ឪពុកម្ដាយមានកូនអាយុក្រោម២ឆ្នាំ គួរយល់ដឹងពីអាការៈជំងឺរលាកទងសួត
- 2017-11-13 05:56:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឪពុកម្ដាយមានកូនអាយុក្រោម២ឆ្នាំ គួរយល់ដឹងពីអាការៈជំងឺរលាកទងសួត
ចន្លោះមិនឃើញ
ជំងឺរលាកទងសួត ជាជំងឺរលាកផ្លូវដង្ហើមក្រោម ដែលភា្នក់ងារបង្កនៃជំងឺនេះ គឺពពួកវីរុស។ ប្រភេទជំងឺនេះ ឧស្សាហ៍កើតលើកុមារតូចៗ ដែលមានអាយុក្រោម ២ឆ្នាំ ជាពិសេសទារកទើបកើតបាន២ខែ។ ជាមួយគ្នានេះ វេជ្ជបណ្ឌិតរោគកុមារ បានប្រាប់Sabay ថា ជំងឺនេះ មានអាការៈមិនខុសពីជំងឺផ្ដាសាយប៉ុន្មានទេ ប៉ុន្តែវានឹងប្រែប្រួលទៅតាមសុខភាពរបស់ក្មេង។
លោកស្រី គុជ ឆោមដាលីន វេជ្ជបណ្ឌិតរោគកុមារ នៃមន្ទីរពេទ្យ HOPE បានមានប្រសាសន៍ថា ដំបូងវាឲ្យកុមារមានរោគសញ្ញាដូចជា ក្តៅខ្លួន ហៀរសំបោរ តឹងច្រមុះ ហៀរទឹកមាត់ ក្អក ឈឺសន្លាក់ សាច់ដុំ។ ប៉ុន្តែនៅថ្ងៃបន្ទាប់ ក្មេងស្រាប់តែវិវត្តទៅជាពិបាកដកដង្ហើម ឬដកដង្ហើមញឹកញាប់ ដោយអាចសម្គាល់សង្ហើមកុមារមានសំលេងង៉ើតៗ ហើយបើវិវត្តធ្ងន់ធ្ងរជាងនេះ គឺបេះដូងដើរញាប់ មានន័យថា កុមារដកដង្ហើមផឺតផតជ្រៅៗនៅចន្លោះ ក្រោមឆ្អឹងជំនី លើឆ្អឹងសន្ទះទ្រូង ឬលើឆ្អឹងដងកាំបិត ច្រមុះកុមារឡើងរីកពេលប្រឹងដកង្ហើមចូល។ បន្ទាប់មកទៀត កុមារលែងសូវញ៉ាំ អស់កម្លាំង ក្អួតញឹកញាប់ ហើយជួនកាលលឺសម្លេងថ្ងូរ។
លោកស្រីបន្តថា «បើកុមារធ្ងន់ធ្ងរជាងនេះទៀត គឺប្ដូរពណ៌សំបុរ ជាសញ្ញាខ្វះអុកស៊ីសែន...ស្បែកទៅជាស្វាយ ឬខៀវ ដែលគេសង្កេតលើក្រចក និងបបូរមាត់...ហើយភ្នែកសន្លឹម គ្មានការឆ្លើយតបជាមួយយើង»។ វេជ្ជបណ្ឌិតរូបនេះបញ្ជាក់ថា បើម្ដាយឪពុកបណ្ដោយឲ្យកូនមានអាការៈដូចរៀបរាប់នេះយូរពេក កូននឹងអាចមានគ្រោះថ្នាក់ដល់ជីវិត ព្រោះបើកុមារខ្វះអុកស៊ីសែនចិញ្ចឹមខួរក្បាល ក្មេងនឹងត្រូវពិការភាពខួរក្បាល។
កត្តាប្រឈមដែលធ្វើឲ្យកុមារកើតជំងឺនេះ ដោយសារ កុមារស្រូបក្លិនផ្សេងបារី ក្មេងកើតមិនគ្រប់ខែ ជំងឺតំណពូជ ក្មេងមិនមានអង់ទីក័រដោយមិនបានបៅដោះម្ដាយពេលចាប់កំណើត និង ការរស់នៅប្រមូលផ្ដុំជាដើម។
ដំបូន្មានរបស់លោកស្រីវេជ្ជបណ្ឌិត បានមានប្រសាសន៍ថា វាអាស្រ័យទៅលើអាការៈប្រែប្រួលរបស់ក្មេង។ លោកស្រីថា ការព្យាបាលមានពីរប្រភេទ៖
ទី១. ការព្យាបាលនៅផ្ទះ
អាការៈដំបូង ឪពុកម្ដាយគួរយកកូនទៅជួបគ្រូពេទ្យ ដើម្បីយកថ្នាំឲ្យកូនលេបវេជ្ជបញ្ជា។ បន្ទាប់មកជម្រុញកូនឲ្យកូនញ៉ាំទឹក បើកូននៅអឹម ត្រូវឲ្យអឹមឲ្យច្រើនដង និងសម្រាកឲ្យបានគ្រប់គ្រាន់។ ជាពិសេសប្រសិនបើកូនមានស្លេស ឬសំបោរនៅជាប់មាត់ ត្រូវតែលាងឲ្យបានស្អាត ដើម្បីក្មេងស្រួលដកដង្ហើម។
ទី២. ការព្យាបាលនៅពេទ្យ
ពេលក្មេងមានអាការៈធ្ងន់ធ្ងរ ក្មេងលែងញ៉ាំអ្វីទាំងអស់ ហើយហត់ខ្លាំង ត្រូវតែបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីបាញ់បញ្ចូលអុកស៊ីសែន ដាក់សារ៉ូម និងព្យាបាល៕