៥​ជំហាន ដើម្បីមាន​ការងារ​ប្រាក់​ខែ​​ខ្ទង់​ពាន់​ដុល្លារ ទាំង​វ័យ​ក្មេង

  • 2017-06-28 03:41:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ឯកជន​ក្ដី ឬ​រដ្ឋ​ក្ដី មនុស្ស​ម្នាក់​ៗ​តែង​ប្រាថ្នា​ចង់​បាន​ការងារ​មាន​ប្រាក់​ខែ​ខ្ពស់ តែ​មិនមែន​ជា​ភាព​ងាយ​ស្រួល​ដែល​គ្រប់​គ្នា​អាច​ធ្វើ​បាន​នោះ​ទេ​។ ដូច្នេះ​តើ​មាន​កត្តា​អ្វី​ខ្លះ​ ដើម្បី​អាច​ធ្វើការ​ប្រាក់​ខែ​ខ្ទង់​ពាន់​ដុល្លារ​ទាំង​វ័យ​ក្មេង​? ខាង​ក្រោម​នេះ​ជា​ការ​ចែក​រំលែក​បទ​ពិសោធន៍ ពី​អ្នក​គ្រូ​បណ្ឌិត ឆាយ​ ស្រី​មុំ សាស្ត្រាចារ្យ​ បង្រៀន​មុខ​វិជ្ជា​សហគ្រិន​ភាព​នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ​កន្លែង​។​

១. ជ្រើស​រើស​ការងារ​ចំ​សក្ដានុពល​របស់​ខ្លួន

អ្នក​គ្រូ​បណ្ឌិត ឆាយ ស្រី​មុំ សាស្ត្រាចារ្យ​បង្រៀន​មុខ​វិជ្ជា ផ្នែក​សហគ្រិនភាព​ បាន​ប្រាប់​ថា ចំណុច​សំខាន់​បំផុត​ដែល​មិន​អាច​ខ្វះ​បាន គឺ​ត្រូវ​ស្វែង​យល់​ពី​សក្ដានុពល​របស់​ខ្លួន​ឱ្យ​ច្បាស់ ថា​តើ​ខ្លួន​ឯង​ពូកែ​អ្វី? សមត្ថភាព​លេច​ធ្លោ​លើ​ផ្នែក​អ្វី? ដូច​នេះ​ត្រូវ​ជ្រើស​រើស​ការងារ​ណា ដែល​សក្ដិសម​បំផុត​ជាមួយ​នឹង​សក្ដានុពល​របស់​ខ្លួន​។ ត្រង់​នេះ​មាន​ន័យ​ថា សក្ដានុពល​ដែល​មាន សមស្រប​នឹង​លក្ខខណ្ឌ​ការងារ ធ្វើ​ឱ្យ​យើង​អាច​ប្រើ​អស់​សមត្ថភាព ដើម្បី​បំពេញ​ការងារ ហើយ​ធ្វើ​ការ​ដោយ​ក្ដី​ស្រឡាញ់​ពិត​ប្រាកដ មិន​មែន​ធ្វើ​ដើម្បី​តែ​ប្រាក់​ខែ​នោះ​ទេ​។ ដូច្នេះ​ការងារ​នឹង​រីក​ចម្រើន​ជា​លំដាប់ ចំណែក​ឯ​ដំណែង និង​ប្រាក់​ខែ​ក៏​កើន​ឡើង​ទៅ​តាម​នោះ​ដែរ​។

២. ​ហ៊ាន​បង្ហាញ ហ៊ាន​អារកាត់

មក​ដល់​ចំណុច​នេះ​អ្នក​គ្រូ​បណ្ឌិត បាន​លើក​ឡើង​ថា ជា​បុគ្គលិក​ឆ្នើម​ម្នាក់​​មិន​ត្រូវ​ខ្លាច​ ឬ​រារែក​នូវ​អ្វី​ដែល​ខ្លួន​ចង់​បង្ហាញ​នោះ​ទេ​។ មាន​សមត្ថភាព​អ្វី​គំនិត​អ្វី​ត្រូវ​ហ៊ាន​បង្ហាញ ដូចជា​នៅ​ក្នុង​អង្គ​ប្រជុំ​ជាមួយ​ថ្នាក់​ដឹក​នាំ និង​បុគ្គលិក​ដទៃ​ទៀត ត្រូវ​បង្ហាញ​ឱ្យ​គេ​គ្រប់​គ្នា​បាន​ដឹង​ខ្លះ កុំ​ទាន់​គិត​ពី​អ្នក​ណា​គិត​យ៉ាង​ម៉េច​។ ចំណែក​ការ​អារកាត់​ក៏​សំខាន់​ដែរ មិន​មែន​ការងារ​ទាំង​ប៉ុន្មាន​យល់​ស្រប​ទាំង​ស្រុង​នោះ​ទេ មាន​អ្វី​ចង់​កែតម្រូវ ឬ​បន្ថែម​ត្រូវ​ហ៊ាន​អារកាត់​ខ្លះ ព្រោះ​នេះ​វា​បង្ហាញ​ពី​ភាព​ជា​អ្នក​ដឹក​នាំ​របស់​មនុស្ស​ម្នាក់ៗ​។

៣. ​គំនិត​បង្កើត​ថ្មី នាំ​ភាព​រីកចម្រើន​ដល់​អង្គភាព

ចំពោះ​​ចំណុច​នេះ កាន់​តែ​សំខាន់​ក្នុង​នាម​ជា​អ្នក​ធ្វើ​ការ​លំដាប់​ជា​បុគ្គលិក​ឆ្នើម​ម្នាក់ គឺ​ត្រូវ​មាន​ការ​សិក្សា​ស្រាវជ្រាវ​ពី​ដៃ​គូ​ប្រកួត​ប្រជែង​របស់​ក្រុមហ៊ុន អំពី​តម្រូវ​ការ​របស់​អតិថិជន មិន​ថា​តែ​សេវាកម្ម​ ឬ​ទំនិញ​នោះ​ទេ​។ ប្រសិន​បើ​សិក្សា​នោះ អាច​បង្កើត​ឱ្យ​មាន​គំនិត​អ្វី​ដែល​ថ្មី ដើម្បី​ធ្វើ​ឱ្យ​អង្គភាព​កាន់​តែ​រីក​ចម្រើន នោះ​ប្រាក់​ខែ​ខ្ពង់​ពាន់​ដុល្លារ​ក្រុមហ៊ុន​មិន​កំណាច់​នឹង​ចំណាយ​ ចំពោះ​បុគ្គលិក​បែប​នេះ​ទេ​។

៤. ​លក្ខណៈ​សម្បត្តិ​​ជា​បុគ្គលិក​ឆ្នើម

ជា​បុគ្គលិក​ឆ្នើម​ម្នាក់​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ជា​ច្រើន​ដូចជា៖​ ​តែង​​មាន​ដំណោះស្រាយ​ល្អៗ​រាល់​ពេល​មាន​បញ្ហា ​ធ្វើ​ការងារ​​ចំ​គោល​ដៅ ​ទទួល​យក​យោបល់​អ្នក​ជុំវិញ​ខ្លួន ​ធ្វើ​ការ​តែង​មាន​លទ្ធផល​ដល់​ក្រុមហ៊ុន ​ធ្វើ​ការ​ពេញ​ដៃ​ពេញ​ជើង និង ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុម​ការងារ​ជា​ដើម​។ អ្នក​គ្រូ​បណ្ឌិត ឆាយ ស្រី​មុំ ​បន្ថែម។​

៥. ​សិក្សា​បន្ថែម

ដើម្បី​អាច​ឡើង​ដំណែង​ឆាប់ និង​មាន​ប្រាក់​ខែ​ខ្ពស់ គួរ​ឆ្លៀត​ពេល​ខ្លះ​ដើម្បី​បន្ត​ការ​សិក្សា ឬ​សិក្សា​វគ្គ​ខ្លី​ផ្សេងៗ​ ដើម្បី​ឱ្យ​ថ្នាក់​លើ​មាន​ភាព​កក់​ក្ដៅ​ក្នុង​ការ​ជ្រើស​ ដើម្បី​ទទួល​ដំណែង​ខ្ពស់​មួយ​ក្នុង​អង្គភាព​។ ចំណុច​នេះ​មាន​ន័យ​ថា ការ​ផ្ដល់​ដំណែង​ខ្ពស់​មួយ​គឺ​បូក​ផ្សំ​កម្រិត​ការ​សិក្សា និង​សមត្ថភាព​ដែរ មិន​មែន​ឱ្យ​តែ​ពូកែ​ធ្វើ​ការ​ម្យ៉ាង​គ្រប់គ្រាន់​នោះ​ទេ៕​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម