាមមិនបញ្ជូនភ្លាមទេព្យាយាមញាក់បាល់អូសចូល ឬទប់បាល់សិន ទម្រាំតែបោះបាល់ឲ្យដៃគូគឺខ្សែការពារគេបិទជិត និងដាក់សម្ពាធយកបាល់បាត់។ កីឡាករខ្លះហាក់ដូចជាមិនចង់បោះបាល់ឲ្យមិត្តរួមក្រុមសោះដោយព្យាយាមលេងម្នាក់ឯង និងស៊ុតយកតែម្តង។
តំបន់ប្រយុទ្ធ៖ សម្រាប់វគ្គទី១នេះ ខ្សែប្រយុទ្ធកម្ពុជាក៏មានឱកាសលេងនៅតំបន់គ្រោះថ្នាក់របស់មីយ៉ាន់ម៉ាជាច្រើនលើកដែរ។ ជាក់ស្តែងនៅនាទីទី៣២ ចាន់ វឌ្ឍនាកាស៊ុតបាល់ខុស។ ក្រៅពីនោះកម្ពុជាទទួលបានបាល់លើកពីជ្រុងជាច្រើន ប៉ុន្តែធ្វើមិនបានសម្រេច។
ការលេងវគ្គទី២
ចូលវគ្គទី២ ទម្រង់លេងរបស់ក្រុមជម្រើសជាតិកម្ពុជាបានប្រែប្រួល និងមានលក្ខណៈល្អប្រសើរជាងវគ្គទី១។ ការលេងយល់គ្នា និងវាយសម្រុកជាបន្តបន្ទាប់ពីបង្កើតឲ្យកម្ពុជាទម្លាយសំណាញ់ទីរបស់មីយ៉ាន់ម៉ា ដោយ ប្រាក់ មុន្នីឧត្តម នៅនាទី៥០ បន្ទាប់ពីទទួលបាល់ពីកែវ សុខផេង។
លោក ប្រាក់ សុវណ្ណារ៉ាបានផ្លាស់ប្តូរកីឡាករជាច្រើនក្នុងនោះខ្សែការពារ សុខ សុវណ្ណ ចេញជំនួសដោយ នុប តុលា និងឆេង ម៉េង ចេញជំនួសដោយ នេន សុធារ័ត្ន។ ខ្សែបម្រើស្លាបឆ្វេង កែវ សុខផេង ចេញជំនួសដោយ ទិត្យ ឌីណា និង ប្រាក់ មុន្នីឧត្តមចេញជំនួសដោយ ឈិន ឈឿន ព្រមទាំង សុះ ស៊ូហាណា ចេញជំនួយវិញដោយតាំង សុភ័ក្រ។
ទោះជាទម្រង់លេងរបស់កម្ពុជាកាន់តែប្រសើរ និងមានឱកាសសម្រុកគ្នាទៅវិញទៅមក។ ទីបំផុតនៅនាទី៧១តារាឆ្នើមរបស់មីយ៉ាន់ម៉ា Aung Thu រកគ្រាប់បាល់ជ័យជម្នះ។ បន្ទាប់ពីមីយ៉ាន់ម៉ានាំមុខ ២-១ កម្ពុជាលេងវាយសម្រុកកាន់តែល្អ ជាពិសេសខ្សែបម្រើ ទិត្យ ឌីណា តាំង សុភ័ក្រ និង គួច សុកុម្ភៈបានបង្កើតឱកាសល្អៗជាច្រើនលើកដើម្បីឲ្យខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកាស៊ុត ដែលធ្វើមិនបានសម្រេច ខណៈបម្រើការពារ សារ៉េត គ្រីយ៉ា លេងបានយ៉ាងល្អ។ និយាយរួមវគ្គទីពីរ ក្រុមកម្ពុជាលេងដោយការយល់ចិត្តគ្នា បញ្ជូនបាល់ឲ្យគ្នា និងទម្រង់លេងលឿនៗ ប៉ុន្តែគ្មានសំណាង៕