ធ្វើបាន ៦ចំណុចនេះ នឹងក្លាយជាមនុស្សដែលគេឱ្យតម្លៃបំផុតនៅកន្លែងការងារ
- 2016-12-20 02:29:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើបាន ៦ចំណុចនេះ នឹងក្លាយជាមនុស្សដែលគេឱ្យតម្លៃបំផុតនៅកន្លែងការងារ
ចន្លោះមិនឃើញ
ក្លាយជាមនុស្សដែលគេស្រឡាញ់ចូលចិត្ត និងអោយតម្លៃនៅកន្លែងការងារ គឺជារឿងដែលមនុស្សគ្រប់គ្នាត្រូវការបំផុត ប៉ុន្តែគួរធ្វើដូចម្ដេច? លោក ភួង សុភ័ណ្ឌ ជាអនុប្រធានឥណទាន នៅធនាគារឯកជនធំមួយ នៅរាជធានីភ្នំពេញបានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនដូចខាងក្រោម៖
១.មិនឡេះឡោះអត់ប្រយោជន៍
ការចេះលេងសើចបង្កបរិយាកាស ឱ្យមានភាពសប្បាយរីករាយគឺជារឿងល្អមួយ ប៉ុន្តែកុំលេងសើចឡេះឡោះអត់ប្រយោជន៍។ ចំណុចនេះមានន័យថា ត្រូវមានភាពច្បាស់លាស់ចំពោះការងារ កុំឱ្យគេនិយាយថាបានតែលេងសើច តែការងារពិតប្រាកដគ្មានបានប្រយោជន៍អ្វី។ ម្យ៉ាងវិញទៀតលេងសើចច្រើនពេកនាំឱ្យអ្នកជុំវិញខ្លួន មិនឱ្យតម្លៃទៅវិញទេ។ ម៉ោងធ្វើការដឹងធ្វើការ កុំលេងសើចជាមួយការងារ ប៉ុន្តែគួរប្រើអារម្មណ៍ឱ្យស្រស់ស្រាយពេលបំពេញការងារ។
២. តែងមានហេតុផលច្បាស់លាស់
ចំណុចនេះចង់សំដៅថា រាល់ការលើកអំណះអំណាងអ្វីមួយឬហេតុផលអ្វីមួយ ដើម្បីស្ថាបនាក្នុងក្រុមហ៊ុនក្ដី ឬហេតុផលដើម្បីជំទាស់ទៅរឿងផ្សេងៗក្ដី គឺត្រូវមានហេតុផលដែលគេគ្រប់គ្នាអាចទទួលបាន។ ម្យ៉ាងវិញទៀតគឺជាចំណុចមួយដែលគេគ្រប់គ្នា ចាប់ផ្ដើមមើលឃើញពីតម្លៃរបស់បុគ្គលនោះ ហើយតែងឱ្យតម្លៃគ្រប់ពាក្យសម្ដីដែលបាននិយាយចេញម្ដងៗ។
៣. ចេះចែករំលែក
វប្បធម៌ក្នុងការចែករំលែកគឺជារឿងល្អបំផុតគួរតែធ្វើ ក្នុងនាមជាបុគ្គលដែលមានសមត្ថភាពម្នាក់។ មានន័យថា ជាការចែករំលែកនូវអ្វីដែលខ្លួនមាន មិនថាចំណេះដឹង បទពិសោធន៍ ដំណឹងល្អៗ ជាដើម។ ការធ្វើបែបនេះមិនត្រឹមតែបង្ហាញថា ជាមនុស្សល្អ មានសីលធម៌ សុជីវធម៌ ប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញឱ្យឃើញថា ជាមនុស្សដែលចង់ឱ្យគ្រប់គ្នាមានភាពរីកចម្រើន ការចេះរួមសហការគ្នា ក្នុងការធ្វើការងារ ហើយជាមនុស្សដែលគេគោរពស្រឡាញ់បំផុត។
៤. មិនចេះអួតអាង
សមត្ថភាពមានប៉ុណ្ណាក៏តែងគេមើលឃើញ ដូចនេះមិនចាំបាច់អួតអាងនោះទេ គឺនៅតែរក្សាគោលជំហរ មានសមត្ថភាពប៉ុណ្ណាត្រូវបញ្ចេញអោយអស់។ ការកោតសរសើរពីមនុស្សជុំវិញខ្លួនកាន់តែត្រូវប្រុងប្រយ័ត្នទៀត គេកាន់តែសរសើរគឺកាន់តែបន្ទាបខ្លួន ដូចពាក្យគេនិយាយថា ងើយស្កកឱនដាក់គ្រាប់។
៥. អោយតម្លៃមនុស្សជុំវិញខ្លួន
មុននឹងចង់ឱ្យគេផ្ដល់តម្លៃចំពោះខ្លួនឯង គួរឱ្យតម្លៃមនុស្សជុំវិញខ្លួនសិន។ ការចេះឱ្យតម្លៃចំពោះមនុស្សជុំវិញខ្លួនមិនថាអ្នកនោះ ជានរណា ឋានៈជាអ្វី មានសមត្ថភាពប៉ុណ្ណា គឺត្រូវគោរពនិងតម្លៃទាំងអស់។ ត្រូវដឹងថាមនុស្សកើតមកមិនអាចចេះគ្រប់ដប់នោះទេ ហើយមនុស្សមានសមត្ថភាព ទេពកោសល្យរៀងខ្លួន។ ដូច្នេះកុំគិតថាមានតែឯងដែលពូកែ ហើយមិនឱ្យតម្លៃចំពោះមនុស្សជុំវិញខ្លួន។
៦. មិនយករួចខ្លួនតែឯង
មានបញ្ហាកើតឡើងក្នុងក្រុមការងារគឺរួមគ្នាដោះស្រាយបញ្ហានោះ មិនគួរនិយាយយករួចខ្លួននោះឡើយ។ ក្រុមការងារប្រៀបដូចជាកីឡាករអុំទូកដូច្នោះដែរ លុះត្រាតែចេះសាមគ្គីភាពគ្នាទើបអាចយកជោគជ័យ។ ក្រុមការងារចេះស្រឡាញ់គ្នាដូចជាគ្រួសារតែមួយទើបមានភាពរីកចម្រើន៕