គ្រាន់​តែ​ដឹងថា​ប៉ាៗ Jonghyun ស្លាប់​ភ្លាម ក្មេង​តូច Yoogeun យំ​ស្ទើរគាំង

  • 2017-12-19 02:50:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ទទួល​ដំណឹង​ថា​ តារា​ប្រុស​មុខ​ពោរពេញ​ដោយ​ស្នាមញញឹម​សម្រាប់​អ្នក​គាំទ្រ​ Jonghyun បាន​លា​ចាក​លោក​ភ្លាម​ មហាជន​រន្ធត់​ចិត្ត​ឥត​ឧបមា​ មិន​ស្មាន​ថា​រឿង​នេះ​អាច​កើត​ឡើង។

ចំណែក​កុមារា​ ដែល​ជា​តួ​ឯក​ក្នុង​កម្មវិធី​ "SHINee's Hello Baby” Jung Yoogeun វិញ​ ក៏​មិន​ខុស​ពី​អ្នក​ឯទៀត​ដែរ។ ពេល​ដឹង​ថា​ ប៉ា​ប៉ា​ Jonghyun របស់​គេ​ទទួល​មរណភាព​ភ្លាម ក្មេង​ប្រុស​រូបនេះ​ ក្ដុកក្ដួល​រន្ធត់​ចិត្ត​ឥត​ឧបមា​ និង​ស្ទើរ​មិន​ជឿ​ថា​វា​ ជា​ការ​ពិត។

ព្រឹក​ថ្ងៃ​ទី​ ១៩ ខែ​ធ្នូ​នេះ​ ម្ដាយ​របស់​ក្មេង​ប្រុស​ Yoogeun បាន​បង្ហោះ​សំណេរ​មួយ​លើ​គណនី​ Instagram ថា៖ "ខ្ញុំ​មិន​ចង់​ជឿ​នឹង​ភ្នែក​ទាល់​តែ​សោះ​ ថា​វា​ជា​ការ​ពិត។ ខ្ញុំ​ភ្ញាក់​ខ្លាំង​ណាស់​ចំពោះ​ដំណឹង​នេះ។ ចំណែក​ Yoogeun វិញ​ រឹត​តែ​ស្រឡាំងកាំង​ជាង​ខ្ញុំ​ទៀត​ ហើយ​គេ​សួរ​ខ្ញុំ​រហូត។ ពេល​នេះ​អ្វី​គ្រប់​យ៉ាង​ គឺ​ទទេ​ស្អាត ហើយ​ខ្ញុំ​មិន​ដឹង​ថា​ តើ​គួរ​ពន្យល់​ប្រាប់​កូន​ខ្ញុំ​យ៉ាង​ណា? គេ​សួរ​ខ្ញុំ​ដដែល​ជា​ច្រើន​ដង។ ប៉ា Jonghyun? ហេតុ​អ្វី? គាត់​នៅ​រស់​ទេ​ ត្រូវ​អត់? វាមិនមែន​ជា​ការ​ពិត​ទេ មែន​ទេ? ប៉ាប៉ា​ Jonghyun បាន​ទៅ​ឆ្ងាយ​ហើយ​ គឺ​ទៅ​កន្លែង​ដែល​ លោកយាយ​ទួត​របស់​កូន​នៅ... ពេល​ឮ​បែប​នេះ​ Yoogeun ស្រាប់​តែ​យំ​មួយ​ទំហឹង។ គេ​យំ​សស្រាក់​យ៉ាង​ណា​ក៏​មិន​ភ្លេច​សួរ​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ដែរ។ គេ​បាន​ព្យាយាម​រក​រូបភាព​របស់​ Jonghyun ក្នុង​ទូរសព្ទ​ដៃ​របស់​គេ។ ចាប់​ពី​ពេក​នេះ​ បើ​ទោះ​បី​គេ​និយាយ​ថា​នឹក​ Jonghyun យ៉ាងណា​ ក៏​គេ​លែង​បាន​ជួប​ប៉ា​ SHINee រូបនេះ​ទៀត​ដែរ។ Yoogeun ខ្លោច​ចិត្ត​ណាស់​រហូត​គេង​មិន​លក់។ គេ​ទន្ទេញ​ឈ្មោះ​ ប៉ា Jonghyun លាយ​ឡំ​នឹង​ស​ម្រែក​យំ​ខ្សឹកខ្សួល​ រហូត​ដេក​លក់"។

បច្ចុប្បន្ន​ កូន​ប្រុស​របស់​ SHINee រូបនេះ​មាន​អាយុ​ ១១​ឆ្នាំ​ហើយ។ ត្រឡប់​ទៅ​កាល​ពី​ឆ្នាំ​ ២០១០​ Yoogeun បាន​ចូលរួម​ក្នុង​កម្មវិធី​ "SHINee's Hello Baby” ពេល​មាន​អាយុ ៤ឆ្នាំ។ កន្លង​ផុត​ទៅ​ជា​ច្រើន​ឆ្នាំ​ ក៏​ពិត​មែន​ ប៉ុន្តែ​ក្ដី​ស្រឡាញ់​របស់​ក្មេង​រូប​នេះ​មាន​ចំពោះ​ ក្រុម​ SHINee គឺ​មិន​ប្រែ​ឡើយ។ ជាមួយ​គ្នា​នោះ​ ឲ្យ​តែ​សមាជិក​ SHINee ធ្វើ​ការ​ Live លើ​ Instagram កុមារ​ Yoogeun តែង​ចូល​មើល​ និង​ ខមមិន​ជា​រឿយៗ។ ឧទាហរណ៍​មាន​ម្ដង​នោះ​ គេ​បាន​ចូល​មើល​ Live របស់​ Jonghyun ហើយ​បាន​ខមមិន​ ថា៖ "ប៉ា Jonghyun! ប៉ា​អស្ចារ្យ​ណាស់!”។

Yoogeun ពេល​នៅ​តូច

យ៉ាង​ណា​ក៏​ដោយ​ អារម្មណ៍​ពេល​បាត់​បង​មនុស្ស​ជា​ទី​ស្រឡាញ់​ពិត​ជា​ ខ្លោច​ផ្សារ​ក្រៃ​លែង​ ហើយ​ការ​បែក​គ្នា​លើក​នេះ​ គឺ​បែក​ជា​រៀង​រហូត​គ្មាន​ថ្ងៃ​ត្រឡប់​ឡើយ។ សូម​វិញ្ញាណក្ខន្ធ​ Jonghyun ទៅ​កាន់​ទី​​ស្ងប់​ចុះ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី