ពី​អ្នក​បង្កើត​ពុម្ព​អក្សរខ្មែរ ក្លាយ​ជា​អ្នក​រត់​កង់​បី នេះ​ហើយ​ជីវិត

  • 2017-12-05 03:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា​ស្គាល់​លោក នៅ សំណាង ដែល​ជា​អ្នកបង្កើត​ពុម្ព​អក្សរ​ខ្មែរ Akbalthom។ ចាប់​តាំង​ពី​ឆ្នាំ ២០១០ លោក​បាន​បង្កើត​ពុម្ព​អក្សរ​​ខ្មែរ​ជាង ៤០ សម្រាប់​ប្រើប្រាស់​ស្ទើរ​តែ​គ្រប់​ស្ថាប័ន​ រួម​ទាំង​ពលរដ្ឋ​ទូទៅ​មួយ​ចំនួន​ផង​ដែរ។

ទោះ​បី​យុវជន​រូប​នេះ​បាន​បង្កើត​សមិទ្ធផល​ដ៏​មោទនភាព​នេះ​សម្រាប់​សង្គម តែ​បើ​និយាយ​ពី​ជីវិត​ក្រោយ​ឆាក​របស់​លោក​វិញ​គឺ​ធ្លាក់​ខ្លួន​ជា​បន្ត​បន្ទាប់។ តាំង​ពី​មាន​ផ្ទះ​សម្បែង​ផ្ទាល់​ខ្លួន រហូត​ដល់​ជួល​ផ្ទះ​គេ​នៅ។ និយាយ​ពី​មុខរបរ​ផ្លាស់ប្ដូរ​ពី​មួយ​ទៅ​មួយ ដែល​ចុងក្រោយ​ក្លាយ​ជា​អ្នក​រត់​កង់​បី។

លោក​នៅ សំណាង បាន​រៀបរាប់​ប្រាប់ Sabay ថា ជីវិត​របស់​លោក​កើត​មក​មិន​ល្អ​ដូច​គេ​នោះ​ទេ។ លោក​រៀន​ចប់​ត្រឹម​ថ្នាក់​ទី ១២ ប៉ុណ្ណោះ។ បើ​និយា​ពី​គោលដៅ​ចង់​ចាប់​ជំនាញ​បន្ត​នៅ​មហាវិទ្យាល័យ​ លោក​មិន​ទាន់​ហ៊ាន​គិត​នោះ​ដែរ។

លោក​ថា មនុស្ស​ជា​ច្រើន​បាន​ស្គាល់​លោក​ តាម​រយៈ​ការ​បង្កើត​ពុម្អ​អក្សរ​ខ្មែរ Akbalthom ប៉ុន្តែ​ការ​លំបាក ការ​នឿយ​ហត់​​ក្នុង​ជីវិត​របស់​លោក មិន​មាន​អ្នក​ដឹង​ច្រើន​ទេ។ ​ លោក​​ប្រាប់​ប្រវត្តិ​ថា លោក​កើត​ជា​នៅ​ទីក្រុង​ភ្នំពេញ ដំបូង​មាន​ផ្ទះ​សមរម្យ​ដែរ ប៉ុន្តែ​ដោយសារ​បញ្ហា​ផ្ទៃ​ក្នុង​គ្រួសារ ចុងក្រោយ​ បាន​ធ្លាក់​ខ្លួន​មក​ជួល​ផ្ទះ​គេ​នៅ។

លោក​បាន​រំលឹក​កាល​នៅ​រៀន​ថា លោក​មិន​សូវ​ចូលចិត្ត​មុខ​ជំនាញ​ណាមួយ​ទេ​នៅ​ក្នុង​ថ្នាក់ សូម្បី​ទៅ​រៀន​គួរ ក៏​មិន​ដែល​ទៅ​ហ្នឹង​គេ​ដែរ។ ម៉ោង​រៀន​គួរ លោក​ទៅ​រៀន​កុំព្យូទ័រ​ទៅ​វិញ។

លោក​ថា កាល​រៀន​គ្រាន់​តែ​រៀន​ឲ្យ​បាន​ៗ​តែ​ប៉ុណ្ណោះ និយាយ​ពី​លទ្ធផល​ការ​ប្រលង​វិញ​បាន​ត្រឹម​តែ​មួយ​ជាប់។

តើ​ជាប់​ដោយ​របៀបណា​ទៅ បើ​កាល​រៀន​លោក​ប្រាប់​ថា​ខ្សោយ​សឹង​តែ​គ្រប់​មុខ?

និយាយ​ដោយ​មាន​សំណើច​តិចៗ​ផង​នោះ សំណាង​ប្រាប់​ថា កាល​ណោះ​បើ​គេ​រឹត​តឹង​ដូច​រាល់​ថ្ងៃ លោក​ប្រហែល​មិន​មាន​សញ្ញាប័ត្រ​បាក់​ឌុប​អី​ទេ។

ទាក់ទង​ការ​បង្កើត​ពុម្ភ​អក្សរ​ខ្មែរ​ ដោយ​មិន​មាន​ជំនាញ​ផ្នែក​បច្ចេកទេស​ជ្រៅជ្រះ លោក​បញ្ជាក់​ថា ដោយសារ​លោក​ចូលចិត្ត​ ណា​មួយ​វា​ក៏​មិន​សូវ​ទាក់ទង​ការ​សរសេរ​កូដ​ច្រើន​ដែរ។ និយាយ​រួម​ដោយសារ​បទ​ពិសោធន៍ ចំណង់​ចំណូល​ចិត្ត​និង​ការ​ស្រាវជ្រាវ ទើប​លោក​បង្កើត​បាន​ពុម្ភ​អក្សរ​ខ្មែរ ដែល​កំពុង​ប្រើប្រាស់​រាល់​ថ្ងៃ​នេះ។

លោក​​បញ្ជាក់​ថា បច្ចុប្បន្ន​លោក​នៅ​តែ​បន្ត​ការងារ​បង្កើត​ពុម្ភ​អក្សរ​ខ្មែរ បើ​ទោះ​បី​លោក​មិន​ដែល​ទទួល​បាន​កម្រៃ​បន្តិច​ណាមួយ​ពី​ការ​ងារ​ធ្វើ​ទាំង​ថ្ងៃ​ទាំង​យប់​នេះ។ លោក​ចង់​ឲ្យ​ពិភពលោក​ស្គាល់​ពី​ពុម្ភ​អក្សរ​ខ្មែរ​ឲ្យ​បាន​ច្រើន ណាមួយ​លោក​មើល​ឃើញ​ថ្ងៃ​ក្រោយ ការងារ​ដែល​ប្រឹង​នេះ​នឹង​ទទួល​បានការ​តប​ស្នង​មកវិញ​​ជា​មិន​ខាន​។

ថ្មីៗ​នេះ​ លោក​ក៏​ទើប​តែ​អំពាវនាវ​រក​សប្បុរសជន​ជួប​ឧបត្ថម្ភ​ថវិកា​ទិញ​កុំព្យូទ័រ​ដ៏​ល្អ​មួយ សម្រាប់យក​ទៅ​ប្រើប្រាស់​បង្កើត​ពុម្ភ​អក្សរ​ខ្មែរ​នេះ។

លោក​ថា តម្លៃ​កុំព្យូទ័រ​ដែល​លោក​ចង់​បាន​ល្បាក់ ១ ០០០ ដុល្លារ​អី​ហ្នឹង ឥឡូវ​លោក​ទទួល​បាន​ថវិកា​ជាង ៤០០ ដុល្លារ សង្ឃឹម​ថា ការ​អំពាវនាវ​របស់​លោក​នឹង​ទទួល​បាន​ការ​ឆ្លើយ​តបៗ​ឆាប់​នេះ។

និយាយ​ពីការ​ចាប់ផ្តើម​ប្រកប​របរ​បើក​កង់​បី​ សំណាង​ឲ្យ​ដឹង​ថា ទើប​ចាប់ផ្ដើម​បាន​ប្រហែល​កន្លះ​ខែ​នេះ​ទេ រក​បាន​តក់ៗ​ ណាមួយ​លោក​ក៏​មិន​ទាន់​ហ៊ាន​រត់​ណា​ឆ្ងាយៗ​ដែរ តែ​ក្បែរ​ៗ​របង​វិទ្យាល័យ​ស៊ី សុវត្ថិ។

ទាក់ទង​ជីវិត​ថ្ងៃ​អនាគត​ លោក​ក៏​មិន​ទាន់​ច្បាស់​ដែរ គ្រាន់​តែ​រំពឹង​ថា​ វា​មិន​អាក្រក់​ដូច​រាល់​ថ្ងៃ​នេះ​ទៅ​ចុះ៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អត្ថបទ៖ ប៊ុណ្ណារ៉ា