សំបកកង់បំពាក់បច្ចេកវិទ្យាថ្មី អស់បារម្ភទោះកង់ឡានមុតដែកស្រួចក៏អត់បញ្ហា

  • 2026-04-29 04:45:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនកូនខ្មែរមួយអាចសហការជាមួយក្រុមហ៊ុន Pirelli របស់អ៊ីតាលី ជាផ្លូវការណ៍ ដែលទទួលសិទ្ធិនាំចូល និងចែកចាយសម្បកកង់ Pirelli ហើយអ្វីដែលគួរឲ្យមោទនភាពនិងកត់សម្គាល់នោះគឺ បច្ចេកវិទ្យាថ្មីដែលបានបំពាក់លើសំបកកង់ ដែលប្រើប្រាស់បានលើរថយន្តទូទៅ ដែលទោះជាមុតដែកគោល ឬវត្ថុមុតស្រួចក៏ដោយ ក៏នៅតែបើកបរបានដោយសុវត្ថិភាព និងដល់គោលដៅដែរ។ តើបច្ចេកវិទ្យាដ៏នោះជាអ្វី? ហើយអស្ចារ្យបែបណា?

លោក ប៉ូ វាសនា ប្រធានផ្នែកអាជីវកម្មរបស់ក្រុមហ៊ុន ក្រុមហ៊ុន DS Auto Part Distribution Co., Ltd បានរៀបចំឡើងកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានពន្យល់ថាបច្ចេកវិទ្យា Seal Inside អាចជួយឲ្យអ្នកបើកបរបន្តដំណើរដោយទំនុកចិត្តបើទោះបីជាមានវត្ថុមុតស្រួចចាក់ទម្លុះសម្បកកង់។ លោកពន្យល់ថាក្នុងសម្បកកង់មានសារធាតុពិសេសនៅក្នុងស្រទាប់ SEALING ដែលរចនាឡើងយ៉ាងពិសេសដើម្បីប៉ះផ្ជិតស្នាមរន្ធដែលមុតធ្លាយបានភ្លាមៗ។ លោកបន្តថានៅពេលមានវត្ថុមុតស្រួចចាក់ទម្លុះសម្បកកក់រថយន្ត សារធាតុពិសេសនៅខាងក្នុងនឹងរត់មកព័ទ្ធជុំវិញវត្ថុនោះភ្លាមៗ ដើម្បីទប់ស្កាត់ការលេចធ្លាយខ្យល់។

ឆ្លើយនឹងសំណួរអ្នកសារព័ត៌មានថាតើ រថយន្តប្រភេទណាដែលអាចប្រើប្រាស់សម្បកកង់ Pirelli ដែលមានបំពាក់បច្ចេកវិទ្យាដ៏អស្ចារ្យនេះបាន។ ប្រធានផ្នែកអាជីវកម្មក្រុមហ៊ុនដដែលបញ្ជាក់ខ្លីបែបនេះថា “Pirelli Seal Inside អាចប្រើបានគ្រប់ប្រភេទយ៉ាន់កង់ មិនថាប្រភេទធម្មតា ឬរថយន្តដែលប្រើ SENSOR សម្រាប់គ្រប់គ្រងសម្ពាធខ្យល់នោះទេ”។

"វាជាបច្ចេកវិទ្យាមួយថ្មីដែលយើងបំពាក់នៅលើសម្បកកង់ប្រភេទCintuRato ROSSO មានន័យថាសម្បកកង់ហ្នឹងយើងផលិតឡើងមានសមាធាតុបញ្ចូលគ្នាដូចជាកៅស៊ូ និង SEAL សម្រាប់ការការពារក្នុងការមុតធ្លាយនៅពេលដែលយើងបើកបរ...នៅពេលដែលយើងកំពុងបើកបរលើដងផ្លូវ ហើយមានឧបសគ្គណាមួយដូចជាការកិនដែកគោលធ្វើឲ្យធ្លាយ SEAL ហ្នឹងមានជាតិជែលមួយវាអាចទៅប៉ះផ្ជិតអូតូតែម្ដង ហើយពេលយើងដកដែកគោលហ្នឹងចេញមក SEAL ហ្នឹងវាមានជាតិហ្នឹងដូចគ្នា"។

នៅពេលសួរថាតើអ្នកបើកបរត្រូវយករយន្តទៅប៉ះឡើងវិញឬអត់លោកបញ្ជាក់ថាជាការណែនាំអ្នកប្រើប្រាស់គួររកជាងជំនាញប៉ះបិទសម្បកកង់រថយន្តដែលមុតនោះឡើងវិញ។

លោកបញ្ជាក់ថា "ជាទូទៅគឺយើងណែនាំឲ្យយកទៅប៉ះ មានន័យថាទោះជាមានបច្ចេកវិទ្យាហ្នឹងក៏ដោយ នៅពេលដែលយើងដកដែកគោលចេញ យើងត្រូវយកទៅកន្លែងដែលមានបច្ចេកទេសក្នុងការប៉ះផ្ជិតដើម្បីឲ្យគាត់សិក្សាមើល ហើយយើងត្រូវតែប៉ះវាឲ្យត្រូវតាមស្ដង់ដារនិងបច្ចេកទេសសម្បកកង់ មានន័យថា SEAL យើងធ្វើឡើងកុំឲ្យនៅពេលយើងមុតធ្លាយនៅកន្លែងណាមួយដែលស្ងាត់ ក៏ដូចជាលើផ្លូវល្បឿនលឿន ដែលយើងមិនអាចឈប់បាន SEAL ហ្នឹងអាចអនុញ្ញាតឲ្យយើងបន្តបើកបរដូចឡានយើងអត់មានមុតធ្លាយអីចឹង អាចបន្តបើកទៅមុខបានធម្មតារហូតដល់គោលដៅដែលអាចឲ្យយើងឆែក ក៏ដូចជាប៉ះ"។

ការបើកភ្លើងខៀវទទួលស្គាល់និងផ្ដល់សិទ្ធពេញលេញដល់ក្រុមហ៊ុនខ្មែរ ចែកចាយជាផ្លូវការពីក្រុមហ៊ុនធំពីអឺរ៉ុបនេះដែរ កញ្ញា ខុន លក្ខិណា ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន DS Auto Part បានឲ្យដឹងដែរថាវាជាមោទនភាពមួយសម្រាប់ក្រុមហ៊ុន ដែលបាននាំចូលសម្បកកង់រថយន្ត Pirelli។ កញ្ញាបន្ត "វាជាមោទនភាពដែលក្រុមហ៊ុនកូនខ្មែរមួយអាចសហការជាមួយក្រុមហ៊ុន Pirelli ដែលជាក្រុមហ៊ុនល្បីលំដាប់ថ្នាក់ពិភពលោកតែម្ដង និងអាចនាំចូលផ្ដាច់មុខ សម្រាប់ខ្ញុំផ្ទាល់ពិតជាមានមោទនភាពខ្លាំង"។

ក្រុមហ៊ុនផលិតសម្បកកង់រថយន្ត Pirelli ជាក្រុមហ៊ុនអន្តរជាតិមួយដែលផ្គត់ផ្គង់សម្បកកង់ដល់ក្រុមហ៊ុនផលិតរថយន្តល្បីៗដូចជាមែកស៊ឺដែស BMW អូឌី Jeep, Rolls Royce, ZEEKR, Volkswagen, McLaren, TESLA, MINI និងក្រុមហ៊ុនរថយន្តល្បីៗមួយចំនួនទៀតតាំងពីឆ្នាំ១៨៧២ ដែលមានទីតាំងនៅទីក្រុងមីលែន ប្រទេសអ៊ីតាលី។ បន្ថែមពីនេះក្រុមហ៊ុនផលិតសម្បកកង់រថយន្ត Pirelli ក៏ជាអ្នកផ្គត់ផ្គង់សម្បកកង់ដ៏ធំមួយសម្រាប់រថយន្តដែលចូលរួមប្រណាំងក្នុងកម្មវិធី Formula 1 ផងដែរ៕

អត្ថបទ៖ ខ្លាឃ្មុំតូច

អត្ថបទថ្មី