បរទេស​កាន់តែ​ច្រើន​ឡើង ជឿ​លើ អណ្ដូង​ទឹក​ផុស ឬ​រូង​នាគ​ភ្នំ​គូលែន អាច​ព្យាបាល​ជំងឺ

  • 2017-12-01 03:10:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​ផ្សព្វផ្សាយ អ្នកណែនាំ​ភ្ញៀវ និង អ្នក​ធ្លាប់​បន់​បាន​ជោគជ័យ ចេះ​តែ​ផ្សព្វផ្សាយ​តៗគ្នា ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក និង បរទេស​កាន់តែ​មាន​ជំនឿ​លើ​អណ្ដូង​ទឹក​ផុស ឬ រូងនាគ​ភ្នំគូលែន ដែល​ផឹក​ទឹក ឬ លាប​ទៅ អាច​ព្យាបាល​ជំងឺ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ហោ ជា ឆ្មាំ​ការពារ​នៅ​ភ្នំ​គូលែន។

អណ្ដូង​ទឹក​ផុស ឬ​រូងនាគភ្នំគូលែន

អ្នក​ស្រុក​រមែង​ហៅ អណ្ដូង​ទឹក​ផុស អណ្ដូង​ទឹក​ ៧ពណ៌ ឬ រូង​នាគ​ភ្នំគូលែន ដែល​មាន​ទឹក​មិន​ដាច់​នៅ​ជ្រលង​លិង្គ​ ១ ០០០ លើ​ភ្នំ​គូលែន ខេត្ត​សៀមរាប ដែល​គ្រប់គ្នា​រមែង​មក​បន់ស្រន់​បាន​សម្រេច​ដូច​សេចក្ដី​ប្រាថ្នា។ ជាពិសេស អ្នក​ឈឺ​ចង្កេះ ខ្នង និង បញ្ហា​សន្លាក់​ផ្សេងៗ ដែល​ព្យាបាល​នៅ​ពេទ្យ​យូរ​ហើយ​មិន​ជា​សះ បែរ​ជា​មក​ផឹក​ទឹក​ និង​លាប​លើ​កន្លែង​ឈឺ ធ្វើ​ឲ្យ​ធូរស្បើយ​ ម៉្លោះ​ហើយ​ ក៏​មាន​ការ​ផ្សព្វផ្សាយ​តៗ​គ្នា ល្បី​ថា អណ្ដូង​នេះ​ស័ក្ដិសិទ្ធិ។

លោក ហោ ជា បាន​ប្រាប់​ក្រុម​ការងារ​ «ផ្លូវ​ទៅ​ស្រុក ២» ថា អណ្ដូង​នេះ​មិនមែន​ទើប​មាន​នោះ​ទេ គឺ​មាន​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ហើយ​មាន​ទឹក​ខួប​ប្រាំង​ខួប​វស្សា ប៉ុន្តែ​ទឹក​ផុស​មាន​ចាប់​ពី​ខែ​កញ្ញា ដល់​ខែ​មិនា ប៉ុណ្ណោះ។

លោក ហោ ជា

ដើម​ឡើយ​ជំនឿ​មាន​តែ​ប្រជាជន​ខ្មែរ ជាពិសេស​អ្នក​ស្រុក​ប៉ុណ្ណោះ ប៉ុន្ដែ ដោយ​មាន​ការ​ផ្សព្វផ្សាយ​ដូចជា អ្នក​ណែនាំ​ភ្ញៀវ​ទេសចរ និង កាសែត​បរទេស​ចុះ​មក​យក​ព័ត៌មាន​ ទើប​ធ្វើ​ឲ្យ​បរទេស​ មាន​ជំនឿ​លើ​រឿង​ហ្នឹង​ដែរ ប៉ុន្តែ ភ្ញៀវ​បរទេស​ជឿ​ខ្លាំង​គឺ​ភ្ញៀវ​នៅ​អាស៊ី ក្រោយ​មក​អឺរ៉ុប។

ភ្ញៀវទេសចរ ទៅបន់ស្រន់​នៅ​អណ្ដូង​ទឹក​ផុស

អណ្ដូង​ទឹក​ផុស ឬ រូងនាគ​ភ្នំ​គូលែន​នេះ ស្ថិត​នៅ​ផ្នែក​ខាង​លើ​នៃ​ជ្រលង​លិង្គ ១ ០០០ លើ​ភ្នំ​គូលែន។ ភ្នំ​គូលែន​ស្ថិត​នៅ​ក្នុង​ស្រុក​ស្វាយលើ ​និង​ស្រុក​វ៉ារិន ​ចម្ងាយ​ ៦០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប​ និង​ប្រហែល​ ២៥​គីឡូ​ម៉ែត្រ​ពី​ប្រាសាទ​បន្ទាយស្រី។ ​ភ្នំ​នេះ​មាន​ឈ្មោះ​ដើម​ថា ​មហិន្រ្ទ​បព៌ត​ ជា​កន្លែង​ដែល​ព្រះ​បាទជ័យវរ្ម័នទី​២ ​ប្រារព្ធ​ធ្វើ​ពិធី​ទេវរាជ ​និង​ប្រកាស​ឯករាជ្យ​ពី​ប្រទេស​ជ្វា​ក្នុង​ឆ្នាំ​៨០២ ដែល​ជា​ពេល​ដែល​សម័យ​អង្គរ​កើត​ឡើង៕

សូមទស្សនាវីដេអូ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម