​ពិសេស​ណាស់! ​មាន​ភ្ញៀវ​ក្រៅ​​ប្រព័ន្ធ​ព្រះអាទិត្យ​​មក​លេង

  • 2017-11-21 04:43:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តារា​វិទូ​បាន​បញ្ជាក់​ថា​​វត្ថុ​មួយ​​ដែល​បាន​ហោះ​កាត់​ភព​ផែនដី​នា​ពេល​ថ្មីៗ​នេះ​​គឺ​មាន​ប្រភព​ពី​ខាង​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ ជា​វត្ថុ​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​ដំបូង​គេ ដែល​​មនុស្ស​លោក​បាន​ប្រទះ​ឃើញ។

ការ​តាម​ដាន​បន្ត​បន្ទាប់​លើ​វត្ថុ​នេះ​ បាន​រក​ឃើញ​ថា​វា​ជា​អាចម៍​ផ្កាយ​ដែល​ងងឹត និង​មាន​ពណ៌​រាង​ក្រហម​ ស្រដៀង​នឹង​វត្ថុ​ដទៃ​ទៀត​ដែល​នៅ​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​ដែរ។ វា​មិន​មាន​ឧស្ម័ន ឬ ធូលី​នៅ​ព័ទ្ធ​ជុំវិញ​ ដូច​ជា​ផ្កាយ​ដុះ​កន្ទុយ​នោះ​ទេ ហើយ​វា​មាន​រាង​វែង​ស្ដើង​ ប្រៀប​ដូច​ជា​ប៊ិច​ចម្លែក​មួយ។ គេ​ប៉ាន់​ស្មាន​ថា​អាចម៍​ផ្កាយ​នេះ​មាន​ប្រវែង​ប្រមាណ​ ៤០០ ម៉ែត្រ វែង​ជាង​​ប្រវែង​អាចម៍​ផ្កាយ​​ទូទៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។

តារា​វិទូ​បាន​​គិត​ថា​អាចម៍​ផ្កាយ​ដែល​មាន​រហស្សនាម​ ʻOumuamua នេះ​ បាន​ធ្វើ​ដំណើរ​រយៈពេល​រាប់​លាន​ឆ្នាំ​​មុន​មក​ដល់​ប្រព័ន្ធ​ព្រះអាទិត្យ។ វា​ទំនង​ជា​ធ្វើ​ដំណើរ​មក​ពី​ទិសដៅ​​នៃ​កញ្ចុំ​ផ្កាយ​ Lyra ប៉ុន្តែ​ប្រភព​ជាក់​លាក់​របស់​វា​ គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

ចម្លើយ​ជា​ច្រើន​ទៀត​នឹង​មាន​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ដោយ​សារ​តែ​កែវយឹត​អវកាស​របស់​ NASA កំពុង​អង្កេត​ ʻOumuamua នៅ​ក្នុង​សប្ដាហ៍​នេះ។ បញ្ជាក់​ថា​អាចម៍​ផ្កាយ​នេះ​ត្រូវ​បាន​ប្រទះ​ឃើញ​ដំបូង​នៅ​ថ្ងៃ​ទី​ ១៩ ខែ​តុលា​ ដោយ​ក្រុម​តារា​វិទូ​​ដែល​ធ្វើ​ការ​លើ​កែវយឹត​ Pan STARRS នៅ​ហ៉ាវៃ។

បច្ចុប្បន្ន​នេះ​ ʻOumuamua ស្ថិត​នៅ​ចម្ងាយ​​ប្រមាណ​ ២០០ គីឡូម៉ែត្រ​ពី​ផែនដី​ ដោយ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​​ប្រមាណ​ ១៣៧ ៩០០ គ.ម/ម៉។ វា​បាន​ធ្វើ​ដំណើរ​ផុត​គន្លង​ភព​អង្គារ​​នៅ​ថ្ងៃ​ទី​ ១ ខែ​វិច្ឆិកា​ ហើយ​នឹង​ទៅ​ដល់​ភព​ព្រហស្បតិ៍​​នៅ​ឆ្នាំ​ ២០១៨៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង