ឯក​ឧត្តម​ មាស វិរិទ្ធ​៖ លេង​កីឡា​ E-Sports ​ដើម្បី​បដិសេធ​​គ្រឿង​ញៀន​

  • 2017-12-04 07:44:15
  • ចំនួនមតិ

ចន្លោះមិនឃើញ

ឯក​ឧត្តម​ នាយ​ឧត្តម​សេនីយ៍​ មាស វិរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​អំពាវ​ឲ្យ​​យុវជន​​នាំ​គ្នា​​លេង​កីឡា​​​អេឡិចត្រូនិក​ ​ក៏​ដូច​ជា​កីឡា​ផ្សេង​ៗ​ទៀត​ដើម្បី​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន។

ឯក​ឧត្តម​ នាយ​ឧត្តម​សេនីយ៍​ មាស វិរិទ្ធ

ក្នុង​ឱកាស​ចូល​​រួម​ជា​អធិបតី​ក្នុង​ពិធី​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ជ្រើស​រើស​ឯក​ជាតិ​ឆ្នាំ​២០១៧​នៅ​សាលា​បច្ចេកវិទ្យា​កម្ពុជា​ (តិចណូ)​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ទី​៣​ ខែ​ធ្នូ​កន្លង​ទៅ​នេះ​ ឯក​ឧត្តម​ នាយ​ឧត្តម​សេនីយ៍​ មាស វិរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ បាន​លើក​ឡើង​ថា ការ​រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ជា​នេះ​ជា​ផ្នែក​មួយ​ជួយ​ដល់​សង្គម​ ជា​ពិសេស​កៀរគរ​យុវជន​​ឲ្យ​រួបរួម​គ្នា​លេង​កីឡា​អេឡិចត្រូនិក​។ សកម្មភាព​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ យុវជន​​ចេះ​ចង​ក្រ​គ្នា​​ជា​ក្រុម​ដើម្បី​ប្រកួត​ស្វែង​រក​ជ័យជម្នះ។

ស្តាប់​ប្រសាសន៍​របស់ឯកឧត្តម

ឯក​ឧត្តម​ថា​ ដើម្បី​ឈាន​ទៅ​​ដណ្តើម​បាន​ជ័យជម្នះ​ យុវជន​ទាំង​អស់​ត្រូវ​ការ​ស្រាវជ្រាវ​ សិក្សា​ស្វែង​យល់​ពី​យុទ្ធសាស្ត្រ​ដើម្បី​ប្រកួត​ថ្នាក់​ជាតិ​ និង​អន្តរជាតិ។ កីឡា​ E-Sports នេះ​កំពុង​រីក​ចម្រើន​ទូទាំង​ពិភព​លោក​ ដូច្នេះ​​នេះ​ជា​ឱកាស​ដែល​យុវជន​កម្ពុជា​ត្រូវ​ចាប់​យក​ និង​ទទួល​បាន​ការ​គាំទ្រ​សម្រាប់​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ដែល​កំពុង​និយម។

«ពួក​គេ​នឹង​ប្រើ​ប្រាស់​ពេល​វេលា​ដែល​​នៅ​ទំនេរ​​​មក​លេង​កីឡា​ E-Sports ដើម្បី​បង្កើត​ចំណេះ​ដឹង និង​ស្មារតី​ដើម្បី​វិវត្ត​ឲ្យ​ទាន់​សម័យ​កាល​រីក​ចម្រើន​​ផ្នែក​បច្ចេកវិទ្យា​។ ថ្វី​ត្បិត​កីឡា​នេះ​មិន​បាន​​រីក​ចម្រើន​ផ្នែក​រាង​កាយ ប៉ុន្តែ​ធ្វើ​ឲ្យ​រីក​ចម្រើន​ការ​គិត​គូរ​ សតិអារម្មណ៍ និង​ប្រាជ្ញា​ស្មារតី។ ពួក​គេ​នឹង​ប្រើ​ប្រាស់​ពេល​វេលា​ និង​លទ្ធផល​នៃ​ការ​ប្រកួត​ប្រជែង​ដើម្បី​បដិសេធ​ទៅ​នឹង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដែល​ជា​បញ្ហា​គំរាម​កំហែង​ដល់​យុវជន។ យើង​ឃើញ​ថា​ យុវជន​ជាង​១ម៉ឺន​នាក់​ដែល​លេង​កីឡា​តាម​អនឡាញ ដូច្នេះ​មាន​ន័យ​ថា​ យុវជន​ជាង​១​ម៉ឺន​នាក់​ហើយ​​​បាន​ឃើញ​ឆ្ងាយ​ពី​គ្រឿង​ញៀន»។

ឯក​ឧត្តម​ នាយ​ឧត្តម​សេនីយ៍​ មាស វិរិទ្ធ ប្រគល់​ពាន​រង្វាន់​ដល់​ជយលាភី​លេខ​១

​​ឯក​ឧត្តម​ មាស វិរិទ្ធ​ បញ្ជាក់​ថា E-Sports ​ក៏​មិន​ខុស​ពី​កីឡា​ផ្សេង​ៗ​ទៀត​ទេ​។ ប្រសិន​បើ​​ប្រាស់​​ខុស​​គឺ​វា​នាំ​អន្តរាយ ប៉ុន្តែ​ប្រសិន​បើ​​​ប្រើ​ប្រាស់​​ឲ្យ​ចំ​ទិសដៅ​​ ដូច​ជា​កីឡា​ E-Sports ជា​ដើម​គឺ​វា​​នឹង​ផ្តល់​អត្ថប្រយោជន៍​​សម្រាប់​កាយ​សម្បទា សុខភាព​ និង​ប្រាជ្ញា​ស្មារតី។ កីឡា​នេះ​កំពុង​រីក​ចម្រើន​ទូទាំង​ពិភព​លោក​ ដូច្នេះ​កម្ពុជា​ក៏​មិន​គួរ​រំលង​ឱកាស​នេះ​ដើម្បី​អភិវឌ្ឍ​ដែរ៕

ឯក​ឧត្តម​ នាយ​ឧត្តម​សេនីយ៍​ មាស វិរិទ្ធ ចូល​រួម​ជា​អធិបតី

អត្ថបទ៖ ជាន ចាន់រ៉ា