កាន់តែ​លម្អិត​ប្រាប់ខ្ទេច ទាំង​គុណសម្បត្តិ និងគុណវិបត្តិរវាងម៉ាស៊ីនសាំង និងម៉ាស៊ីនម៉ាស៊ូត

  • 2018-10-03 23:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃ រថយន្ត​ប្រើប្រាស់​សាំងមានចំនួន​ប្រើប្រាស់​ច្រើនលើលលប់សម្រាប់ការងារប្រចាំថ្ងៃ។ ប៉ុន្តែបើនិយាយពីវិស័យដឹកជញ្ជូនវិញ រថយន្តភាគច្រើន ជាប្រភេទម៉ាស៊ីនម៉ាស៊ូតទៅវិញ។

ម៉ាស៊ីនសាំង គឺជាម៉ាស៊ីនដែលពេញនិយមបំផុតក្នុងពិភពលោក ដោយវាដំណើរការដោយការដុតសាំងនៅក្នុងស៊ីឡាំងរបស់ម៉ាស៊ីនរថយន្ តដើម្បីបង្កើតជាថាមពលសម្រាប់អូសកង់ទៅមុខ និងបើកម៉ាស៊ីនត្រជាក់ជាដើម។ បើនិយាយឲ្យលម្អិតក្នុងន័យបច្ចេកទេសវិញ ស៊ីឡាំងនៅក្នុងម៉ាស៊ីនរថយន្តទ្រទ្រង់ចំហេះ បង្កើតឡើងដោយល្បាយរបស់សាំង និងខ្យល់ពីខាងក្រៅ បូករួមនិងក្បាលប៊ូស៊ី ដែលទទួលអគ្គិសនីពីអាគុយ នឹងបង្កើតផ្កាភ្លើង សម្រាប់បង្កើតចំហេះក្នុងស៊ីឡាំងនេះឡើង។

និយាយពីម៉ាស៊ីនម៉ាស៊ូតវិញ ស្រដៀងទៅនឹងម៉ាស៊ីនសាំងដែរ តែខុសគ្នាត្រង់ថាម៉ាស៊ីនម៉ាស៊ូតមិនត្រូវការក្បាលប៊ូស៊ី ដើម្បីបញ្ឆេះឡើយ។ វិធីសម្រាប់បង្កើតចំហេះនៅក្នុងម៉ាស៊ីនម៉ាស៊ូត គឺវាប៊ឺតខ្យល់យកមកពីខាងក្រៅមកបង្ហាប់ឲ្យណែនខ្លាំង ហើយកើនសីតុណ្ហភាពខ្ពស់ខ្លាំង។ ក្រោយមកវាក៏បាញ់ម៉ាស៊ូតចូលក្នុងខ្យល់នោះ ហើយចំហេះក៏កើតឡើងតែម្ដង។

គុណសម្បត្តិ និងគុណវបត្តិរបស់ម៉ាស៊ីនទាំងពីរប្រភេទ៖

១. ម៉ាស៊ីនសាំង

គុណសម្បត្តិ

  • ម៉ាស៊ីនសាំងមានកម្លាំងខ្លាំងជាងម៉ាស៊ីនម៉ាស៊ូត (កម្លាំងសេះច្រើនជាង)
  • ម៉ាស៊ីនសាំងងាយស្រួលក្នុងការកែតម្រូវ និងការបន្ថែមផ្សេងៗ
  • ចំហេះក្នុងម៉ាស៊ីនសាំង មិនសូវបំពុលបរិស្ថាន
  • នៅក្នុងប្រទេសមួយចំនួន ប្រេងសាំងមានតម្លៃថោកជាងម៉ាស៊ូត ព្រោះម៉ាស៊ូតបំពុលបរិស្ថានជាង រដ្ឋយកពន្ធច្រើន (នៅក្នុងស្រុកយើងម៉ាស៊ូតមានតម្លៃថោកជាងសាំង)

គុណវិបត្តិ

  • អាយុកាលប្រើប្រាស់របស់ម៉ាស៊ីនសាំង ខ្លីជាងម៉ាស៊ីនម៉ាស៊ូត
  • រថយន្តប្រើម៉ាស៊ីនសាំងលក់ខាតច្រើនជាង រថយន្តប្រើម៉ាស៊ីនម៉ាស៊ូត
  • ម៉ាស៊ីនសាំង មានកម្រិតស៊ីប្រេងច្រើនជាងម៉ាស៊ីនម៉ាស៊ូត
  • នៅក្នុងស្រុកយើង តម្លៃប្រេងសាំងមានតម្លៃថ្លៃជាងប្រេងម៉ាស៊ូត

២. ម៉ាស៊ីនម៉ាស៊ូត

គុណសម្បត្តិ

  • រថយន្តប្រើម៉ាស៊ីនម៉ាស៊ូតលក់ចេញបានថ្លៃជាងម៉ាស៊ីនសាំង ពោលគឺមិនសូវខាតច្រើន
  • ម៉ាស៊ីនម៉ាស៊ូតមានអត្រាស៊ីប្រេងតិចជាង បើធៀបទៅនឹងម៉ាស៊ីនសាំង
  • ម៉ាស៊ីនម៉ាស៊ូតមានដំណើរការរលូន គួរឲ្យទុកចិត្តជាងម៉ាស៊ីនសាំង
  • ម៉ាស៊ីនម៉ាស៊ូតមានកម្លាំងរមួល (torque) ខ្លាំងជាងម៉ាស៊ីនសាំង
  • អាច​សណ្ដោង​វត្ថុធ្ងន់ៗ ប្រើសម្រាប់ឧស្សាហកម្ម និងការបើកបរផ្លូវឆ្ងាយបានល្អជាងម៉ាស៊ីនសាំង

គុណវិបត្តិ

  • រថយន្តប្រើម៉ាស៊ីនម៉ាស៊ូតភាគច្រើនមានតម្លៃថ្លៃជាងម៉ាស៊ីនសាំង
  • ចំហេះរបស់ម៉ាស៊ូត មាននៅសល់កម្ទេចកម្ទីច្រើន មិនស្អាតដូចសាំង
  • ម៉ាស៊ីនម៉ាស៊ូតមានកម្លាំងសេះតិច មិនសូវស្ទុះ បើធៀបទៅនឹងម៉ាស៊ីនសាំងទំហំប៉ុនគ្នា
  • ម៉ាស៊ីនម៉ាស៊ូត ផ្ដល់ផលប៉ះពាល់ច្រើនដល់បរិស្ថាន ព្រោះផ្សែងវាមានសារធាតុពុលច្រើន
  • ការថែទាំម៉ាស៊ីនម៉ាស៊ូតត្រូវចំណាយប្រាក់ច្រើនបើធៀបទៅនឹងម៉ាស៊ីនសាំង
  • ម៉ាស៊ីនម៉ាស៊ូតចាស់ៗ មានសំឡេងលាន់ខ្លាំង

ចុចអាន៖

ប្រភព៖ www.picknbuy24.com   ប្រែ​សម្រួល៖ ផាត សុវត្ថិ