បានគុណបុណ្យ Apple Watch ពុំនោះទេបុរសម្នាក់ត្រូវគេងក្នុងមុងឈើ
- 2017-12-17 03:34:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បានគុណបុណ្យ Apple Watch ពុំនោះទេបុរសម្នាក់ត្រូវគេងក្នុងមុងឈើ
ចន្លោះមិនឃើញ
បុរសម្នាក់ឈ្មោះ Scott Killian បានចែករំលែករឿងរ៉ាវផ្ទាល់ខ្លួនមួយដែល Apple Watch អាចជួយសង្គ្រោះជីវិតរបស់គាត់ពីរណ្ដៅមរណៈ។
បុរសដែលចូលដល់វ័យ ៥០ ឆ្នាំក្នុងពេលប៉ុន្មានខែទៀត រូបនេះ បាននិយាយថាថ្មីៗនេះគាត់បានទៅធ្វើតេស្តរកកម្រិតស្រ្តេស និងបានធ្វើលំហាត់ប្រាណមេតាបូលីសដើម្បីស្វែងរកបញ្ហាសុខភាពដែលអាចកើតមានក្នុងវ័យរបស់ខ្លួន។ ក្រោយពីចំណាយរាប់ពាន់ដុល្លារលើការធ្វើតេស្ត លទ្ធផលបង្ហាញថាគាត់មិនមានបញ្ហាអ្វីនោះទេ។
Killian គឺជាមេធាវីមួយរូប ដែលជាការងារមួយពោរពេញដោយស្ត្រេស ហើយគាត់តែងធ្វើលំហាត់ប្រាណដូចជាវាយប៉ាវសាក់ និងរត់ជាប្រចាំដើម្បីថែរក្សាសុខភាពរបស់ខ្លួន។ តាមរយៈទម្លាប់នេះ គ្មានហេតុផលអ្វីដែលគាត់អាចកើតមានជំងឺបេះដូងបាននោះទេ។
ប៉ុន្តែ Killian ដែលពាក់នាឡិកា Apple Watch នៅពេលគេង រយៈពេល ៣ ទៅ ៤ យប់ក្នុងមួយសប្ដាហ៍ដើម្បីតាមដានការគេងរបស់ខ្លួន បាននិយាយថា Apple Watch របស់គាត់បានដាស់ឲ្យគាត់ភ្ញាក់នៅវេលាម៉ោង ១ អាធ្រាត្រ ជាមួយនឹងការឲ្យដំណឹងពីកម្មវិធីជំនួយឈ្មោះថា HeartWatch ថាចង្វាក់បេះដូងរបស់គាត់បានកើនឡើងពេលកំពុងគេង។
នៅខណៈនោះ Apple Watch បានបង្ហាញថាចង្វាក់បេះដូងរបស់ Killian លោត ១២១ ដងក្នុងមួយនាទី ស្របពេលដែលចង្វាក់បេះដូងធម្មតារបស់គាត់មានត្រឹមតែ ៤៩ ដងក្នុងមួយនាទីប៉ុណ្ណោះ។ ទិន្នន័យក៏បានបង្ហាញដែរថានេះជាលើកទីមួយហើយដែលចង្វាក់បេះដូងរបស់គាត់លោតញាប់បែបនេះ ចាប់តាំងពីបានពាក់វា (Apple Watch) មក ហេតុនេះគាត់ក៏សម្រេចចិត្តទៅកាន់បន្ទប់សង្គ្រោះបន្ទាន់។
ពេលអង្គុយចាំនៅបន្ទប់សង្គ្រោះបន្ទាន់ Killian បាននិយាយថាប្រាប់ភរិយារបស់ខ្លួនថា មានអារម្មណ៍ដូចជាកំពុងតែបង្ហិនលុយ និងពេលវេលា។ ក្រោយមកមន្ទីរពេទ្យក៏ភ្ជាប់គាត់ទៅនឹងម៉ាស៊ីន EKG មួយ។ លទ្ធផលពីការត្រួតពិនិត្យបង្ហាញថាអ្វីៗគ្រប់យ៉ាងគឺធម្មតា ប៉ុន្តែ Killian សម្គាល់ថាចង្វាក់បេះដូងរបស់គាត់នៅតែលោតញាប់ដដែល។ ម៉ាស៊ីនក្នុងមន្ទីរពេទ្យក៏បានផ្ដល់ទិន្នន័យមួយថា ប្រព័ន្ធវិនិច្ឆ័យចង្វាក់បេះដូងលើ Apple Watch របស់ Killian បានខូច។
ក្រោយមកទៀតមន្ទីរពេទ្យក៏ធ្វើតេស្តឈាម ហើយរកឃើញថាមានអង់ស៊ីមកើនឡើងខ្ពស់ ដែលជាសញ្ញាមួយបង្ហាញថាជំងឺបេះដូងបានកើតឡើង ឬ កំពុងតែកើតឡើង។ ការតេស្តបន្តបន្ទាប់ទៀតបង្ហាញថាមានសរសៃឈាមចំនួនបួនស្ទះ ដែលតម្រូវឲ្យព្យាបាលភ្លាមៗ។
Killian និយាយថា ៖ "ការតេស្តរាប់ពាន់ដុល្លារ រកមិនឃើញថាមានបញ្ហានេះឡើយ”។ គាត់បាននិយាយប្រាប់គ្រូពេទ្យវះកាត់របស់ខ្លួនថា Apple Watch គឺជាអ្នកជំរុញឲ្យគាត់មកកាន់បន្ទប់សង្គ្រោះបន្ទាន់ ហើយគ្រូពេទ្យក៏បានតបវិញថា ៖ "ប្រសិនបើគេងបន្តទៀត លោកប្រហែលជាមិនភ្ញាក់រហូត ប្រហែលជាស្លាប់ក្នុងដំណេកជាមិនខាន”។
Scott Killian និយាយថាពេលជួបប្រទះរឿងនេះហើយ រាល់ពេលដែលគាត់សម្លឹងមើល Apple Watch តែងមានពាក្យលោតចេញក្នុងខួរក្បាលរបស់គាត់ថា វាបានជួយសង្គ្រោះជីវិតគាត់៕