ក្រុមហ៊ុន​ចិន​​បង្ហាញ​តម្រុយ​បន្ថែម​ពី iPhone ស៊ីម​ពីរ​

  • 2018-09-11 06:44:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន​ China Telecom និង China Mobile ​បាន​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​ពី​ iPhone ស៊េរី​ថ្មី​ដែល​អាច​​​ដាក់​ស៊ីម​បាន​ពីរ។

​រយៈពេល​កន្លង​មក​នេះ​គេ​ទទួល​បាន​ដំណឹង​ខុសៗ​គ្នា​ពី​ iPhone ស៊ីម​ពីរ។ កាល​ពី​ខែ​​កក្កដា​ លោក​ Ming Chi Kuo បាន​ព្យាករណ៍​ថា​​​ iPhone Xs ដែល​មាន​អេក្រង់​ទំហំ​ ៦,៥ អ៊ីញ​ និង​អាច​ដាក់​ស៊ីម​បាន​ពីរ។ ចំណែក​សារព័ត៌មាន​ Economic Daily News បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មុន​ថា​​មាន​តែ​ iPhone អេក្រង់​ទំហំ ៦,១ អ៊ីញ​ប៉ុណ្ណោះ​ដែល​អាច​ទ្រាំទ្រ​នឹង​ស៊ីម​ពីរ។

សារព័ត៌មាន​ Bloomberg ឯណោះ​វិញ​បាន​ចេញ​ផ្សាយ​ដែរ​ថា​​​ប្រភេទ​ iPhone ស៊ីម​ពីរ​នឹង​មាន​សម្រាប់​តែ​ប្រទេស​មួយ​ចំនួន ហើយ​នឹង​មាន​លើ​ iPhone ដែល​ប្រើ​ប្រាស់​អេក្រង់​ OLED (iPhone Xs និង Xs Max)។

ពេល​នេះ​ដល់​វេន​​​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន​ China Telecom និង China Mobile បាន​បង្ហោះ​រូបភាព​ពីរ​ដែល​ទំនង​ជា​បញ្ជាក់​ពី​វត្តមាន​ iPhone ស៊ីម​ពីរ។ China Telecom បាន​បង្ហោះ​រូប​ iPhone ដែល​មាន​ជើង​ស៊ីម​ពីរ​​ ខុស​ប្លែក​ពី​រូបភាព​លេច​ធ្លាយ​កន្លង​ទៅ។

ដោយ​ឡែក​ China Mobile បាន​បង្ហោះ​រូប​ត្លុក​​នៃ​ផ្លែ​ប៉ោម​ដើម្បី​ផ្ដល់​ជា​តម្រុយ។​ យ៉ាងណាក្ដី​​ក្រុមហ៊ុន​ទាំង​ពីរ​មិន​បាន​បង្ហាញ​ពី​ម៉ូដែល​ iPhone ដែល​អាច​ដាក់​ស៊ីម​បាន​ពីរ​នោះ​ទេ។ ចម្លើយ​នឹង​ត្រូវ​បង្ហាញ​នៅ​ថ្ងៃ​ទី​ ១២ ស្អែក​នេះ៕​​​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង