ទាំង​អ្នក​រត់ម៉ូតូឌុប កង់បី បុគ្គលិករដ្ឋ ឯកជន នឹង​ទទួល​កាដូ​ពិសេស​នេះ​ពី​រដ្ឋាភិបាល

  • 2017-12-08 02:11:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​បទ​សម្ភាសន៍​ដោយ​ផ្ទាល់​ជាមួយ​ Sabay លោក ជីវ ប៊ុនរិទ្ធ អ្នក​នាំ​ពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា ក្រសួង​បាន​កំណត់​យក​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ​២០១៧ ​ឲ្យ​សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​អញ្ជើញ​ទៅ​ចុះបញ្ជី​ដើម្បី​ឲ្យ​បុគ្គលិក​ទាំង​អស់​ទទួល​បាន​អត្ថប្រយោជន៍​ពី​រាជរដ្ឋាភិបាល។

លោក ជីវ ប៊ុនរិទ្ធ អ្នក​នាំ​ពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម

អ្នក​នាំ​ពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បាន​បញ្ជាក់​អំពី​អត្ថប្រយោជន៍​ដែល​បុគ្គលិក កម្មករ​ និយោជិក ទាំង​ក្រៅ​ប្រព័ន្ធ និង​ក្នុង​ប្រព័ន្ធ ក៏​ដូចជា​មន្រ្តី​រាជការ​​ទទួល​បាន​អត្ថប្រយោជន៍​ពី​រដ្ឋាភិបាល​រួម​មាន៖

​របប​គ្រោះថ្នាក់​ការងារ​ ជា​គ្រោះថ្នាក់​ទាំង​ឡាយ​ណា​ដែល​ផ្ដោត​សំខាន់​លើ​សកម្មភាព​៣​។ ក្នុងនោះមានដូចជា៖

  • ទី​១​គឺ​គ្រោះថ្នាក់​នៅ​កន្លែង​ដែល​កម្មករ​ និយោជិក បំពេញ​ការងារ​ឲ្យ​និយោជក​ក្នុង​សហគ្រាស​ គ្រឹះស្ថាន ឫ​ក្រុមហ៊ុន។

  • ទី២ គឺ​គ្រោះថ្នាក់​នៅ​ពេលដែល​ពួក​​គាត់​ធ្វើ​ដំណើរ​​ពី​កន្លែង​ធ្វើ​ការ​ត្រឡប់​ទៅ​ផ្ទះ ឫ​ចេញ​ពី​ផ្ទះ​ទៅ​កន្លែង​ការងារ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម គឺ​ចាត់​ទុក​ជា​គ្រោះថ្នាក់​ការងារ​ផង​ដែរ។

  • ទី​៣ នៅ​ពេល​កម្មករ និយោជិក កើត​នៅ​ជំងឺ ដែល​ហៅ​ថា ជំងឺ​វិជ្ជាជីវៈ កើត​ឡើង​​បណ្ដាល​មក​ពី​ការ​បំពេញ​ការងារ ជំងឺ​ដែល​ពាក់ព័ន្ធ​នឹង​ការងារ។

ដោយ​ឡែក​ចំពោះ​របប​ថែទាំ​សុខភាព លោក​ ជីវ ប៊ុនរិទ្ធ បាន​ឲ្យ​ដឹង​ថា (បសស) ធានា​រ៉ាប់រង​២៤​ម៉ោង​លើ​២៤​ម៉ោង​តែ​ម្ដង។ រហូត​មក​បច្ចុប្បន្ន​នេះ ​គឺ​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​ប្រមាណ​ជាង ១ ២៨៩​មន្ទីរពេទ្យ​ ដែល​បាន​ផ្ដល់​សេវា​ថែទាំ​សុខភាព​ដល់​បុគ្គលិក​ កម្មករ និយោជិក​ទាំង​ថ្នាក់​ក្រោម​ជាតិ និង​ថ្នាក់ជាតិ។

ចំពោះ​មន្ទីរពេទ្យ​​ថ្នាក់​ក្រោម​ជាតិ​រួមមាន ប៉ុស្តិ៍​សុខភាព មណ្ឌលសុខភាព ​មន្ទីរពេទ្យ​បង្អែក​ស្រុក មន្ទីរពេទ្យ​បង្អែក​ខេត្ត​ជាដើម។ ចំណែក​មន្ទីរពេទ្យ​ថ្នាក់​ជាតិ​រួម​មាន៖ មន្ទីរពេទ្យ​កាលម៉ែត្រ ពេទ្យ​លោកសង្ឃ ពេទ្យ​ព្រះអង្គ​ឌួង ពេទ្យ​រុស្ស៊ី និង មន្ទីរពេទ្យ​មួយ​ចំនួន​ទៀត។

ចំណែក​ឯ​មន្ត្រី​រាជការ ក៏​ទទួល​បាន​របប​ខាង​លើ​នេះ​ពី (បសស)ដែរ បន្ថែម​លើ​របប​សោធន​និវត្តន៍។ លោក ជីវ ប៊ុនរិទ្ធ មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​កំពុង​ធ្វើ​យ៉ាង​ណា ​ឲ្យ​មាន​តុល្យភាព​គ្នា​រវាង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ ហើយ​បច្ចុប្បន្ននេះ​វិស័យ​ឯកជន​បាន​ដើរ​របប​គ្រោះថ្នាក់​ការងារ និង​ថែទាំ​សុខភាព។ ដោយ​ឡែក​មន្ត្រី​រាជការ​នឹង​ទទួល​បាន​របប​នេះ​នៅ​ឆ្នាំ ២០១៨។ ដូច្នេះ​មាន​ន័យ​ថា ​ទាំង​រដ្ឋ​ និង​ឯកជន​ទទួល​បាន​អត្ថប្រយោជន៍​ពី​រដ្ឋាភិបាល​ស្មើៗ​គ្នា។

កាន់​តែ​ពិសេស ថ្មីៗ​នេះ​រដ្ឋាភិបាល​ក៏​បាន​កំណត់​ឲ្យ ​បុគ្គលិក​ក្រៅ​ប្រព័ន្ធ​ដែល​មាន​ការងារ​​មិន​ជាប់​លាប់ ​​ធ្វើ​ការ​ម្ដង​ម្កាល​ ឫ​ធ្វើ​ការ​តិច​ជាង ៨​ម៉ោង​ក្នុង​មួយ​សប្ដាហ៍ ក៏​បាន​ទទួល​អត្ថប្រយោជន៍​នេះ​ដូច​គ្នា។ កម្មករ​ក្រៅ​ប្រព័ន្ធ​នោះ​មាន​ដូចជា អ្នក​រត់​ម៉ូតូឌុប អ្នក​រត់​រ៉ឺម៉ក​កង់បី អ្នក​បើកបរ​រថយន្ត​ដឹក​កម្មករ អ្នក​បើកបរ​ដឹក​អ្នក​ដំណើរ និង​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​ទៀត​ដែល​ប្រើ​កម្មករ​មិន​ទៀងទាត់។ល។

ដើម្បី​ឲ្យ​បុគ្គលិក​ កម្មករ និយោជិក ទូទាំង​ប្រទេស​កម្ពុជា ទទួលបាន​អត្ថប្រយោជន៍​នេះ ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្ដី​អំពាវនាវ ដល់​បណ្ដា​គ្រឹះស្ថាន សហគ្រាស ទោះ​បី​ប្រើ​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ​ក្ដី ក្នុង​ប្រព័ន្ធ​ក្ដី និងបងប្អូនប្រជាពលរដ្ឋជាអ្នករត់ម៉ូតូឌុប អ្នករត់កង់បី ត្រូវ​តែ​ទៅ​ចុះ​បញ្ជី​នៅ​អគារ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដែល​មាន​ទីតាំង​ក្នុង​ទីស្នាក់ការ​ក្រសួង​ការងារ និង​សាខា​(បសស​)ខណ្ឌ និង​(បសស)​ខេត្ត។

ចំពោះ​ឯកសារ​តម្រូវ​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ហើយ​ប្រសិន​បើ​បាត់​អាច​ទៅធ្វើ​នៅ​បសស​ក៏​បាន​ដែរ ដោយ​សារ​បាន​សហការ​ជាមួយ​នាយកដ្ឋាន​អត្តសញ្ញាណកម្ម​ របស់​ក្រសួង​មហាផ្ទៃ។ ​ការ​ចុះ​បញ្ជី​នេះ​មិន​តម្រូវ​ឲ្យ​មាន​ការ​បង់​លុយ​ទេ៕

ទស្សនាក្នុងកិច្ចសម្ភាសន៍ពិសេសខាងក្រោមនេះ៖

អត្ថបទ៖ វឌ្ឍនៈ