បើ​មេកើយបញ្ចេញ​កាយវិការប្លែកៗ ៥យ៉ាង​នេះ ដឹងតែឡើងប្រាក់ខែក្រឺតៗហើយ

  • 2017-11-20 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​បុគ្គលិក​ក្រុមហ៊ុន​ម្នាក់​អ្នក​ណា មិន​ចង់​បាន​ប្រាក់​ខែ​ច្រើន។ ប៉ុន្តែ​ប្រាក់​ខែ​មិន​មែន​ចេះ​តែ​ឡើង​ក្រឺត​ទេ​បើ​យើង​មិន​មាន​អ្វី​ពិសេស។ ប្រសិន​បើ​យើង​ជា​បុគ្គលិក​ឆ្នើម​ម្នាក់​ក្នុង​ក្រុមហ៊ុន ប្រាកដ​ជា​ដឹង​ពី​សមត្ថភាព​របស់​ខ្លួន​ឯង​ជាក់​ជា​មិន​ខាន ហើ​យបើ​សិន​ជា​ថ្នាក់​ដឹក​នាំ​របស់​យើង បញ្ចេញ​កាយវិការ ៥​យ៉ាង ដូច​ខាង​ក្រោម​នេះ​ទៀត​ដឹង​តែ​ត្រៀម​សប្បាយ​ចិត្ត​ឲ្យ​ហើយ​ទៅ។

១. នៅ​សុខៗ​ស្រាប់​តែ​សួរ​ថា​ប្រាក់​ខែ​ប៉ុណ្ណឹង​ចាយ​គ្រាន់​ទេ?

ករណី​នេះ​មិន​ងាយ​នឹង​កើត​មាន តែ​បើ​សិន​យើង​ជា​បុគ្គលិក​តស៊ូ ស្វិតស្វាញ​នឹង​ការងារ​ខ្លាំង មិន​ដែល​ត្អូញត្អែរ និង​មាន​គុណសម្បត្តិ​ច្រើន នោះ​មេកើយ​របស់​អ្នក​នឹង​សួរ​ថា ប្រាក់​ខែ​ប៉ុណ្ណឹង​ចាយ​គ្រាន់​ទេ? ដូច្នេះ​ជា​សញ្ញាណ​មួយ​បញ្ជាក់​ថា គាត់​នឹង​ពិចារណា​ឡើង​ប្រាក់​ខែ​ឲ្យ​ហើយ។ ចំណែក​ឯ​ចម្លើយ​ដ៏​ល្អ​បំផុត​គួរ​ឆ្លើយ​ថា «រឿង​ប្រាក់​ខែ​ប៉ុន្មាន​ក៏​ចាយ​មិន​គ្រាន់​ដែរ អាស្រ័យ​លើ​ការ​ចេះ​សន្សំ​សំចៃ តែ​បើ​ប្រាក់​ខែ​ច្រើន គឺ​អាច​មាន​លទ្ធភាព​សន្សំ​បាន​ខ្លះ»។

២. គាត់​មក​សួរ​យើង​ថា ការងារ​ច្រើន​អ៊ីចឹង​ទៅ​រួច​អត់?

បើ​គាត់​សួរ​បែប​នេះ មាន​ន័យ​ថា គាត់​ដឹង​ថា​យើង​ខិតខំ​ធ្វើការងារ​ប៉ុណ្ណា ហើយ​ការងារ​ច្រើន​យ៉ាងណា​ និង​បង្ហាញ​អំពី​ការ​យក​ចិត្ត​ទុកដាក់​ខ្វល់ខ្វាយ​ពី​យើង។ នេះ​ស​បញ្ជាក់​កាន់​តែ​ច្បាស់​ទៀត​ថា គាត់​នឹង​អាច​ដំឡើង​ប្រាក់​ខែ​ឲ្យ​កាន់​តែ​ច្រើន​ថែម​ទៀត ឲ្យ​សក្ដិសម​នឹង​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​យើង។

៣. មួយ​រយៈ​ចុង​ក្រោយ​គាត់​ឧស្សាហ៍​ទម្លាក់​ការងារ​សំខាន់​ឲ្យ​យើង​ធ្វើ

បន្ទាប់​ពី​យើង​ធ្វើ​ការ​បាន​ល្អ សម្រេច​ជោគជ័យ​បាន​ច្រើន និង​ផ្ដល់​ផល​ប្រយោជន៍​ឲ្យ​ក្រុមហ៊ុន​បាន​ច្រើន នោះ​ការងារ​សំខាន់ៗ​ផ្សេង​ទៀត គាត់​នឹង​ទម្លាក់​ឲ្យ​យើង​ធ្វើ ព្រោះ​តែ​ការ​ជឿជាក់​។ ដូច្នេះ​គាត់​ប្រាកដ​ជា​លៃលក​ប្រាក់​ខែ​ឲ្យ​សម​នឹង​ទំហំ​ការងារ និង​សមត្ថភាព​របស់​យើង​ហើយ មិន​មែន​នៅ​ដដែល​ទេ។

៤. ប្រជុំ​ជាមួយ​ថ្នាក់​ដឹកនាំ​សំខាន់ៗ​ឥឡូវ​ស្រាប់​តែ​ហៅ​យើង​ចូលដែរ

ចម្លែក​ទេ ដែល​យើង​អាច​ចូល​ប្រជុំ​ស្ដាប់​ផែនការ​ធំៗ​របស់​ក្រុមហ៊ុន? នេះ​កាន់​តែ​ច្បាស់​ហើយ ដែល​ក្រុមហ៊ុន​ប្រាកដ​ជា​ដំឡើង​តំណែង និង​ប្រាក់​ខែ​ឲ្យ​យើង​ជាក់​ជា​មិន​ខាន មិន​មែន​យើង​បុគ្គលិក​ធម្មតា សមត្ថភាព​ធម្មតាៗ មាន​ឱកាស​បែប​នេះ​ទេ។ ដូច្នេះ​ត្រៀម​សប្បាយ​ចិត្ត​ឲ្យ​ហើយ​ទៅ។

៥. ឧស្សាហ៍​លើក​សរសើរ​យើង​ញឹកញាប់

គាត់​ឧស្សាហ៍​លើក​សរសើរ​ចំៗ​នៅ​នឹង​មុខ​យើង ពី​រឿង​លទ្ធផល​ការងារ និង​សួរ​សុខទុក្ខ​យើង​ច្រើន​លើស​ពី​ធម្មតា ជួនកាល​សរសើរ​នៅ​មុខ​អ្នក​ដទៃ​ទៀត​ផង។ បើ​ឧស្សាហ៍​សរសើរ​ញឹកញាប់​ម្ល៉ឹងៗ​ចាំ​ផ្ទៀងផ្ទាត់​ប្រាក់​ខែ​ ខែ​ក្រោយ​សាក​មើល​ប្រាកដ​ជា​ច្រើន​ជាង​មុន​មិន​ខាន៕

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

ប្រភព៖ គំនិតអ្នកជោគជ័យ

អត្ថបទថ្មី