ស្ត្រី​​ម្នាក់​ ទទួល​បាន​សំណង​ ២ លើក​ ពី​ Apple រឿង​ iPhone X

  • 2017-12-15 03:16:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ម្នាក់​មក​ពី​ខេត្ត​ជាំងស៊ូ ​ប្រទេស​ចិន ទទួល​បាន​សំណង​ពីរ​លើក​ បន្ទាប់​ពី​ iPhone X របស់​ខ្លួន​ ​អាច​ដោះ​សោ​ដោយ​​ប្រើ​ផ្ទៃ​មុខ​អ្នក​រួម​ការងារ​ជា​មួយ​បាន។

ស្ត្រី​ដែល​មាន​នាម​ត្រកូល​ថា​ Yan បាន​ប្រាប់​ដល់​សារព័ត៌មាន​ Jiangsu Broadcasting Corporation ថា​​គាត់​បាន​​កំណត់​ផ្ទៃ​មុខ​ដើម្បី​ដោះ​សោ​​តាម​ការ​ណែនាំ​ពេល​ទិញ​ iPhone X។ យ៉ាងណាក្ដី​​​ពេល​ឲ្យ​អ្នក​រួម​ការងារ​ជា​មួយ​សាក​ល្បង​ដោះ​សោ​ដោយ​ប្រើ​មុខងារ​នេះ​ ឃើញ​ថា​​អាច​ដោះ​បាន​​ ទោះ​បី​ជា​មុខ​មនុស្ស​ពីរ​ផ្សេង​គ្នា​ក្ដី។

នៅ​ពេល​ស្ត្រី​ខាង​លើ​ទាក់​ទង​ទៅ​​ Apple ក្រុមហ៊ុន​មិន​​បាន​ជឿ​គាត់​ ហើយ​មិន​ធ្វើ​អ្វី​ទាំង​អស់។ ហេតុ​នេះ​ Yan និង​មិត្ត​រួម​ការងារ​ បាន​ទៅ​កាន់​​ហាង​ Apple ដែល​នៅ​ក្បែរ​ ដើម្បី​បញ្ជាក់​ថា​មុខងារ​ស្កេន​មុខ​លើ iPhone X របស់​ខ្លួន​ពិត​ជា​មាន​បញ្ហា។ ពេល​បញ្ជាក់​រួច​ បុគ្គលិក​ Apple ក៏​ជឿ​ថា​ iPhone X របស់​ស្ត្រី​រូប​នេះ​ពិត​ជា​មាន​បញ្ហា​លើ​ការ​ស្កេន​មុខ និង​បាន​ផ្ដល់​សំណង​ជា​សាច់​ប្រាក់​សុទ្ធ​វិញ។

Yan ក៏​បាន​​ទិញ​ iPhone X មួយ​ទៀត​ រួច​ធ្វើ​ការ​កំណត់​ផ្ទៃ​មុខ​សម្រាប់​ការ​ដោះ​សោ​ដូច​ជា​លើក​ដំបូង​ដែរ​ ប៉ុន្តែ​​មិត្ត​រួម​ការងារ​របស់​គាត់​នៅ​តែ​អាច​ដោះ​សោ​ដោយ​ប្រើ​ផ្ទៃ​មុខ​របស់​ខ្លួន​បាន​ទៀត។ ជា​ថ្មី​ម្ដង​ទៀត​ Yan ក៏​ត្រឡប់​ទៅ​ហាង​ Apple វិញ​ដើម្បី​ប្រាប់​ពី​បញ្ហា​ ហើយ​បុគ្គលិក​ Apple ក៏​បាន​ផ្ដល់​សំណង​ជា​លើក​ទី​ពីរ។

គេ​មិន​ដឹង​ថា​ស្ត្រី​ខាង​លើ​​សម្រេច​ចិត្ត​ទិញ​ iPhone X ជា​លើក​ទី​បី​ ឬ យ៉ាងណា​នោះ​ទេ៕​

​​​​​

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សុខហេង