OnePlus 5T អាចស្កេនមុខដោះសោ តម្លៃថោកជាង iPhone X ពាក់កណ្ដាល
- 2017-11-17 02:18:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
OnePlus 5T អាចស្កេនមុខដោះសោ តម្លៃថោកជាង iPhone X ពាក់កណ្ដាល
ចន្លោះមិនឃើញ
យប់មិញនេះ OnePlus 5T ដែលជាអ្នកបន្តតំណែង OnePlus 5 បានបង្ហាញខ្លួនជាផ្លូវការ ជាមួយការផ្លាស់ប្ដូរជាច្រើន។
ចំណុចផ្លាស់ប្ដូរធំបំផុតគឺនៅត្រង់រចនាបថផ្ទៃអេក្រង់ខាងមុខ ដោយមានស៊ុមអេក្រង់រាងស្ដើងដូចជាស្មាតហ្វូនកំពូលៗដទៃទៀតដែរ។ នេះជាហេតុធ្វើឲ្យ OnePlus 5T មានទំហំអេក្រង់ដល់ ៦,០១ អ៊ីញ តែមានទំហំរូបរាងប្រហាក់ប្រហែលនឹង OnePlus 5 ដែលមានអេក្រង់ ៥,៥ អ៊ីញដែរ។ OnePlus 5T ប្រើអេក្រង់ AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត 1080 x 2160។
ដោយសារតែមានស៊ុមអេក្រង់ស្ដើង ហេតុនេះប៊ូតុង Home ត្រូវបានដកចេញ ហើយទ្រនាប់ស្កេនខ្ចៅដៃត្រូវប្ដូរទីតាំងទៅនៅផ្នែកខាងក្រោយវិញ។
ចំណុចផ្លាស់ប្ដូរធំបន្ទាប់គឺនៅលើកាមេរ៉ាខាងក្រោយ។ OnePlus 5 ជាស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុនដែលមានប្រព័ន្ធកាមេរ៉ាភ្លោះ មានឡេនមេជាប្រភេទ Wide-Angle និងឡេនមួយទៀតជាប្រភេទ Telephoto។ ប៉ុន្តែប្រព័ន្ធកាមេរ៉ាភ្លោះនេះត្រូវបានផ្លាស់ប្ដូរលើ OnePlus 5T ដោយមានឡេនមេជាប្រភេទ Wide-Angle ដដែល ទំហំ ១៦ MP និងឡេនមួយទៀតជាប្រភេទ Wide-Angle ដូចគ្នា ប៉ុន្តែមានទំហំដល់ ២០ MP។
ឡេនទីពីរនេះមានសមត្ថភាពអាចត្របាញ់ភីកសែលចំនួន ៤ ទៅជាភីកសែលតែមួយបាន ដើម្បីកាត់បន្ថយ Noise ពេលថតរូបនៅទីងងឹត។ ឡេនទាំងពីរគ្រាប់នេះមានកម្រិត Aperture f/1.7 ដូចគ្នា។ ក្រុមហ៊ុន OnePlus និយាយថា ស្មាតហ្វូននេះអាចដឹងពីស្ថានភាពងងឹតបាន ហើយនឹងប្ដូរប្រើឡេនទីពីរដើម្បីថតរូបពេលងងឹត។
ចំពោះការថត Portrait Mode ដែលជារូបភាពច្បាស់មុខ ព្រាលក្រោយ នៅតែមានលើ OnePlus 5T ដដែល តាមរយៈការប្រើប្រាស់ Software និងរូបមន្តដ៏ឆ្លាតវៃ។
OnePlus 5T ជាស្មាតហ្វូនដំបូងរបស់ OnePlus ដែលមានមុខងារ Face Unlock អាចដោះសោដោយប្រើផ្ទៃមុខ។ ប៉ុន្តែមុខងារនេះមិនមែនស្កេនជាលក្ខណៈ 3D ដូចជា iPhone X នោះទេ ហេតុនេះកម្រិតសុវត្ថិភាពរបស់វានៅខ្សោយនៅឡើយ។
ក្រៅពីចំណុចថ្មីៗខាងលើនេះ ចំណុចដទៃទៀតដែលមានលើ OnePlus 5 នៅតែបន្តមានលើ OnePlus 5T ដូចជាបន្ទះឈីប Snapdragon 835, RAM ទំហំ ៦ GB ឬ ៨ GB, អង្គផ្ទុកទិន្នន័យ ៦៤ GB ឬ ១២៨ GB, ថ្មទំហំ ៣៣០០ mAh និង រន្ធកាស 3.5 mm។
OnePlus 5T នឹងចេញលក់នៅថ្ងៃទី ២១ ខែវិច្ឆិកានៅក្នុងប្រទេសជាច្រើនលើសកលលោក ដោយនៅសហរដ្ឋអាមេរិកប្រភេទ RAM ៦ GB/ អង្គផ្ទុកទិន្នន័យ ៦៤ GB មានតម្លៃ ៤៩៩ ដុល្លារ៕