ចរិត ៦យ៉ាងនេះ ទោះនៅកន្លែងណា ដឹងតែគ្មានអ្នកណាហ៊ានមើលងាយទេ
- 2017-09-06 02:38:21
- ចំនួនមតិ 1 | ចំនួនចែករំលែក 1616
ចរិត ៦យ៉ាងនេះ ទោះនៅកន្លែងណា ដឹងតែគ្មានអ្នកណាហ៊ានមើលងាយទេ
ចន្លោះមិនឃើញ
ប្រឡូកក្នុងសង្គម តែងមានអ្នកស្រឡាញ់ អ្នកស្អប់ គឺជារឿងធម្មតា ប៉ុន្តែបើធ្វើជាមនុស្សដែលគេស្រឡាញ់ចូលចិត្តច្រើនជាងស្អប់ ទើបជារឿងល្អបំផុតសម្រាប់មនុស្សម្នាក់ៗ។ ដូច្នេះតើគួររៀបចំឥរិយាបថ បែបណាខ្លះ ទើបអ្នកដទៃគោរពស្រឡាញ់រាប់អាន? ខាងក្រោមនេះជាចំណុចសំខាន់បំផុត ដើម្បីធ្វើជាមនុស្សមានតម្លៃខ្ពស់ គ្រប់ពេលវេលា គ្រប់ទីកន្លែង៖
១. កុំធ្វើញញើតញញើមពេកពេលជួបជាមួយអ្នកមានតំណែងធំជាង
ពេលនៅក្បែរជាមួយអ្នកដែលមានតំណែងខ្ពស់ជាងខ្លួន រៀនសូត្រខ្ពស់ជាង គ្រាន់តែរៀបឫកសមរម្យ សុភាពរាបសា ថ្លៃថ្នូរ ពាក្យសម្ដីចេះគួរសម មិននិយាយលើសលួស ប៉ុន្តែក៏មិនត្រូវបន្ទាបតម្លៃខ្លួនឯងជ្រុលពេកដែរ។ ត្រូវដឹងថា ការបន្ទាបតម្លៃខ្លួនឯង ឫឱ្យតម្លៃខ្លួនឯងគឺស្ថិតនៅត្រង់ចំណុចនេះហើយ ពេលដែលនៅក្បែរអ្នកធំជាងខ្លួន តែនៅរក្សាភាពជាម្ចាស់ការខ្លួនឯង ទើបធ្វើឱ្យភាគីម្ខាងទៀតឱ្យតម្លៃខ្ពស់ មកលើយើង។
២. កុំដំឡើងឫក កុំពើងទ្រូងចំពោះអ្នកទាបជាងខ្លួន
មនុស្សមួយចំនួន ចូលចិត្តឱ្យតម្លៃខ្លួនឯងខ្ពស់ មានមោទនភាពជ្រុល ពេលនៅក្បែរអ្នកតូចទាបជាងខ្លួន គិតថាអ្នកដទៃមិនស្មើខ្លួន។ ត្រូវចាំថា ចំណេះដឹង និងសុជីវធម៌ សីលធម៌ដើរទន្ទឹមគ្នា បើមានតែចំណេះដឹង តំណែងធំ តែគ្មានសីលធម៌ក្នុងខ្លួន ក៏អ្នកផងមិនឱ្យតម្លៃដែរ។ ដូច្នេះត្រូវចេះបត់បែនតាមកាលៈទេសៈ រៀបចំឥរិយាបថឱ្យប្រពៃទៅតាមពេលវេលា ទីកន្លែង និងបរិយាកាស នោះមិនថានៅទីណាមានតែអ្នកស្រឡាញ់ចូលចិត្ត។
៣. ចូលចំណោមគ្រប់ប្រភេទមនុស្ស
ការប្រកាន់បក្សពួក ចូលចិត្តវាយតម្លៃមនុស្សតែសំបកក្រៅ ក៏ជារឿងគួរជៀសវាង ប្រសិនបើចង់ឱ្យអ្នកដទៃគោរពស្រឡាញ់។ នៅត្រង់ចំណុចនេះ មានន័យថា ទោះមនុស្សបែបណា ចរិតបែបណា ក៏មិនមែនជាសត្រូវរបស់យើង ជួនកាលមនុស្សដែលគ្រប់គ្នាគិតថា អាក្រក់តែគេស្រាប់តែក្លាយជាមិត្តល្អសម្រាប់យើង។ យ៉ាងណាក្ដី ត្រូវមានគោលជំហរខ្លួនឯង ត្រូវរៀនសង្កេតប្រភេទមនុស្ស មិនប្រកាន់ខ្លួន តែក៏មិនងប់ងុល ទោះទៅដល់ទីណាក៏មានតែមិត្តភាព។
៤. មិនទម្លាប់អត្តនោម័តិលើគំនិតខ្លួនឯង
អ្នកដទៃស្រឡាញ់ ឫស្អប់ក៏ស្ថិតនៅត្រង់ចំណុចនេះដែរ។ ត្រូវរៀនទទួលយកគំនិត យោបល់អ្នកដទៃ កុំគិតថាខ្លួនឯងជាមនុស្សពូកែលើសគេ គិតអ្វីត្រូវ ធ្វើអ្វីក៏បានសម្រេចឱ្យសោះ តែត្រូវយកគំនិតទាំងនោះ មកបញ្ចូលគ្នាជាមួយគំនិតខ្លួនឯង ហើយព្យាយាមរកចំណុចល្អរួមមួយ ទើបជាការប្រសើរ។
៥. តែងមានគំនិតវិជ្ជមានចំពោះមនុស្សជុំវិញខ្លួន
ប្រសិនបើសម្លឹងទៅពិភពលោក តែក្នុងគំនិតអវិជ្ជមាន នោះនឹងគ្មានសេចក្ដីសុខក្នុងផ្លូវចិត្តទេ ហើយក៏គ្មានមិត្តភាពពិតប្រាកដដែរ។ ដូច្នេះត្រូវបើកចិត្តឱ្យទូលាយ ត្រូវគិតក្នុងផ្លូវវិជ្ជមាន តែងមានស្នាមញញឹមទៅកាន់មនុស្សជុំវិញខ្លួន ធ្វើខ្លួនឱ្យជាទីរាប់អានសម្រាប់អ្នកដទៃ នោះក្ដីស្រឡាញ់ ភាពស្រស់ស្រាយនឹងកើតមានជារៀងរាល់ថ្ងៃ។
៦. មិននិយាយច្រើនឥតប្រយោជន៍តែមួយម៉ាត់ៗធ្វើឱ្យគេគោរព
ចេះពេក ដឹងពេក សុទ្ធតែជារឿងគួរជៀសវាង សម្រាប់មនុស្សមានចំណេះដឹង និងសមត្ថភាពពិតប្រាកដ។ កាលណានិយាយច្រើនពេកទៅជាឥតប្រយោជន៍ ធ្វើឱ្យអ្នកដទៃបន្ទាបតម្លៃ ឫគិតថាយើងជាមនុស្សពូកែអួតអាងទៅវិញទេ។ ប្រសិនបើនិយាយ គឺនិយាយត្រូវសាច់រឿង និយាយឱ្យមានប្រយោជន៍ និយាយហើយមានដំណោះស្រាយល្អៗ គ្រប់ពេលមានបញ្ហា ទើបជាការប្រសើរ៕
ចុចអានអត្ថបទពាក់ព័ន្ធ៖
អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ
ប្រភព៖ គំនិតអ្នកជោគជ័យ