Mourinho ឆេះដុំដើរ​ចេញ​ពី​សន្និសីទកាសែត ក្រោយ​អ្នក​កាសែត​សួរ​ធ្ងន់ៗ

  • 2018-08-28 02:21:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho ហាក់​មិន​សប្បាយ​ចិត្ត​ជាមួយ​ក្រុម​សារព័ត៌មាន​​ក្រោយ​ពី​មាន​ការ​ចោទ​សួរ​ខ្លាំង​ៗ ​ពេល​​ក្រុម​របស់​លោក​ចាញ់ Spurs ចាស់​ដៃ​ក្នុង​លទ្ធផល​៣​ទល់​នឹង​០។

លទ្ធផល​នេះ​គឺ​ជា​ការ​បរាជ័យ​ធ្ងន់ធ្ងរ​បំផុត​របស់ Mourinho ក្នុង​ផ្ទះ​គិត​គ្រប់​កម្មវិធី​ប្រកួត។ សម្រាប់​ជ័យជម្នះ​របស់ Spurs ត្រូវ​អរគុណ​គ្រាប់​បាល់​របស់  Harry Kane និង​ Lucas Moura ធ្វើ​បាន​២​គ្រាប់​ម្នាក់​ឯង។ នេះ​​ជា​ការ​ចាប់​ផ្ដើម​រដូវ​កាល​យ៉ាង​លំបាក​របស់ Man Utd ដោយ​៣​ប្រកួត​​ក្នុង​លីគ​កន្លង​ទៅ​ចាញ់​២​ប្រកួត​ទៅ​ហើយ។

ចប់​ការ​ប្រកួត​ខាង​លើ ក្នុង​សន្និសីទកាសែត ក្រុម​អ្នក​​កាសែត​បាន​លើក​ពី​ចំណុច​អ្នក​គាំទ្រ​មួយ​ចំនួន​​បាន​ដើរ​ចេញ​ពី Old Trafford នៅ​ដើម​វគ្គ​ទី​ពីរ។ ភ្លាម​នោះ Mourinho បាន​តប​ទាំង​ក្ដៅ​ស្លឹក​ត្រចៀក​ថា៖ ពួក​យើង​ចាញ់​ Sevilla ក្នុង UCL កាល​ពី​រដូវ​កាល​មុន​នៅ​ទី​នេះ ហើយ​ពួក​យើង​ត្រូវ​អ្នក​គាំទ្រ​ស្រែក​ឲ្យ ព្រោះ​ពូក​យើង​សម​នឹង​ទទួល​បែប​នេះ។ ថ្ងៃ​នេះ​កីឡាករ​ដើរ​ចេញ​ពី​ទីលាន បន្ទាប់​ពី​ចាញ់​ក្នុង​ផ្ទះ ហើយ​ត្រូវ​អ្នក​គាំទ្រ​ស្រែក​ឲ្យ​ជា​ថ្មី ព្រោះ​ពួក​យើង​សម​​ទទួល​បែប​នេះ។ ដូច្នេះ​ត្រូវ​បន្ត​ព្យាយាម ព្យាយាម ព្យាយាម"។

អ្នក​ចាត់​ការ​វ័យ​៥៥​ឆ្នាំ​បន្ត​ថា៖ "តើ​អ្នក​​ដឹក​ថា​លទ្ធផល​អ្វី​ទេ? ៣-០ តើ​អ្នក​ដឹង​ថា​វា​មាន​ន័យ​ដូច​ម្ដេច​ទេ​? មាន​ន័យ​ថា Premier League ​៣ដង។ ខ្ញុំ​ធ្លាប់​ឈ្នះ​ពាន Premier League ​ច្រើន​ជាង​អ្នក​ចាត់​ការ​ទាំង​១៩​នៅ​ Premier League នាពេល​បច្ចុប្បន្ន​បូក​ចូល​គ្នា។ ៣​សម្រាប់​ខ្ញុំ​ ២​សម្រាប់​ពួក​គេ។  Respect, Respect, respect”។ និយាយ​រួច Mourinho ​បាន​ដើរ​ចេញ​ពី​សន្និសីទកាសែត​តែ​ម្ដង។ ​​​

​ពាក្យ​ខាង​លើ​ Mourinho ចង់​មាន​ន័យ​ថា លោកធ្លាប់​ឈ្នះ​ពាន Premier League ​៣ដង ពេល​នៅ​ដឹក​នាំ Chelsea។ សម្រាប់​អ្នក​ចាត់​ការ​នៅ Premier League បច្ចុប្បន្ន​​​ទាំង​១៩​​នាក់​មាន​តែ Pep Guardiola និង Manuel Pellegrini ប៉ុណ្ណោះ​ធ្លាប់​ឈ្នះ​ពាន​លីគ​កំពូល​របស់​អង់គ្លេស​មួយ​នេះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ