បើ​លេង​ចរិត​ ៥​យ៉ាង​នេះ​នៅ​កន្លែង​ធ្វើ​ការ​ដឹង​តែ​គ្មាន​អ្នក​ចង់​រាប់​រក​ទេ

  • 2017-09-04 03:13:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រៀបចំ​ឥរិយាបថ​ឱ្យ​មាន​របៀប​រៀបរយ ថ្លៃ​ថ្នូរ ដើម្បី​ឱ្យ​អ្នក​ដទៃ​គោរព​ស្រឡាញ់​ចូល​ចិត្ត គឺ​ជា​រឿង​សំខាន់​បំផុត នៅ​កន្លែង​ការងារ។ តែ​បើ​និយាយ​ពី​ចរិត​ ដែល​ធ្វើ​ឱ្យ​មិត្ត​រួម​ការងារ​មិន​ចូលចិត្ត និង​មិន​ឱ្យ​តម្លៃ​ មាន​ចំណុច​អ្វី​ខ្លះ​ទៅ? ខាង​ក្រោម​នេះ​ជា​ទស្សន​យល់​ឃើញ ពី​អ្នក​ធ្វើ​ការ​មួយ​ចំនួន​ លើក​ឡើង​ជុំវិញ​បញ្ហា​នេះ៖​

១. ដូច​មាន​តែ​ឯង​នៅ​កន្លែង​ការងារ

ចំណុច​នេះ​សំដៅ​ដល់​មនុស្ស ធ្វើ​ចរិត​ប្រុស​ស្អាត ស្រី​ស្អាត​នៅ​កន្លែង​ការងារ ឫ​អាច​និយាយ​បាន​ទៀត​ថា មនុស្ស​មាន​អំនួត​ជ្រុល ដើរ​ហួស​មក​ហួស​មិន​រាក់ទាក់​ជាមួយ​មិត្ត​រួម​ការងារ។ ប្រសិន​បើ​អ្នក​ធ្វើ​ការ​ប្រកាន់​ចរិត​បែប​នេះ ប្រាកដ​ជា​គ្មាន​អ្នក​ណា​សូវ​ចូលចិត្ត​ឡើយ។ ដូច្នេះ​បើ​អាច​កែ​បាន គួរ​តែ​កែ​ទៅ ដើម្បី​មិត្តភាព​នៅ​កន្លែង​ធ្វើ​ការ ហើយ​ម្យ៉ាង​ទៀត​ការ​លេង​ចរិត​បែប​នេះ​គ្មាន​បាន​ប្រយោជន៍​អ្វី​ក្រៅ​ពី​គ្មាន​ញាតិ​រាប់​រក​នោះ​ទេ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ លោក ណា​រ័ត្ន បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ។​

២. គេ​និយាយ​អី​ក៏​ដឹង​គ្រប់​រឿង

ណា​រ័ត្ន​ដដែល​បន្ថែម​មួយ​ចំណុច​ទៀត​ថា មនុស្ស​ខ្លះ​តែង​តាំង​ខ្លួន​ធ្វើ​ចេះ​គ្រប់​រឿង ទោះ​គេ​និយាយ​អ្វី​ក៏​ដឹង​គ្រប់​រឿង ឫ​អាច​និយាយ​ថា មនុស្ស​ពូកែ​អួត ដើម្បី​ឱ្យ​អ្នក​រួម​ការងារ​គិត​ថា ខ្លួន​ជា​មនុស្ស​ពូកែ។ ប្រសិន​បើ​ជា​អ្នក​ចេះ​ពិត​ប្រាកដ​មែន គ្រប់​គ្នា​នឹង​បាន​ដឹង​តាម​រយៈ​សមត្ថភាព​ការងារ​ហើយ មិន​ចាំ​បាច់​អួត​អាង​នោះ​ទេ ព្រោះ​មាន​តែ​អ្នក​មិន​ចេះ តាំង​ខ្លួន​ធ្វើ​ចេះ​នេះ​ហើយ ដែល​មាន​ចរិត​លក្ខណៈ​បែប​នេះ។

៣. និយាយ​ពី​ចំណុច​ខ្សោយ​ក្រុម​ការងារ​ទៅ​កាន់​មេ​កើយ

ដោយ​ឡែក​ចំណុច​នេះ​វិញ​ សំដៅ​ថា មិត្ត​រួម​ការងារ​ប្រៀប​ដូច​ជា​កីឡាករ​អុំទូក លុះ​ត្រា​តែ​រួម​សហការ​គ្នា​ល្អ ទើប​ឈ្នះ​គូប្រកួត​ មិន​ខុស​អី​ពី​ការ​ធ្វើ​ការ​ជា​ក្រុម ត្រូវ​ចេះ​សហការ​គ្នា និង​ជួយ​ដោះ​ស្រាយ​គ្នា។ ប៉ុន្តែ​មនុស្ស​ខ្លះ ដើម្បី​យក​មុខ​មាត់ សុខ​ចិត្ត​និយាយ​​ពី​ចំណុច​ខ្សោយ​របស់​អ្នក​ដទៃ​ប្រាប់​មេ​កើយ ហើយ​ព្យាយាម​និយាយ​ពី​ចំណុច​ល្អ​របស់​ខ្លួន។ រឿង​ការងារ​ល្អ មិន​ល្អ​ថ្នាក់​ដឹក​នាំ​ប្រាកដ​ជា​ដឹង​ហើយ មិន​ចាំបាច់​ទៅ​រៀបរាប់​នោះ​ទេ ព្រោះ​ថ្នាក់​ដឹក​នាំ​អាច​វាយ​តម្លៃ​បាន​ថា យើង​ជា​មនុស្ស​បែប​ណា។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ កញ្ញា ធារី ជា​អ្នក​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​ឯកជន​មួយ។

៤. យក​ចិត្ត​យក​ថ្លើម​មេ​កើយ

ធារី បន្ត​មួយ​ចំណុច​​ទៀត​ថា មនុស្ស​មួយ​ចំនួន​ដើម្បី​មុខមាត់ ដើម្បី​ឆាប់​ឡើង​ដំណែង​ គឺ​តែង​ប្រើ​វិធី​សាស្ត្រ​វាយ​អែប​ស៊ី​អប យក​ចិត្ត​គ្រប់​សព្វ​បែប​យ៉ាង​ទាំង​អស់។ ចំណុច​នេះ គឺ​មាន​ន័យ​ថា ដើរ​ខ្សែ​លើ មិត្ត​រួម​ការងារ​ហើយ ព្រោះ​គ្រប់​គ្នា​សុទ្ធ​តែ​ប្រើ​សមត្ថភាព​ពិត​ប្រាកដ មិន​ចេះ​ធ្វើ​ចរិត​បែប​នេះ ចំណែក​ខ្លួន​វិញ​សមត្ថភាព​ការងារ​មិន​សូវ​ពូកែ​ប៉ុន្មាន តែ​រឿង​យក​ចិត្ត​មេ​វិញ លេខ​១​តែ​ម្ដង។

៥. ឱ្យ​តែ​ខ្លួន​បាន​សុខ​អ្នក​ណា​យ៉ាង​ម៉េច​មិន​ខ្វល់

នៅ​ក្នុង​រង្វង់​ការងារ​តែង​ជៀស​មិន​ផុត​ពី​កំហុស​ឆ្គង និង​បញ្ហា​ប្រឈម​នានា ហើយ​ក្នុង​នាម​អ្នក​មិត្ត​រួម​ការងារ​ត្រូវ​រួម​គ្នា ដើម្បី​ដោះ​ស្រាយ។ ប៉ុន្តែ​មនុស្ស​ប្រភេទ​នេះ​វិញ ពេល​មាន​បញ្ហា​យក​រួច​ខ្លួន​តែ​ឯង ទម្លាក់​កំហុស​លើ​អ្នក​នេះ​ លើ​អ្នក​នោះ ទោះ​ដឹង​ហើយ​ថា ការងារ​នោះ​មិន​មែន​ជា​លក្ខណៈ​បុគ្គល​ទេ គឺ​ជា​ការងារ​រួម។ ចរិត​បែប​នេះ ទោះ​ធ្វើ​ការ​នៅ​កន្លែង​ណា​ក៏​គ្មាន​អ្នក​ណា​ចូល​ចិត្ត​ដែរ ហើយ​នៅ​ទី​បំផុត​ក្លាយ​ជា​មនុស្ស​ដ៏​ឯកា មិន​សូវ​មាន​អ្នក​ចង់​រាប់រក​ទេ៕

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ