ទម្លាប់អាក្រក់ ៦យ៉ាងរបស់បុគ្គលិក អាចឱ្យក្រុមហ៊ុនបញ្ឈប់ការងារមិនស្រណោះ
- 2017-05-31 03:24:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់អាក្រក់ ៦យ៉ាងរបស់បុគ្គលិក អាចឱ្យក្រុមហ៊ុនបញ្ឈប់ការងារមិនស្រណោះ
ចន្លោះមិនឃើញ
មនុស្សម្នាក់ៗ តែងប្រាថ្នាក្លាយជាបុគ្គលិកល្អ មានតំណែងល្អ ប្រាក់ខែខ្ពស់ ក្នុងក្រុមហ៊ុនមួយ តែទម្លាប់អាក្រក់មួយចំនួន អាចធ្វើឱ្យក្រុមហ៊ុនពិចារណាបញ្ឈប់បុគ្គលិកនោះបាន។ ដូច្នេះតើទម្លាប់ណាខ្លះគួរជៀសវាង ឬកែប្រែ ដើម្បីក្លាយជាបុគ្គលិកល្អក្នុងក្រុមហ៊ុន? ខាងក្រោមនេះជាការលើកឡើងរបស់លោក ហៃ ឧត្ដម ជាប្រធានផ្នែកធនធានមនុស្សក្នុងក្រុមហ៊ុនឯកជនមួយកន្លែង ទាក់ទងនឹងទម្លាប់អាក្រក់ ៦យ៉ាងរបស់បុគ្គលិក ដែលអាចឱ្យក្រុមហ៊ុនបញ្ឈប់ការងារបាន។
១. តែងលើកតែបញ្ហាមិនមានដំណោះស្រាយ
លោក ហៃ ឧត្ដម ប្រធានផ្នែកធនធានមនុស្សក្នុងក្រុមហ៊ុន ឯកជនមួយលើកឡើងថា កំហុសធ្ងន់មួយរបស់បុគ្គលិក គឺនៅពេលដែលថ្នាក់លើ ដាក់ផែនការ ឬការងារអ្វីមួយឱ្យធ្វើ គឺតែងតែលើកឡើងពីបញ្ហា និងឧបសគ្គជានិច្ច ដោយមិនមានដំណោះស្រាយណាមួយទេ។ ទង្វើបែបនេះ គឺបានបង្ហាញពីភាពរួញរាមិនមោះមុតរបស់បុគ្គលិកនោះ តែងលើកឡើងជាបញ្ហាមិនព្រមអនុវត្ត ឬតាំងចិត្តធ្វើឱ្យអស់ពីសមត្ថភាពនោះទេ។ លោក ឧត្ដម លើកឡើងថា ប្រសិនបើបុគ្គលិកនោះ នៅតែបង្ហាញទម្លាប់បែបនេះដដែលៗ នោះក្រុមហ៊ុន អាចពិចារណាបញ្ឈប់ការងារដល់បុគ្គលិកនោះបាន។
២. ធ្វើការងារមិនចំគោលដៅ
នៅត្រង់ចំណុចនេះ មានន័យថា បុគ្គលិកនោះធ្វើការមិនចំគោលដៅ មិនចេះវិភាគពីទំហំការងារ ថាការងារណាគួរធ្វើមុន ហើយការងារណាគួរធ្វើបន្ទាប់នោះទេ។ លោកឧត្ដម លើកឡើងថា ការងារខ្លះមិនចាំបាច់បែរជាទៅធ្វើទៅវិញ ទោះបីជាដឹងថាលទ្ធផលចេញមក មិនបានជួយដល់ក្រុមហ៊ុនក៏ដោយ។ ចំណែកឯការងារណាសំខាន់ ចាំបាច់ត្រូវធ្វើបន្ទាន់បែរជាទម្លាក់ឱ្យអ្នកដទៃ។ ដូច្នេះនេះជាសកម្មភាពបង្ហាញយ៉ាងច្បាស់ថា បុគ្គលិកនោះ មិនមានសមត្ថភាពក្នុងការធ្វើការងារឱ្យចំគោលដៅក្រុមហ៊ុន ដែលចង់បានទេ។
៣. មិនទទួលយកយោបល់អ្នកជុំវិញខ្លួន
មកដល់ចំណុចនេះ គឺកាន់តែធ្ងន់ធ្ងរចំពោះទម្លាប់អាក្រក់របស់បុគ្គលិក គឺមិនចេះទទួលយកយោបល់អ្នកដទៃ។ មនុស្សបែបនេះ តែងយល់ថាខ្លួនឯងធ្វើអ្វីក៏ត្រូវ និងចង់បង្ហាញថាខ្លួនឯងជឿជាក់នូវអ្វីដែលកំពុងធ្វើ ប៉ុន្តែត្រូវចាំថា ក្រុមហ៊ុនមួយមានគោលការណ៍ មានគោលដៅដែលគេចង់បាន។ ដូច្នេះ គេតែងចង់បានបុគ្គលិកដែលមោះមុត ធ្វើការសម្រេចគោលដៅរបស់ក្រុមហ៊ុន មិនមែនផ្អែកលើការយល់ឃើញ ចេះតែចង់ធ្វើលើគំនិតរបស់បុគ្គលិកនោះទេ។ លោក ឧត្ដម បន្ថែមថា ការធ្វើការគឺត្រូវចេះទទួលគំនិតយោបល់អ្នកជុំវិញខ្លួន ជាពិសេសថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ទើបអាចធ្វើការបានល្អ និងស្ថិតស្ថេរ។
៤. ធ្វើការមិនដែលចេញលទ្ធផលដល់ក្រុមហ៊ុន
ការផ្ដល់ប្រាក់ខែដល់បុគ្គលិក ក្រុមហ៊ុនក៏រំពឹងពីលទ្ធផលការងារវិញដូចគ្នា។ ដូច្នេះបើបុគ្គលិកធ្វើការមិនដែលបានលទ្ធផលដល់ក្រុមហ៊ុនក៏ពិបាកដែរ មានន័យថាក្រុមហ៊ុនកំពុងផ្ទុកមនុស្សដែលមិនមានសមត្ថភាពយកប្រាក់ខែទទេៗហើយ។ ការបំពេញការងារបានល្អ មានផ្លែផ្កាដល់ក្រុមហ៊ុន គឺជារឿងសំខាន់បំផុតក្នុងនាមជាបុគ្គលិកម្នាក់។ លោក ឧត្ដម បន្ថែម។
៥. ធ្វើការមិនពេញដៃពេញជើង
កំហុសដ៏ធំមួយរបស់បុគ្គលិក គឺយកការងារជាការកំដរអារម្មណ៍ ចង់លទ្ធផលល្អ មិនល្អ គឺមិនខ្វល់។ ការដាក់ចិត្តដាក់កាយធ្វើការ ដោយកើតចេញពីការស្រឡាញ់ការងារ គឺសំខាន់ណាស់សម្រាប់បុគ្គលិកម្នាក់ៗ។ បើសិនធ្វើការមិនមែនចេញពីក្ដីស្រឡាញ់ ធ្វើការយកតែប្រាក់ខែ នោះក្រុមហ៊ុនមិនអាចទុកបុគ្គលិកបែបនេះបន្តទៀតទេ មិនយូរមិនឆាប់ បុគ្គលិកនោះប្រាកដជាត្រូវបាត់បង់ការងារមិនខាន។
៦. បង្កជម្លោះជាមួយក្រុមការងារ
ចំណុចចុងក្រោយនេះ គឺកាន់តែសំខាន់បំផុត។ នៅត្រង់ចំណុចនេះត្រូវជៀសវាងដាច់ខាត ការបង្កជម្លោះជាមួយបុគ្គលិកដទៃ ព្រោះមិនត្រឹមតែផ្ដល់ផលមិនល្អចំពោះខ្លួនឯងប៉ុណ្ណោះទេ តែថែមទាំងជះឥទ្ធិពលមិនល្អដល់ក្រុមហ៊ុនទៀតផង។ បើទម្លាប់បង្កជម្លោះជាមួយក្រុមការងារនេះ នៅតែបន្តកើតមានជាញឹកញាប់ នោះការងារប្រាកដជាបាត់បង់ថ្ងៃណាមួយមិនខាន៕