Connexion បង្កើនការយល់ដឹងអំពីជំងឺមហារីកសុដន់តាមរយៈសិល្បៈ ជាមួយនិងការត្រួតពិនិត្យជាបឋម

  • 2025-10-30 03:11:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ ភ្នំពេញ - ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់សុខភាពស្ត្រី ក្រុមហ៊ុន អូស៊ីអាយស៊ី(OCIC) និងមន្ទីរពេទ្យ អ៊ីនធ័រឃែរ (Intercare Hospital) សហការជាមួយអង្គការ Douleurs Sans Frontières Cambodia (DSF Cambodia) វិទ្យាស្ថាន the Institut de recherche pour le développement (IRD) អង្គការក្រៅរដ្ឋាភិបាល Toutes à l’École Cambodia និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) បានដឹកនាំកម្មវិធីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ដោយមានការចូលរួមពីសហគមន៍នៅអគារ Connexion កោះពេជ្រ ក្រោមប្រធានបទ «ការរកឃើញទាន់ពេលវេលាមានភាគរយខ្ពស់ក្នុងការព្យាបាលជំងឺមហារីកសុដន់»។

ព្រឹត្តិការណ៍នេះបើកឱកាសសម្រាប់មនុស្សគ្រប់គ្នា ហើយបានស្វាគមន៍នូវអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ និស្សិត និងសហគមន៍នៅពេលរសៀលសម្រាប់ការពិនិត្យសុខភាពដោយឥតគិតថ្លៃរួមទាំង សកម្មភាពអប់រំ និងសិល្បៈបំផុសគំនិត ដែលមានគោលបំណងលើកកម្ពស់ការបង្ការ ការរកឃើញទាន់ពេលវេលា និងការសន្ទនាបើកចំហជុំវិញជំងឺមហារីកសុដន់នៅក្នុងប្រទេសកម្ពុជា។

ពង្រឹងសុខភាពតាមរយៈសកម្មភាព

ចំណុចសំខាន់នៃព្រឹត្តិការណ៍នេះគឺការត្រួតពិនិត្យរកជំងឺមហារីកសុដន់ដោយឥតគិតថ្លៃដែលបានផ្តល់ជូនដោយមន្ទីរពេទ្យ អ៊ីនធ័រឃែរ ដែលនេះជាឱកាសងាយស្រួលមួយដើម្បីចាត់វិធានការជាមុនសម្រាប់សុខភាពអ្នកចូលរួម។ ជាមួយគ្នានេះ អង្គការ «Douleurs Sans Frontières Cambodia» (DSF Cambodia) បានធ្វើការសន្ទនាអំពីសុខភាព និងសកម្មភាពយល់ដឹង ដោយផ្តោតលើការបង្ការ ការពិនិត្យដោយខ្លួនឯង និងសារៈសំខាន់នៃការរកឃើញទាន់ពេលវេលា។

«គោលដៅរបស់យើងមិនត្រឹមតែព្យាបាលជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារផងដែរ ធ្វើឲ្យព័ត៌មានអំពីសុខភាពអាចងាយស្រួលក្នុងការស្វែងរក មានការយោគយល់ និងជាក់ស្តែងសម្រាប់មនុស្សគ្រប់គ្នា។» នេះបើតាមការលើកឡើងរបស់វេជ្ជបណ្ឌិត លក្ខិណា ផ្នែកសម្ភព និងរោគស្ត្រី នៅមន្ទីរពេទ្យ អ៊ីនធ័រឃែរ។

ដោយគូសបញ្ជាក់ពីកិច្ចសហការនេះ លោកវេជ្ជបណ្ឌិត Ahmed Ali ជនជាតិបារាំង និងជាទីប្រឹក្សាវេជ្ជសាស្ត្រនៅទីស្នាក់ការកណ្តាល DSF ទីក្រុង ប៉ារីស បានចូលរួមក្នុងព្រឹត្តិការណ៍នេះ និងបានចែករំលែកជំនាញរបស់គាត់លើការរកឃើញជាបឋម និងការថែទាំអ្នកជំងឺ។ ការយល់ដឹងពីអ្នកជំនាញក្នុងស្រុកត្រូវបានផ្តល់ដោយវេជ្ជបណ្ឌិត ប្រាក់ កណ្ណិកា ដែលបានផ្តោតលើសារៈសំខាន់នៃការចូលរួមរបស់សហគមន៍ក្នុងការកែលម្អលទ្ធផលនៃជំងឺមហារីកសុដន់នៅក្នុងប្រទេសកម្ពុជា។

លោកស្រីវេជ្ជបណ្ឌិត ប្រាក់ កណ្ណិកា បានមានប្រសាសន៍ថា «ជំងឺមហារីកសុដន់ឥឡូវនេះមានចំនួនប្រហែលមួយក្នុងចំណោមករណីមហារីកថ្មីទាំងប្រាំក្នុងចំណោមស្ត្រី។ យ៉ាងណាក៏ដោយ ប្រហែល ៧៨% នៃករណីមហារីកសុដន់នៅក្នុងប្រទេសកម្ពុជាត្រូវបានធ្វើរោគវិនិច្ឆ័យនៅដំណាក់កាលទី ៣ ឬទី ៤ នៅពេលដែលការព្យាបាលកាន់តែពិបាក។»

ការលើកឡើងនេះបានរំលឹកដល់សាធារណជនថា ការធ្វើរោគវិនិច្ឆ័យដំបូងនៅតែជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការបង្កើនអត្រារស់រានមានជីវិត និងកាត់បន្ថយបន្ទុកនៃជំងឺមហារីកសុដន់នៅក្នុងប្រទេសកម្ពុជា។

ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមលើកកម្ពស់ការយល់ដឹងឲ្យកាន់តែទូលំទូលាយក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) អង្គការ «DSF Cambodia» និង វិទ្យាស្ថាន «Institut de recherche pour le développement» (IRD) បានរួមគ្នាបើកយុទ្ធនាការវីដេអូសក្ខីកម្មដែលមានរឿងរ៉ាវពិតពីអ្នករស់រានមានជីវិតពីជំងឺមហារីកសុដន់។ សក្ខីកម្មខ្លីៗ និងរំជួលចិត្តទាំងនេះ បានផលិតឡើងដើម្បីជម្រុញភាពក្លាហាន និងលើកកម្ពស់ការពិនិត្យសុខភាពជាបឋម ត្រូវបានដាក់តាំងបង្ហាញនៅលើផ្ទាំងប៉ាណូនៅ ដឹ អូឡាំព្យាស៊ីធី ដែលអនុញ្ញាតឱ្យសារនៃក្តីសង្ឃឹម និងការយល់ដឹងទៅដល់សាធារណជនកាន់តែទូលំទូលាយ និងមានភាពចម្រុះជាងមុន។

សិល្បៈដែលជំរុញការយល់ដឹង

ក្នុងនាមជាផ្នែកមួយនៃគំនិតផ្តួចផ្តើមលើកកម្ពស់ការយល់ដឹង ព្រឹត្តិការណ៍នេះបានបង្ហាញពីការតាំងពិព័រណ៍សិល្បៈមួយដែលមានចំណងជើងថា «យើងទាំងអស់គ្នាយកចិត្តទុកដាក់ចំពោះអ្នក»។ ដែលបានបង្ហាញនៅជាន់ផ្ទាល់ដីរបស់អគារ Connexion ក្នុង «Komnu Lounge»។

ការតាំងពិព័រណ៍នេះបានប្រមូលផ្តុំនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) និងអ្នកថតរូបអន្តរជាតិម្នាក់គឺលោក Miguel Jeronimo ដែលស្នាដៃរបស់គាត់បានបង្ហាញពីផ្នែកអារម្មណ៍ និងមនុស្សធម៌អំពីដំណើរនៃភាពប្រឈមនឹងជំងឺមហារីកសុដន់។

ក្នុងអំឡុងពេលពិភាក្សាជាមួយនិស្សិតសិល្បៈ RUFA ដែលបានបង្កើតស្នាដៃសិល្បៈទាំងនេះ ពួកគេបានលើកឡើងថា «យើងបានដឹងថាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកមិនត្រឹមតែជាដំណើរវេជ្ជសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាដំណើរមួយដែលទាក់ទងនឹងអារម្មណ៍ និងមនុស្សធម៌ផងដែរ។ តាមរយៈសិល្បៈ យើងឈរជាមួយស្ត្រីគ្រប់រូបដែលប្រឈមមុខនឹងបញ្ហានេះ។»

និមិត្តរូបនៃក្តីសង្ឃឹម៖ ដើមឈើជាមួយបូពណ៌ផ្កាឈូក

ព្រឹត្តិការណ៍ដ៏លេចធ្លោមួយទៀតគឺការចូលរួមពីនារីវ័យក្មេងមកពីអង្គការក្រៅរដ្ឋាភិបាល «Toutes à l’École Cambodia» ដែលបានបង្ហាញដើមឈើបូពណ៌ផ្កាឈូកកម្ពស់ពីរម៉ែត្រ ដែលផលិតឡើងទាំងស្រុងពីវត្ថុធាតុដើមដែលប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ។

ការដំឡើងនេះ ដែលត្រូវបានដាក់តាំងបង្ហាញប្រកបដោយមោទនភាពនៅ Connexion ពេញមួយព្រឹត្តិការណ៍ ដោយបញ្ជាក់ពីនិមិត្តរូបនៃការចាប់ផ្តើមជាថ្មី ភាពអំណត់ និងភាពរឹងមាំរបស់សហគមន៍។

ការប្តេជ្ញាចិត្តរួមគ្នា

កម្មវិធីមួយនេះត្រូវបានគាំទ្រដោយ ធនាគារកាណាឌីយ៉ា គម្រោងខុនដូ Diamond Bay Garden ទីក្រុងនរា ដឹអូឡាំព្យាស៊ីធី អង្គការក្រៅរដ្ឋាភិបាល Toutes à l'École, Senovie – Cancers du sein et mobilités thérapeutiques និង Institut de recherche pour le développement France (IRD in Asia)។

អត្ថបទថ្មី