៥​យ៉ាង​មិន​អាច​ជៀសផុត​នៅ​កន្លែង​ធ្វើការ បើ​មិន​ចេះ​ទ្រាំ​មុខ​ជា​ប្ដូរ​ការងារ​រហូត

  • 2017-10-09 03:39:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​លោក​នេះ គ្មាន​អ្វី​ដែល​អាច​បំពេញ​ចិត្ត​ខ្លួន​ឯង​គ្រប់​បែប​យ៉ាង​បាន​ទេ ទាមទារ​ឱ្យ​ចេះ​សម្រប​ខ្លួន​ ចេះ​បត់បែន​គ្រប់​កាលៈទេសៈ ទើប​អាច​ឆ្លង​កាត់​រឿង​ជា​ច្រើន​ក្នុង​ជីវិត​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន។ មិន​ខុស​អី​ពី​អ្នក​ធ្វើ​ការ​ក្នុង​អង្គភាព​មួយ​ មិន​មែន​ចេះ​តែ​ជួប​រឿង​ត្រូវ​ចិត្ត​រហូត​នោះ​ទេ បើ​មិន​ចេះ​អត់​ធ្មត់​ មិន​ចេះ​ទ្រាំ​ ប្រាកដ​ជា​ត្រូវ​ផ្លាស់​ប្ដូរ​ការងារ​តែ​រហូត​ហើយ។ ខាង​ក្រោម​នេះ​ជា​រឿង​មិន​អាច​ជៀស​ផុត​នៅ​កន្លែង​ការងារ ត្រូវ​រៀន​សម្រប​ខ្លួន ទើប​អាច​បំពេញ​ការងារ​កន្លែង​ណា​មួយ បាន​យូរ​អង្វែង៖

១. មិន​ងាយ​នឹង​ទទួល​ពាក្យ​សរសើរ​ទោះ​ខំ​យ៉ាង​ណា​ក៏​ដោយ

ជា​ធម្មតា បុគ្គលិក​ម្នាក់​ៗ​តែង​ចង់​ទទួល​បាន​ពាក្យ​សរសើរ​លើក​ទឹក​ចិត្ត​ពី​មេ​កើយ​របស់​ខ្លួន ពេល​បំពេញ​ការងារ​អ្វី​មួយ​បាន​ល្អ​បំផុត។ ប៉ុន្តែ​ក្នុង​ផ្នត់​គំនិត ភាព​ជា​អ្នក​ដឹក​នាំ​ក្នុង​ក្រុមហ៊ុន​មួយ ពាក្យ​សរសើរ​រាល់​ថ្ងៃ​ពេក​ទៅ​កាន់​បុគ្គលិក​អាច​ជា​រឿង​ល្អ តែ​ក៏​អាច​ជា​រឿង​មិន​សូវ​ល្អ​ដែរ។ ពេល​ខ្លះ​ការ​សរសើរ​ញឹកញាប់​ពេក​អាច​ឱ្យ​បុគ្គលិក​នោះ​ភ្លេច​ពី​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន អាច​មាន​ភាព​អំនួត​ជ្រុល​លើ​ខ្លួន​ឯង ហើយ​ក៏​ជា​ភាព​លំអៀង​សម្រាប់​បុគ្គលិក​ដទៃ។ ដូចនេះ​ក្នុង​នាម​ជា​អ្នក​ធ្វើ​ការ​មួយ​រូប យើង​ប្រាកដ​ជា​ដឹង​ខ្លួន​ឯង​ហើយ ថា​ធ្វើ​ការ​ល្អ ឫ​មិន​ល្អ ហើយ​ក៏​មិន​ត្រូវ​ឆាប់​អន់​ចិត្ត​ដែរ​នូវ​ពេល​មិន​សូវ​ទទួល​បាន​ពាក្យ​សរសើរ​លើក​ទឹក​ចិត្ត។

២. ពេល​ខ្លះ​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត​ម្ដង​ម្កាល​ចង់​លា​ឈប់

គ្មាន​អ្វី​ដែល​ល្អ​ប្រសើរ​រហូត​ទេ ហើយ​ក៏​គ្មាន​អ្វី​ទៀង​ទាត់​ត្រូវ​ចិត្ត​រហូត​នោះ​ដែរ។ ជាក់​ស្ដែង​ក្នុង​រង្វង់​ការងារ​តែង​ជួប​ឧបសគ្គ​ពិបាក​ឆ្លងកាត់ ការ​ស្ដី​បន្ទោស​ពី​មេ​កើយ​​ ការ​អន់​ចិត្ត តូច​ចិត្ត​។ល។ ដូច្នេះ​ហើយ​ទាមទារ​ឱ្យ​អ្នក​ធ្វើ​ការ​ទាំង​ឡាយ តាំង​ចិត្ត​ឱ្យ​រឹង​មាំ មាន​ភាព​ជា​អ្នក​ដឹក​នាំ​ក្នុង​ខ្លួន មិន​មែន​ឱ្យ​តែ​ជួប​បញ្ហា​អ្វី​តែង​តែ​ឆាប់​បាក់​ទឹក​ចិត្ត​ចង់​លា​ឈប់​នោះ​ទេ។ ប្រសិន​បើ​ធ្វើ​ចំណុច​នេះ​មិន​បាន​ទេ ទោះ​ទៅ​ដល់​ក្រុមហ៊ុន​ណា​ក៏​នៅ​តែ​ដដែល​ៗ​គ្មាន​អ្វី​រីក​ចម្រើន​ឡើយ។

៣. ពេល​ខ្លះ​ហាក់​សម្រប​ខ្លួន​សឹង​មិន​ទាន់​ចំពោះ​ការ​ផ្លាស់​ប្ដូរ

ក្នុង​ពេល​ដែល​​កំពុង​ពេញ​ចិត្ត​នឹង​តំណែង​ដែល​ខ្លួន​ឯង​កំពុង​ធ្វើ ឫ​ពេញ​ចិត្ត​នឹង​បរិយាកាស​ការងារ​នោះ​ហើយ ស្រាប់​តែ​នៅ​សុខ​ៗ​ក្រុមហ៊ុន​ផ្លាស់​ប្ដូរ​រចនា​សម្ព័ន្ធ​ភ្លាមៗ ទាំង​យើង​មិន​បាន​ត្រៀម​ខ្លួន។ ដូច្នេះ​សូម​កុំ​ទាន់​ភ្ញាក់​ផ្អើល​ ឫ​ប្រតិកម្ម​ ចំពោះ​ការ​ផ្លាស់​ប្ដូរ​ ជួន​កាល​អាច​មក​ពី​ថ្នាក់​ដឹកនាំ​ឃើញ​ពី​សមត្ថភាព​របស់​យើង​ថា​សក្ដិសម​នៅ​កន្លែង​ណា​មួយ ឫ​មួយ​មក​ពី​ក្រុមហ៊ុន​ចង់​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ដើម្បី​ភាព​រីក​ចម្រើន។ ដូច​នេះ​យើង​ត្រូវ​តែ​ចេះ​បត់បែន​គ្រប់​កាលៈទេសៈ នោះ​ទើប​សក្ដិសម​ជា​បុគ្គលិក​ពោរពេញ​ដោយ​សមត្ថភាព​ម្នាក់។

៤. ថ្នាក់​ដឹកនាំ​ចេះ​តែ​បន្ថែម​ការងារ​ដោយ​គ្មាន​សួរ​មួយ​ម៉ាត់

ត្រង់​ចំណុច​នេះ គឺ​សំដៅ​ទៅ​លើ​សម្ពាធ​ការងារ ដែល​គ្មាន​នរណា​អាច​ជៀស​ផុត ក្នុង​នាម​ជា​បុគ្គលិក​ម្នាក់។ ដូច្នេះ​សូម​កុំ​ភ្ញាក់ផ្អើល​នឹង​ការ​បន្ថែម​ការងារ​ កុំ​ទាន់​ប្រកែក​ពេល​ទទួល​ការងារ​ថ្មីៗ​បន្ថែម​ទៀត​ពី​ថ្នាក់​លើ។ ចំណុច​នេះ​អាច​មក​ពី​ថ្នាក់​ដឹកនាំ​ចង់​សាក​ល្បង​សមត្ថភាព ថា​យើង​អាច​ធ្វើ​បាន​កម្រិត​ណា ស្រួល​មិន​ស្រួល​ យើង​អាច​នឹង​ឡើង​តំណែង ឡើង​ប្រាក់​ខែ​ទៀត​ផង។

៥. អាច​ប៉ះ​ទង្គិច​ជាមួយ​មិត្ត​រួម​ការងារ

ជា​បុគ្គលិក​ម្នាក់​ទោះ​ខំ​ព្យាយាម​ធ្វើ​ខ្លួន​ល្អ​ប៉ុណ្ណា​ក៏​ដោយ ក៏​នៅ​តែ​ជៀស​មិន​ផុត ដោយ​ការ​ប៉ះ​ទង្គិច​ពាក្យ​សម្ដី ការ​អាក់អន់​ស្រពន់​ចិត្ត​ជា​មួយ​មនុស្ស​ជុំវិញ​ខ្លួន។ បែប​នេះ​ហើយ​ទើប​ត្រូវ​រៀន​ធ្វើ​ចិត្ត​ឱ្យ​នឹងន ត្រូវ​ចេះ​សម្រប​ខ្លួន​គ្រប់​ប្រភេទ​មនុស្ស កុំ​ចង់​ចាញ់​ចង់​ឈ្នះ​ជាមួយ​អ្នក​ណា សំខាន់​ត្រូវ​ខំ​បំពេញ​ការងារ​ឱ្យ​អស់​ពី​សមត្ថភាព៕​​

ចុចអានអត្ថបទពាក់ព័ន្ធ៖

​​

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

ប្រភព៖ គំនិតអ្នកជោគជ័យ