ឌូបៃ៖ ច្នៃ​​ផ្កា​​ទៅ​ជា​យន្តហោះ​ទម្ងន់​ជាង ១០០​តោន​ រហូត​បំបែក​កំណត់​ត្រា​ពិភពលោក

  • 2017-12-15 07:40:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឌូបៃ ប្រែ​ក្លាយ​ពី​ក្រុង​ខ្សាច់​ទៅ​ជា ទីក្រុង​ស៊ីវិល័យ​ ប្រមូល​ផ្ដុំ​​ដោយ​អគារ​ខ្ពស់​ស្កឹមស្កៃ​កប់​មេឃ រហូត​ជាប់​ឈ្មោះ​ជា​ក្រុង ​ដែល​មាន​អគារ​ (Burj Khalifa) ខ្ពស់​បំផុត​លើ​ពិភពលោក​​ទៀត​ផង សណ្ឋាគារ​ផ្កាយ៧ ដំបូង​បង្អស់ ​ការ​ប្រកួត​ប្រជែង​សំញែង​រថយន្ត​ទំនើប​ជា​ដើម។ ក្រៅ​ពី​នេះ​នៅ​មាន​រឿង​ដ៏​អស្ចារ្យ​ទៀត គឺ​គំនិត​ច្នៃ​ប្រឌិត​ យក​​ផ្កា ​និង​កូន​ឈើ ​​កន្លះ​លាន​ដើម​ សង់​ជា Airbus 380 ​ទម្ងន់​​​ជាង ១០០​តោន រហូត​​បំបែក​ឯតទគ្គកម្ម​ពិភពលោក។ ​ 

ការ​តម្កើង​​គ្រោង​ឆ្អឹង​ និង​ដាំ​ផ្កា ដែល​ទទួល​បាន​កំណត់​ត្រា​អស្ចារ្យ​បំផុត​មួយ​នេះ ​ចំណាយ​ពេល ១៨០​ថ្ងៃ ​ប្រើប្រាស់​កម្លាំង​ពលកម្ម​លើស​ ២០០នាក់​ ធ្វើ​ការ​ ១០ម៉ោង​ក្នុង​មួយ​ថ្ងៃ។ រថយន្ត​ផ្កា​ដ៏​ធំ​នេះ​មាន​ប្រវែង ៧៣ម៉ែត្រ ​និង​កម្ពស់​ជាង ១០ម៉ែត្រ។ សម្រាប់​ទម្ងន់​ជាក់​ស្ដែង​របស់​យន្តហោះ​ពិត A380 គឺ​ ៥៧២តោន​។

Airbus 380 ច្នៃ​ចេញ​ពី​ផ្កា នៅ​ក្រុង​​ ឌូបៃ​នេះ ចុះឈ្មោះ​ក្នុង​​បញ្ជី​កំណត់​ត្រា​ពិភពលោក​នៅ ថ្ងៃ​ទី ២ធ្នូ ២០១៦​។   មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ យន្តហោះ​ផ្កា​រាប់​រយ​តោន​​នេះ​ស្ថិត​ក្នុង​សួន​ផ្កា​ធំ​ជាង​គេ​បង្អស់​ មាន​ឈ្មោះ​ថា  Miracle Garden ស្ថិត​ក្នុង​តំបន់​ Al Barsha ក្រុង​ឌូបៃ។ ក្រៅ​ពី​យន្តហោះ​ក្រអូប​ឈ្ងុយឈ្ងប់​នេះ នៅ​មាន​ការ​ច្នៃ​ប្រឌិត​ជា​ច្រើន​ទៀត​ចេញ​ពី​ផ្កា​ចម្រុះ​ពណ៌​ដូច​គ្នា។ ក្នុង​សួន​ទាំង​មូល សរុប​ផ្កា​ដែល​យក​ទៅ​ឌីហ្សាញ​ទាំង​អស់​មាន ៤៥លាន​ដើម។  

អាស្រ័យ​ដោយ​អាកាសធាតុ​ក្ដៅ​ហួតហែង ឬ​ដល់​កម្ដៅ​ដល់​ ៥០អង្សារ នា​រដូវ​ក្ដៅ សួន​មួយ​នេះ មិន​បើក​ដំណើរ​ការ​ពេញ មួយ​ឆ្នាំ​ទេ។

លោក Amir Jan មគ្គុទេស ទេសចរណ៍ បាន​ឲ្យ​​ Sabay ដឹង​ថា​ ​“សួន​នេះ​គេ​បើក​តែ ៦ខែ​ទេ​ គឺ​ចាប់​ពី​ សីហា ដល់ មេសា...ចូល​ដល់​ខែ​ក្ដៅ​ ផ្កា​រាប់​លាន​ដើម​នេះ គេ​ប្រមូល​ផ្កា​ទាំង​នោះ​ចេញ​ទៅ​ទុក​ រហូត​ដល់​ផុត​រដូវ​ក្ដៅ។ បើ​ផ្កា​ហ្នឹង​ទុក​ចឹង ងាប់​ខ្ទេច​មិន​ខាន ព្រោះ​ក្ដៅ​រហូត​ ៥០អង្សារ​”។   ទាំង​គូស្នេហ៍ អ្នក​ទៅ​ថត​ Pre-Wedding និង​អ្នក​ទៅ​កម្សាន្ត​ជា​ច្រើន​ទៀត សរុប​ជាង ១,៥ លាន​នាក់​រៀងរាល់​ឆ្នាំ ទៅ​លេង​ភាព​ស្រស់បំព្រង​ដែល​ច្នៃ​ចេញ​ពី​ផ្កា​​ទៅ​ជា​ផ្ទាំង​ទស្សនីយភាព​ផ្សេងៗ​មិន​ដែល​ខាន។​ សំបុត្រ​ចូល​ទស្សនា មាន​តម្លៃ​ចាប់​ពីជាង ៨-១១​ដុល្លារ៕

អត្ថបទ៖ ខ្លាឃ្មុំតូច