ទោះឈ្នះក្ដី កីឡាករ Barca ទិតៀនមិនសំចៃមាត់ស្ថានភាពវាលស្មៅរបស់ក្លឹប Valladolid
- 2018-08-27 11:43:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះឈ្នះក្ដី កីឡាករ Barca ទិតៀនមិនសំចៃមាត់ស្ថានភាពវាលស្មៅរបស់ក្លឹប Valladolid
ចន្លោះមិនឃើញ
កាលពីម្សិលមិញ ក្លឹប Barcelona បានយកឈ្នះក្លឹប Real Valladolid ក្នុងលទ្ធផល ១ ទល់នឹង ០។ ទោះជាណា ស្ថានភាពមិនល្អរបស់វាលស្មៅរបស់ក្លឹប Valladolid បានក្លាយជាប្រធានរឿងចម្រូងចម្រាស ក្រោយការប្រកួត ដោយមានយ៉ាងហោចណាស់ កីឡាករក្លឹបអ្នកមានបុណ្យចេញមុខទិតៀន។
កីឡាករទាំងពីររូបរួមមាន ខ្សែការពារ Gerard Pique និងខ្សែបម្រើ Sergio Busquets។ នៅក្រោយការប្រកួត Pique បានហៅស្ថានភាពវាលស្មៅរបស់ក្លឹប Real Valladolid ថា "រឿងដ៏អាម៉ាស់"។ ខ្សែការពារអេស្ប៉ាញ ក៏បានផ្សាភ្ជាប់បញ្ហាវាលស្មៅដល់ការរិះគន់ទៅ La Liga ផងដែរ ហើយថែមទាំងដៀមដាមអំពីកិច្ចព្រមព្រៀងដែល La Liga និងក្រុមហ៊ុនអាមេរិក Relevent ដែលបើកផ្លូវដល់ការរៀបចំឲ្យមានការប្រកួតលីគកំពូលអេស្ប៉ាញយ៉ាងហោចណាស់មួយ លេងនៅលើទឹកដីសហរដ្ឋអាមេរិក។
Pique បាននិយាយ៖ "មុននឹងយើងលក់ផលិតផលរបស់យើងទៅអាមេរិក យើងត្រូវមើលខ្លួនឯងឲ្យបានល្អនៅទីនេះសិន។ ពួកគេ (La Liga) ចង់ឲ្យកីឡាករយើងទៅលេងនៅសហរដ្ឋអាមេរិក ប៉ុន្តែស្ថានភាពវាលស្មៅនៅទីនេះ គឺជារឿងដ៏អាម៉ាស់ណាស់។ កីឡាករប្រឈមមុខនឹងការរងរបួសលេងលើស្មៅប្រភេទនេះ។ វាគឺរឿងមួយគួរឲ្យសោកស្ដាយ ហើយខ្ញុំសង្ឃឹមថា នឹងមានវិធានការមួយចំនួនត្រូវបានធ្វើឡើងដើម្បីដោះស្រាយបញ្ហាមួយនេះ"។
ចំណែកឯមិត្តរួមក្រុម Pique កីឡាករខ្សែបម្រើ Busquets ក៏យល់បែបនេះដែរ។ កីឡាករនិយាយ៖ "វាគឺជារឿងគួរឲ្យក្រៀមក្រំដែលអ្នកលេងនៅលើស្មៅបែបនេះ ក្នុងលីគដែលល្អបំផុតលើលោក។ គ្មាននរណាពីស្ថាប័ន La Liga មកពិនិត្យស្ថានភាពស្មៅនេះឡើយ។ យើងមិនអាចលេងបាល់លើស្មៅបែបនេះបានទេ។ វាដូចស្ថានភាពឆ្នេរសមុទ្រអ៊ីចឹង មិនស្មើគ្នាឡើយ"។
នៅប៉ុន្មានថ្ងៃមុនប្រកួតប៉ះ Barcelonaក្លឹប Valladolid ទើបរៀបចំឡើងវិញនូវវាលស្មៅរបស់ខ្លួន។ ការរៀបចំបែបប្រញាប់អាចជាកត្តាចម្បងដែលនាំឲ្យវាលស្មៅមានស្ថានភាពបែបនេះ។
ក្រោយរងការទិតៀន La Liga បានប្រកាសបើកការស៊ើបអង្កេតលើក្លឹប Real Valladolid អំពីស្ថានភាពវាលស្មៅ៕