សេចក្តីថ្លែងការណ៍ផ្លូវការពីក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍ ម.ក

  • 2025-10-17 15:48:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានក្រុមប្រឹក្សាភិបាល និងក្រុមប្រឹក្សាភិបាល នៃធនាគារ ព្រីនស៍ ម.ក សូមជម្រាបជូនទាក់ទងទៅនឹងការដាក់បញ្ចូលឈ្មោះរបស់ធនាគារ ព្រីនស៍ កាលពីពេលថ្មីៗនេះ នៅក្នុងបញ្ជីទណ្ឌកម្មដែលចេញផ្សាយដោយ ការិយាល័យត្រួតពិនិត្យទ្រព្យសកម្មបរទេស នៃក្រសួងរតនាគារសហរដ្ឋអាមេរិក (OFAC) និងរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ។ ក្រុមប្រឹក្សាភិបាលរបស់ធនាគារយើងខ្ញុំត្រួតពិនិត្យស្ថានការណ៍នេះដោយយកចិត្តទុកដាក់បំផុត ហើយយើងចង់ធានាដល់គ្រប់ភាគីពាក់ព័ន្ធរបស់ធនាគារ ព្រីនស៍ ទាំងអស់ថា ធនាគារ ព្រីនស៍ នៅតែរក្សាស្ថិរភាព សុចរិតភាព និងការបន្តប្តេជ្ញាអនុលោមតាមស្តង់ដារក្រមសីលធម៌ និងបទប្បញ្ញត្តិយ៉ាងខ្ជាប់ខ្ជួន ។

ការប្តេជ្ញាចិត្តចំពោះអភិបាលកិច្ចល្អ និងតម្លាភាព

ក្នុងនាមជាក្រុមប្រឹក្សាភិបាលដែលមានសិទ្ធិ និងសមត្ថភាពខ្ពស់បំផុតក្នុងការធ្វើសេចក្តីសម្រេចពាក់ព័ន្ធនឹងធនាគារ យើងសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដោយឥតងាករេរបស់យើងក្នុងការអនុវត្តអភិបាលកិច្ចល្អ តម្លាភាព និងការអនុលោមតាមបទប្បញ្ញត្តិ ។ ធនាគារបានរៀបចំនូវរចនាសម្ព័ន្ធផ្ទៃក្នុង និងបង្កើតយន្តការត្រួតពិនិត្យជាច្រើន ដើម្បីធានាថាគ្រប់ផ្នែកទាំងអស់នៅក្នុងធនាគារប្រកាន់ខ្ជាប់ និងអនុវត្តតាមស្តង់ដារល្អបំផុតរបស់វិស័យធនាគារ ។ ធនាគាររបស់យើងប្រតិបត្តិការយ៉ាងតឹងរ៉ឹងស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់ ធនាគារជាតិនៃកម្ពុជា (NBC) និងក្របខ័ណ្ឌច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាដែលគ្រប់គ្រងលើស្ថាប័នហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណទាំងអស់ ។ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានធ្វើសវនកម្មដោយឯករាជ្យដោយសវនករខាងក្រៅដ៏ល្បីឈ្មោះ ដើម្បីពង្រឹងតម្លាភាព គណនេយ្យភាព និងការគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងល្អ ។

ការត្រួតពិនិត្យឯករាជ្យ និងការអនុលោមភាពយ៉ាងតឹងរ៉ឹង

ក្រុមប្រឹក្សាភិបាលអនុវត្តការត្រួតពិនិត្យឯករាជ្យ និងសកម្មលើរាល់បញ្ហាប្រតិបត្តិការ យុទ្ធសាស្ត្រ និងការអនុលោមភាព ។ដើម្បីជួយសម្រួលដល់មុខងារសំខាន់ៗនេះ គណៈគ្រប់គ្រងជាន់ខ្ពស់តែងតែផ្តល់ព័ត៌មាន និងការអភិវឌ្ឍពាក់ព័ន្ធទាំងអស់ជាប្រចាំជូនដល់ក្រុមប្រឹក្សាភិបាលឱ្យបានពេញលេញ ដែលអនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាលធ្វើការសម្រេចចិត្តទាន់ពេលវេលា និងចាំបាច់ ដើម្បីការពារផលប្រយោជន៍ល្អបំផុតរបស់ធនាគារ ។

ការសម្រេចចិត្តសំខាន់ៗទាំងអស់ ឆ្លងកាត់ការត្រួតពិនិត្យ និងអនុម័តយ៉ាងម៉ត់ចត់របស់ក្រុមប្រឹក្សាភិបាល ដើម្បីធានាថាធនាគារប្រកាន់ខ្ជាប់ពេញលេញចំពោះការប្រឆាំងការសម្អាតប្រាក់ (AML) ការផ្តល់ហិរញ្ញប្បទានប្រឆាំងភេរវកម្ម (CFT) និងស្តង់ដារប្រុងប្រយ័ត្នផ្សេងៗទៀតកំណត់ដោយធនាគារជាតិនៃកម្ពុជា (NBC) ។

ឯករាជ្យភាពពីឥទ្ធិពលម្ចាស់ភាគហ៊ុន

ធនាគារ ព្រីនស៍ ប្រតិបត្តិការក្រោមក្របខណ្ឌអភិបាលកិច្ចឯករាជ្យ និងវិជ្ជាជីវៈ ។ ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងរបស់យើងអនុវត្តសកម្មភាពអាជីវកម្មទាំងអស់ដោយស្វ័យភាព ដោយគ្មានការជ្រៀតជ្រែក ឬឥទ្ធិពលពីម្ចាស់ភាគហ៊ុន ឬភាគីខាងក្រៅណាមួយឡើយ ។ ការការពារផលប្រយោជន៍របស់អតិថិជន បុគ្គលិក និងសាធារណជនរបស់យើង នៅតែជាអាទិភាពខ្ពស់បំផុតរបស់យើង ។

ការត្រួតពិនិត្យច្បាប់ និងយុទ្ធសាស្ត្រសម្រាប់ការដកឈ្មោះចេញពីបញ្ជីទណ្ឌកម្មនៃការិយាល័យត្រួតពិនិត្យទ្រព្យសកម្មបរទេស នៃក្រសួងរតនាគារសហរដ្ឋអាមេរិក (OFAC)

ក្រុមប្រឹក្សាភិបាលនឹងតែងតាំងក្រុមអ្នកប្រឹក្សាច្បាប់អន្តរជាតិដែលមានបទពិសោធន៍ ដើម្បីធ្វើការពិនិត្យយ៉ាងស៊ីជម្រៅលើទណ្ឌកម្មនេះ ។ យើងបានណែនាំឱ្យគណៈគ្រប់គ្រងចូលរួមចុះជាប់ជាមួយអាជ្ញាធរពាក់ព័ន្ធ និយតករ និងទីប្រឹក្សាដើម្បីរៀបចំ និងអនុវត្តផែនការផ្លូវការសម្រាប់ការដកឈ្មោះធនាគារចេញពីបញ្ជីទណ្ឌកម្មឱ្យបានលឿន និងមានប្រសិទ្ធភាព តាមដែលអាចធ្វើបាន ។

ការបន្តអាជីវកម្ម និងការពារទំនុកចិត្ត

ធនាគារ ព្រីនស៍ នៅតែដំណើរការយ៉ាងពេញលេញ និងមានស្ថិរភាពហិរញ្ញវត្ថុ ។ រាល់សេវាកម្មធនាគារទាំងអស់ រួមទាំងសាខា ម៉ាស៊ីនដកប្រាក់និងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) និងថ្នាលឌីជីថល នៅតែដំណើរការជាប្រក្រតី ។ ក្រុមប្រឹក្សាភិបាលរបស់យើងកំពុងធ្វើការជិតស្និទ្ធជាមួយប្រធាននាយកប្រតិបត្តិ និងគណៈគ្រប់គ្រងជាន់ខ្ពស់ ដើម្បីធានាថា សេវាកម្មត្រូវបានផ្តល់ដោយមិនមានការរំខាន និងរក្សាទំនុកចិត្តរបស់អតិថិជន និងដៃគូរបស់យើង ។

ការសន្យារបស់យើង និងការធានា

ធនាគារ ព្រីនស៍ តែងតែឈរនៅទីនេះ និងបន្តដឹកនាំដោយ សុចរិតភាព វិជ្ជាជីវៈ និងការទទួលខុសត្រូវ ។ យើងនៅតែរក្សាជំហរយ៉ាងខ្ជាប់ខ្ជួនក្នុងបេសកកម្មរបស់យើងក្នុងការបម្រើដល់អតិថិជន រួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ និងរក្សាការជឿទុកចិត្តដែលសាធារណជនបានផ្ដល់ ។ ក្រុមប្រឹក្សាភិបាលសូមផ្តល់នូវការធានាដល់សាធារណជនថា ធនាគារ ព្រីនស៍ នៅតែរក្សាបាននូវសាច់ប្រាក់គ្រប់គ្រាន់ និងទ្រព្យសកម្មរឹងមាំពេញលេញ ។

  • ជូនចំពោះអតិថិជនរបស់យើង ៖ ប្រាក់បញ្ញើ និងផលប្រយោជន៍ហិរញ្ញវត្ថុរបស់អ្នក នៅតែមានសុវត្ថិភាពខ្ពស់ ។

  • ជូនចំពោះបុគ្គលិករបស់យើង ៖ យើងបន្តផ្ដល់ការគាំទ្រ និងទំនុកចិត្តពេញលេញដល់អ្នក ។

  • ជូនចំពោះសាធារណជន ៖ យើងកំពុងអនុវត្តវិធានការម៉ឺងម៉ាត់ និងតម្លាភាព ដើម្បីការពារកេរ្តិ៍ឈ្មោះ ភាពធន់ និងភាពរឹងមាំរបស់ធនាគារ ព្រីនស៍ ។

យើងសូមអរគុណចំពោះការជឿទុកចិត្ត ការអត់ធ្មត់ និងការគាំទ្ររបស់អ្នកបានផ្ដល់មកលើធនាគារ ព្រីនស៍ ម.ក ។ យើងនឹងបន្តផ្តល់ព័ត៌មានបន្ថែម តាមពេលវេលាសមស្រប ។

ដោយក្តីគោរព,

ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍ ម.ក

លោក ហ៊ន់ សុរចនា (ប្រធានក្រុមប្រឹក្សាភិបាល)

លោក Looi Kok Soon (អភិបាលមិនឯករាជ្យប្រតិបត្តិ/ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក)

លោក ថេន សំវិសុទ្ធ (អភិបាលឯករាជ្យមិនប្រតិបត្តិ)

លោក ស៊ីម ហ៊ុយឈ័ង (អភិបាលឯករាជ្យមិនប្រតិបត្តិ)

អត្ថបទថ្មី