តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង

  • 2026-09-28 02:45:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តម្លៃប្រេងលើទីផ្សារអន្តរជាតិ​បានកើនឡើងជាង ១% នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បដិសេធសំណើសន្តិភាពរបស់អ៊ីរ៉ង់ ដែលមានគោលបំណងបញ្ចប់ជម្លោះ និងបើកច្រកសមុទ្រហ័រម៉ូស ឡើងវិញ។ ការណ៍នេះបានបង្កើនការព្រួយបារម្ភថា ភាពតានតឹងនៅមជ្ឈិមបូព៌ាអាចបន្តរំខានដល់ការផ្គត់ផ្គង់ថាមពលពិភពលោក។

តម្លៃប្រេង Brent បានកើន ១,៣២ ដុល្លារ ឬ ១,២៧% ដល់ ១០៥,៦៤ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងអាមេរិក West Texas Intermediate (WTI) កើន ៧០ សេន ឬ ០,៧៦% ដល់ ៩៣,១១ ដុល្លារ។

អ៊ីរ៉ង់បានដាក់សំណើសន្តិភាពតាមរយៈអ្នកសម្របសម្រួលកាតា កាលពីសប្តាហ៍មុន ដោយស្នើឱ្យបញ្ចប់ការប្រយុទ្ធ និងបើកច្រកសមុទ្រហ័រម៉ូស ឡើងវិញក្នុងរយៈពេល ៧ថ្ងៃ។ លោក Trump បានបដិសេធសំណើនេះ ប៉ុន្តែបាននិយាយថា អ្នកចរចាអាមេរិករំពឹងថានឹងបន្តកិច្ចពិភាក្សាជាមួយអ៊ីរ៉ង់នៅសប្តាហ៍នេះ។

ទន្ទឹមនឹងនេះ ភាពតានតឹងនៅតែបន្តនៅតំបន់ ដោយក្រុមហូទីនៅយ៉េម៉ែន ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានបន្តការវាយប្រហារទៅលើអារ៉ាប៊ីសាអូឌីត។ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបាននិយាយថា ខ្លួនបានស្ទាក់ចាប់មីស៊ីលបាលីស្ទិក ២គ្រាប់ និងដ្រូន ២គ្រឿង ដែលបាញ់សំដៅមកកាន់ប្រទេសរបស់ខ្លួន។

ការជាប់គាំងនៃកិច្ចចរចា និងហានិភ័យចំពោះផ្លូវដឹកជញ្ជូនប្រេងតាមច្រកសមុទ្រហ័រម៉ូស កំពុងបន្តធ្វើឱ្យទីផ្សារថាមពលមានភាពមិនប្រាកដប្រជា ខណៈអ្នកវិភាគព្រមានថា ការវាយប្រហារបន្ថែមនៅតំបន់អាចធ្វើឱ្យការផ្គត់ផ្គង់ប្រេងពិភពលោកកាន់តែងាយរងការរំខាន៕

ប្រភព៖ Reuters

ដោយ៖ តារា

អត្ថបទថ្មី