ឆ្នាំថ្មីហើយ! នេះជាទម្លាប់ល្អ៣ ប្រើពេល២៧នាទីរាល់ព្រឹកនឹងផ្លាស់ប្ដូរជីវិតអ្នក
- 2018-12-30 01:48:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំថ្មីហើយ! នេះជាទម្លាប់ល្អ៣ ប្រើពេល២៧នាទីរាល់ព្រឹកនឹងផ្លាស់ប្ដូរជីវិតអ្នក
ចន្លោះមិនឃើញ
ការផ្លាស់ប្ដូរដ៏សាមញ្ញនៅពេលដែលអ្នកក្រោកពីគេងពីព្រលឹម អាចជួយឱ្យអារម្មណ៍របស់អ្នកល្អប្រសើរ និង បង្កើនសុភមង្គល។
ប្រភព The Independent បានរាយការណ៍ថា មានវិធីវិទ្យាសាស្ត្រមួយចំនួន ដែលអាចកែលម្អអាកប្បកិរិយារបស់អ្នកដោយផ្ទាល់ ដោយការចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់នៅពេលព្រឹកព្រលឹម។
ប្រសិនបើអ្នកចង់ចាប់ផ្តើមថ្ងៃថ្មីដោយការគ្មានភាពតានតឹង ស្មុគស្មាញ ប៉ុន្តែជាការគិតបែបវិជ្ជមាន និង ការបង្កើនចំណេះដឹង អ្នកអាចបញ្ចូលទម្លាប់២៧នាទីនៅពេលព្រឹក ដើម្បីផ្លាស់ប្ដូរជីវិតរបស់អ្នក។
៥ នាទី - ធ្វើលំហាត់ដកដង្ហើម
ធ្វើលំហាត់ដកដង្ហើមដើម្បីបន្ថយភាពតានតឹង។ ដកដង្ហើមមួយៗវែងៗ ទាំងដង្ហើមចេញ និង ចូល។ ដោយប្រើរយៈពេល៥នាទី ដើម្បីអនុវត្តបច្ចេកទេសដកដង្ហើម អ្នកអាចកាត់បន្ថយកម្រិតអ័រម៉ូនស្រ្តេស cortisol និង ធ្វើឲ្យអាកប្បកិរិយារបស់អ្នកល្អប្រសើរដោយស្វ័យប្រវត្តិ។
២ នាទី - សរសេរគុណសម្បត្តិដែលជារឿងល្អរបស់អ្នកចំនួន៣
សរសេរនូវមោទនភាពរបស់អ្នកចំនួន៣។ បន្ទាប់ពីការធ្វើលំហាត់ដកដង្ហើមរួច អ្នកគួរចំណាយពេល២នាទីបន្ទាប់ដើម្បីសរសេររឿងរ៉ាវ៣ដែលអ្នកចង់អរគុណខ្លួនឯង។
លោក Shawn Achor ជាចិត្តវិទូវិជ្ជមាន និង ជាអ្នកនិពន្ធសៀវភៅអត្ថប្រយោជន៍សុភមង្គលបានរៀបរាប់ថា ដោយចំណាយពេលតែ២នាទីប៉ុណ្ណោះដែលផ្តោតលើការដឹងគុណ មិនថាដឹងគុណដល់ខ្លួនឯង ឬ អ្នកដទៃ ធ្វើរបៀបនេះ អ្នកកំពុងតែបង្រៀនខួរក្បាលរបស់អ្នកឲ្យឲ្យប្រមើលមើលពិភពលោកក្នុងផ្លូវវិជ្ជមាន ជាជាងយកភាពអវិជ្ជមានដាក់ខ្លួន។
បច្ចេកទេសបែបនេះ នឹងជួយ "កែសម្រួលខួរក្បាលរបស់យើងឱ្យកាន់តែវិជ្ជមាន" ដែលអាចធ្វើឱ្យប្រសើរឡើងនូវសមត្ថភាព និង បង្កើនសក្ដានុពលរបស់យើង។
២០ នាទី - រៀនអ្វីដែលថ្មី
ចុងក្រោយ ចំណាយពេល២០នាទីរបស់អ្នកដោយការរៀនអ្វីដែលថ្មី មិនថារៀនដោយខ្លួនឯង ឬ ជជែកជាមួយអ្នកដទៃ។ ឧទាហរណ៍ អ្នកអាចអានព័ត៌មាននៅលើទូរសព្ទដៃរបស់អ្នករាល់ព្រឹក ឬ រៀនពាក្យថ្មីជាភាសាអង់គ្លេស ឬ ភាសាចិនរាល់ព្រឹក ឬ ជជែកនៅតុកាហ្វេជាមួយមនុស្សនានាដើម្បីផ្លាស់ប្ដូរយោបល់។
ក្នុងរយៈពេល២០នាទី ក្នុងការទទួលរបស់ថ្មី វានឹងជួយពង្រីកចំណេះដឹង និងពង្រឹងសមត្ថភាពនៃការគិតរបស់ខួរក្បាលឲ្យកាន់តែមានភាពរហ័សរហួន ដែលទាំងនេះមានប្រយោជន៍ដល់ការរីកចម្រើនរបស់មនុស្សម្នាក់ៗ។
Vanessa King អ្នកឯកទេសចិត្តសាស្ត្រវិជ្ជមានបាននិយាយថា ការរៀនសូត្រគឺជា "តម្រូវការស្នូលសម្រាប់សុខុមាលភាពផ្លូវចិត្ត"។
King និយាយថា "ការរៀនសូត្រអាចជួយយើងកសាងទំនុកចិត្ត និង មានអារម្មណ៍ថាខ្លួនឯងមានប្រសិទ្ធភាព។ វាក៏អាចជាមធ្យោបាយតភ្ជាប់ជាមួយអ្នកដទៃផងដែរ"។
ដោយអនុវត្តវិធីទាំង៣ដំណាក់កាលនេះរយៈពេល ២៧ នាទីរៀងរាល់ព្រឹក បានន័យថា អ្នកចាប់ផ្តើមថ្ងៃថ្មីជាមួយការរីកចម្រើន និង ធានាថាអារម្មណ៍អាក្រក់នឹងមិនមានក្នុងចិត្តអ្នកឡើយពេញ១ថ្ងៃ៕