ទម្រាំបាន​ កាបូប​ធ្វើ​ពី​កំប្លោក​មួយ ដឹង​ថា ឆ្លង​កាត់​ការ​លំបាក​អ្វីខ្លះ?

  • 2017-12-16 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជនខ្មែរ ជាពិសេស​ស្រ្តី ប្រាកដ​ជា​ធ្លាប់​បាន​ឃើញ​ និង ធ្លាប់​បាន​ប្រើប្រាស់​កាបូប​ធ្វើ​ពី​កំប្លោក​ហើយ ប៉ុន្ដែ មនុស្ស​តិចតួច​បាន​ឃើញ​អំពី​ដំណាក់​កាល​និមួយៗ នៃ​ការ​ច្នៃកំប្លោក​ធ្វើ​ជា​កាបូប ឬ​វត្ថុផ្សេងៗ។ ថ្ងៃ​នេះ ក្រុម​ការងារ​ផ្លូវ​ទៅស្រុកវគ្គ២ នឹង​បង្ហាញ​រូបភាព និង​គន្លឹះ​ខ្លះៗ​អំពី​ដំណើរ​ការ​នៃ​ការ​ច្នៃ​កំប្លោក​ធ្វើជាកាបូប​ ប្រើប្រាស់ ដែល​កំពុង​ពេញ​និយម​ទាំង​ក្នុងស្រុក និង ក្រៅ​ប្រទេស។

ខាងក្រោម​នេះ​ គឺជា ដំណាក់​កាល​ខ្លីៗ នៃការ​ច្នៃកំប្លោក​ធ្វើ​ជាកាបូប ពី​សិប្បកម្ម​ភ្នំក្រោម ស្ថិត​ក្នុង​ខេត្តសៀមរាប៖

១. កំប្លោក​គឺ​ជា​វត្ថុ​ធាតុ​ដើម​សំខាន់​តែ​មួយ​គត់ ដែល​ត្រូវ​បាន​សិប្បកម្ម​កំប្លោក​ភ្នំ​ក្រោម ​ប្រើ​ប្រាស់​ដើម្បី​ផលិត​កាបូប និង​សម្ភារៈ​ប្រើ​ប្រាស់​ដទៃ​មួយ​ចំនួន​ទៀត​។ ដើម្បី​បាន​កំប្លោក​ដែល​អាច​ត្បាញ​ជា​សម្ភារៈ​ប្រើ​ប្រាស់​បាន គេ​ត្រូវ​ទៅ​កាត់​កំប្លោក​នៅ​ក្នុង​បឹង​ឆ្ងាយ​ពី​ផ្ទះ​។

២. ដើម​កំប្លោក​ដែល​បាន​កាត់​ពី​បឹង​រួច​ហើយ ត្រូវ​យក​មក​ហាល​ឲ្យ​ស្ងួត មុន​យក​ទៅ​សម្អាត​និង​ត្បាញ​។ ការ​សម្ងួត​តាម​បែប​ធម្មជាតិ​នេះ អាច​ប្រើ​ពេល​ពី​មួយ​ថ្ងៃ​ទៅ​ពីរ​ថ្ងៃ អាស្រ័យ​លើ​ពន្លឺ​និង​កម្ដៅ​នៃ​ព្រះ​អាទិត្យ​។

៣. កំប្លោក​ដែល​ស្ងួត​ល្អ​ហើយ ត្រូវ​យក​ទៅ​លាង​សម្អាត​ជាមួយ​សាប៊ូ​ឲ្យ​ជ្រះ​ស្លែ​និង​ក្រមរ​ផ្សេង​ៗ​។ ក្នុង​អំឡុង​ពេល​លាង​សម្អាត សិប្បករ​នឹង​ជ្រើស​រើស​ដើម​កំប្លោក​ទាំង​ឡាយ​ណា ដែល​ទំហំ​និង​ប្រវែង​សម​ល្មម​សម្រាប់​យក​ទៅ​ត្បាញ​។ បន្ទាប់​ពី​លាង​សម្អាត​ស្អាត​ហើយ សិប្បករ​យក​កំប្លោក​ទាំង​នោះ​ទៅ​ហាល​ឲ្យ​ស្ងួត​ម្ដង​ទៀត​។

៤. នៅ​មុន​ពេល​យក​កំប្លោក​ទៅ​ត្បាញ​ជា​សម្ភារៈ​ផ្សេង​ៗ សិប្បករ​យក​កំប្លោក​ទៅ​ឆ្ពុង​នឹង​ចំហេះ​ស្ពាន់ធ័រ ដើម្បី​ឲ្យ​ដើម​កំប្លោក​ទន់ ស និង​គ្មាន​មេរោគ​។ ការ​ឆ្ពុង​កំប្លោក​ត្រូវ​ប្រើ​រយៈ​ពេល​ពី​២០​ទៅ​៣០​នាទី​។

៥. សិប្បករ​កំពុង​ត្បាញ​កំប្លោក​ជា​រាង​ប្រអប់ ឬ​វត្ថុ​ប្រើ​ប្រាស់​ផ្សេង​ៗ​។ ដើម្បី​ត្បាញ​កំប្លោក​ឲ្យ​ទៅ​ជា​សម្ភារៈ​ប្រើ​ប្រាស់​ផ្សេង​ៗ សិប្បករ​ត្រូវ​ច្នៃ​ម៉ូដ និង​ផលិត​ពុម្ព​នៃ​វត្ថុ​ទាំង​នោះ​ជា​មុន​សិន​។

៦. អ្នក​ស្រី សូរ សម្បត្តិ ប្រធាន​សមាគម​សិប្បកម្ម​កំប្លោក​ភ្នំ​ក្រោម បង្ហាញ​កាបូប​យួរ​ដៃ​ស្ដ្រី ផលិត​ពី​កំប្លោក នៅ​ក្នុង​សិប្បកម្ម​របស់​អ្នក​ស្រី នៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​​សៀមរាប​។ ផលិតផល​កំប្លោក​របស់​អ្នក​ស្រី​ត្រូវ​បាន​បញ្ជា​ទិញ​ទៅ​កាន់​ប្រទេស​ជា​ច្រើន​ទូទាំង​ពិភពលោក រាប់​ចាប់​តាំង​ពី​អាមេរិក ជប៉ុន កូរ៉េ ម៉ាឡេស៊ី និង​ប្រទេស​បារាំង​ជា​ដើម​៕

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

រូបថត៖ Shot on Canon