E-Sports អាចត្រូវបានបញ្ចូលក្នុងកីឡាអូឡាំពិកទេ ក្រោយបានចូល Asian Games?
- 2018-08-27 12:43:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
E-Sports អាចត្រូវបានបញ្ចូលក្នុងកីឡាអូឡាំពិកទេ ក្រោយបានចូល Asian Games?
ចន្លោះមិនឃើញ
កីឡាអេឡិចត្រូនិក ឬ E-Sports ត្រូវបានដាក់បញ្ចូលក្នុង Asian Games ហើយក្នុងឆ្នាំនេះ។ តើអាចទេ ដែលកីឡាប្រភេទនេះនឹងត្រូវបានដាក់ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកខាងមុខ។
ចម្លើយគឺអាច។ កាលពីខែមុន ក្រុមប្រឹក្សាអូឡាំពិកអន្តរជាតិ (IOC) ទើបតែបានធ្វើវេទិកាមួយស្ដីពី E-Sports នៅទីស្នាក់ការកណ្ដាលរបស់ខ្លួននៅទីក្រុង Lausanne ប្រទេសស្វីស។
ក្នុងវេទិកានោះ ប្រធាន IOC លោក Thomas Bach បានបង្ហាញចម្លើយវិជ្ជមានចំពោះ E-Sports។ លោកបាននិយាយថា ទំនាក់ទំនងរវាងកីឡាប្រភេទនេះ និងអូឡាំពិកកាន់តែកើនឡើងជាបន្តបន្ទាប់។ លោកសន្យាថា នឹងបន្តពិភាក្សាដើម្បីឈានទៅរកភាពជាដៃគូរវាង IOC និង E-Sports។ ទោះជាយ៉ាងណា លោក Bach មិនបាននិយាយទេ តើ Esports អាចត្រូវបានបញ្ចូលនៅក្នុងកីឡាអូឡាំពិក ឬអត់នោះទេ។
បើតាមប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី លោក Kenneth Fok បានឲ្យដឹងថា គោលដៅរយៈពេលវែងរបស់សហព័ន្ធ គឺដាក់បញ្ចូលកីឡាប្រភេទនេះ ចូលទៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។ យ៉ាងនេះក្ដី លោក Fok មិនទាន់ហ៊ាននិយាយទេ ថាពេលណា រឿងនេះអាចក្លាយជាការពិត។
លោក Kenneth Fok ត្រូវបានសារព័ត៌មាន AP រាយការណ៍ថា មានទំនាក់ទំនងជិតស្និទ្ធនឹងគណៈកម្មការអូឡាំពិក (IOC)។ ឪពុករបស់លោក គឺជាសមាជិក IOC មកពីហុងកុង ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១៦ ហើយនៅតែបន្តជាសមាជិកកិត្តិយសរហូតមកទល់ពេលនេះ។
មួយរយៈចុងក្រោយ កីឡា E-Sports ចាប់ផ្ដើមទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន ពិសេសយុវវ័យ។ បើតាមលោក Mike Morhaime នាយកប្រតិបត្តិនៃ Blizzard Entertainment ដែលជាក្រុមហ៊ុនអភិវឌ្ឍហ្គេមវីដេអូមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឲ្យដឹងថា មានមនុស្សជាង ២ ពាន់លាននាក់បានកំពុងលេង E-Sports ខណៈ មនុស្សជាង ៣៨០ លាននាក់ទស្សនាកីឡាប្រភេទនេះ។
ប្រទេសចិនបានប្រកាសជាផ្លូវការហើយថា កីឡាអេឡិចត្រូនិកនឹងក្លាយជាកីឡាពេញសិទ្ធិក្នុងការដណ្តើមយកមេដាយដូចកីឡាផ្សេងៗទៀតដែរនៅពេលចិនធ្វើម្ចាស់ផ្ទះកីឡាទ្វីបអាស៊ី Asian Games ឆ្នាំ២០២២៕