ភ្ញាក់ផ្អើល​មិន​ស្ទើរ ពេល​ដឹងម៉ាក​ទូរសព្ទ​សេដ្ឋី​ចិន​ Jack Ma

  • 2017-11-10 07:08:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្មាតហ្វូន​ចិន​ដូច​ជា​ Huawei, Oppo និង​ Vivo ជា​ដើម​ បាន​វាយ​ផ្ដាច់​ទីផ្សារ​ក្នុង​ប្រទេស​ចិន​ ប៉ុន្តែ​ផលិតផល​ដែល​លោក​ Jack Ma ​ប្រើ ​បែរ​ជា​ផលិតផល​​របស់ Apple ដែល​ជា​ក្រុមហ៊ុន​អាមេរិក​ទៅ​វិញ។

យោង​តាម​វិបសាយ​ Jingdaily ឲ្យ​ដឹង​ថា​​ ម្ចាស់​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ Alibaba មួយ​នេះ​ គាំទ្រ​នឹង​ការ​បង្កើត​ផលិតផល​ក្នុង​ស្រុក​​ណាស់​ ជា​ពិសេស​ទូរសព្ទ។ ហេតុ​នេះ​ការ​ដែល​គាត់​​ប្រើ​ iPhone ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ។

នៅ​បទ​បង្ហាញ​ក្នុង​កម្មវិធី​ CeBIT ប្រចាំ​ឆ្នាំ​ ២០១៥ លោក​ Jack Ma បាន​ប្រើ​ iPhone 6 Plus ដើម្បី​បង្ហាញ​ពី​មុខងារ​ចំណាំ​ផ្ទៃ​មុខ​ប្រើ​ជា​មួយ​កម្មវិធី​ Alipay។ នៅ​​លើ​​រូបភាព​ដែល​បញ្ចាំង​គេ​ឃើញ​ថា​​កម្មវិធី​ឌីហ្សាញ​​ឡើង​ជា​មួយ​ផ្ទៃ​ Interface របស់​ Android ប៉ុន្តែ​មហាសេដ្ឋី​រូប​នេះ​បែរ​ជា​យក​ iPhone មក​ធ្វើ​ការ​បង្ហាញ​ទៅ​វិញ។

​​​​​​សេដ្ឋី​វ័យ​ ៥៣ ឆ្នាំ​រូប​នេះ​ធ្លាប់​លើក​ឡើង​ពី​មូលហេតុ​ដែល​លោក​ប្រើ​ iPhone ក្នុង​កម្មវិធី​ CeBIT ថា ៖ "Apple មិន​មែន​ជា​អនាគត​នោះ​ទេ ប៉ុន្តែ​ Apple ជា​ក្រុមហ៊ុន​ដ៏​កម្រ​មួយ​ដែល​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា​​​អនាគត​​នឹង​ទៅ​ជា​យ៉ាងណា​”។

លោក Jack Ma បន្ត​ប្រើ​ iPhone 6 Plus ដើម្បី​ថត​រូប​ Selfie ជា​មួយ​នឹង​អ្នក​ដឹកនាំ​រឿង​ហូលីវូដ​ លោក​ Steven Spielberg។ រូប​ថត​ Selfie នេះ​ដែរ​ត្រូវ​បាន​បង្ហោះ​លើ​គណនី​របស់​លោក​ Jack Ma កាល​ពី​ខែ​មិថុនា​ កន្លង​ទៅ។

ជិត​ពីរ​ខែ​ក្រោយ​មក​​មហាសេដ្ឋី​រូប​នេះ​នៅ​តែ​បន្ត​ប្រើ​ iPhone ដើម្បី​ថត​ Selfie ​ជា​មួយ​នាយករដ្ឋមន្ត្រី​ប្រទេស​អ៊ីស្រាអែល​ ប៉ុន្តែ​ម្ដង​នេះ​គាត់​បាន​ប្ដូរ​ប្រើ​ iPhone 7 Plus ដែល​មាន​ស្រោប​ការពារ​ពណ៌​ខៀវ។

នៅ​ពេល​មក​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ កាល​ពី​ដើម​សប្ដាហ៍​នេះ​ ម្ចាស់​ក្រុមហ៊ុន​ Alibaba រូប​នេះ​ក៏​បាន​ប្រើ​ iPhone ដើម្បី​ថត​​យក​ទិដ្ឋភាព​ក្នុង​កម្មវិធី​ដែរ។ iPhone ដែល​លោក​ប្រើ​មាន​ពណ៌​លឿង​ ដែល​ប្រហែល​ជា​ iPhone 7 Plus ឬ iPhone 8 Plus៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម