មកដឹងឲ្យច្បាស់ពី ប្រភេទហ្វ្រាំងរថយន្តមាន​អ្វីខ្លះ?

  • 2018-09-19 02:13:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងពេលបើកបររថយន្ត ដើម្បីបន្ថយល្បឿន និងបញ្ឈប់ អ្នកបើកបរគ្រប់រូបត្រូវប្រើប្រាស់ប្រព័ន្ធហ្វ្រាំង ដោយជាន់ឈ្នាន់ហ្វ្រាំងដែលនៅជាប់នឹងឈ្នាន់ហ៊្គែរ។ ជាការពិតណាស់ ប្រព័ន្ធហ្វ្រាំង ជាផ្នែកមួយស្ថិតក្នុងផ្នែកសំខាន់ៗបំផុត ដើម្បីឲ្យរថយន្តដំណើរការ និងបញ្ឈប់ដំណើរការឲ្យមានប្រសិទ្ធភាព ហើយចំពោះប្រព័ន្ធហ្វ្រាំងដែលប្រើប្រាស់លើរថយន្តនានាសព្វថ្ងៃនេះ ក៏មានប្រភេទខុសៗគ្នាដែរ។ ប្រភេទហ្វ្រាំងជើង​ដែល ប្រើប្រាស់លើរថយន្តសព្វថ្ងៃមាន ២ ប្រភេទផ្សេងគ្នា គឺហ្វ្រាំងថាស និងហ្វ្រាំងតាំបួរ ហើយ​វា​ក៏​មាន​ប្រព័ន្ធ​ហ្វ្រាំង​​ ២ ទៀត​ដែរ​គឺ ហ្វ្រាំងប្រើពេលអាសន្ន និងប្រព័ន្ធហ្វ្រាំង ABS។

១. ហ្វ្រាំងថាស (Disc Brake)

ហ្វ្រាំងថាសជាប្រភេទហ្វ្រាំងជើង ផ្គុំឡើងដោយ រ៉ូទ័រហ្វ្រាំងដែលភ្ជាប់ទៅនឹងកង់ផ្ទាល់តែម្ដង។ សម្ពាធរបស់ប្រព័ន្ធអ៊ីដ្រូលីក (Hydraulic System) ដែលចេញពីស៊ីឡាំងមេ នឹងធ្វើឲ្យឆ្នាប់ (Calibre) នៅជាប់នឹងថាសហ្វ្រាំងដែលជាប់នឹងកង់នោះ ចាប់ផ្ដើមផ្អឹបចូលគ្នា ដើម្បីចាប់ថាសហ្វ្រាំងនោះ។ ការចាប់នេះបង្កើតជាការកកិត ដើម្បីបន្ថយល្បឿន ឬក៏បញ្ឈប់រថយន្តតែម្ដង។

២. ហ្វ្រាំងតាំប៊ួរ (Drum Brake)

ហ្វ្រាំងតាំប៊ួរជាប្រភេទហ្វ្រាំងជើង ប្រើប្រាស់តាំប៊ួរដែលបំពាក់នៅខាងក្នុងដុំកង់រថយន្តផ្ទាល់តែម្ដង។ នៅពេលដែលអ្នកបើកបរជាន់ហ្វ្រាំង ប្រព័ន្ធអ៊ីដ្រូលីកនឹងរុញតាំប៊ួរ ២ ស្បែកហ្វ្រាំង ២ ដែលផ្គុំគ្នាជារង្វង់នៅក្នុងកង់នោះ ឲ្យកកិតជាមួយតាំប៊ួរហ្វ្រាំង។ ការចាប់នេះបង្កើតជាការកកិត ដើម្បីបន្ថយល្បឿន ឬក៏បញ្ឈប់រថយន្តដូចគ្នានឹងហ្វ្រាំងថាសដែរ។

៣. ហ្វ្រាំងគ្រាអាសន្ន (Emergency Brake)

ហ្វ្រាំង​គ្រាអាសន្ន ដែលប្រជាជនខ្មែរចំណាំហៅថា ហ្វ្រាំងដៃនោះ គឺជាប្រព័ន្ធហ្វ្រាំងឯករាជ្យមួយ ដាច់ផ្សេងពីប្រព័ន្ធហ្វ្រាំងសម្រាប់បន្ថយល្បឿន និងបញ្ឈប់រថយន្ត។ ហ្វ្រាំងនេះមានរូបរាងច្រើន នៅច្រើនកន្លែងផ្សេងគ្នា ដោយខ្លះមានរូបរាងដូចដៃសម្រាប់ទាញឡើងលើនៅជិតចង្កឹះលេខ ផ្សេងទៀតនៅខាងក្រោមចង្កូតជាប់ទ្វារសម្រាប់ជាន់ ហើយខ្លះទៀតគ្រាន់តែជាប៊ូតុងអក្សរ P មួយតែប៉ុណ្ណោះ នៅម្ដុំប្រអប់លេខ។ ហ្វ្រាំង​គ្រាអាសន្ន ដំណើរការដោយសារតែខ្សែកាបនៅខាងក្នុង បានដាក់សម្ពាធទៅលើកង់ទាំង ៤ ធ្វើឲ្យវាពិបាកនឹងរំកិលទៅមុខ ក្រោយ។ ជាធម្មតាហ្វ្រាំងនេះ ប្រើប្រាស់សម្រាប់ពេលចត កុំឲ្យរថយន្តរំកិលបាន តែវាក៏អាចប្រើនៅពេលមានអាសន្នដែរ គឺនៅពេលដែលហ្វ្រាំងជើងជាន់លែងស៊ី។

៤. ប្រព័ន្ធហ្វ្រាំង ABS (Anti-Lock Braking System)

ប្រព័ន្ធហ្វ្រាំង ABS ជាប្រព័ន្ធដែលដាក់នៅលើហ្វ្រាំងជើង ការពារកុំឲ្យកង់ជាប់គាំង ដែលអាចបណ្ដាលឲ្យរថយន្តអូសទៅមុខ មិនអាចបញ្ជាចង្កូតបាន នៅពេលជាន់ហ្វ្រាំងភ្លាមៗ។ ប្រព័ន្ធនេះមានប្រសិទ្ធភាពបំផុត នៅពេលដែលផ្លូវមានសភាពរអិល ព្រោះវានឹងជួយមិនឲ្យរថយន្តបាត់លំនឹង ពេលជាន់ហ្វ្រាំងភ្លាមៗ។

ចុចអាន៖

ប្រភព៖ www.atlantictireonline.com   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម