ត្រេកអរណាស់! កម្មករ កម្មការិនី អាចជិះរថភ្លើងទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស

  • 2019-01-18 10:21:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាល កំពុងតភ្ជាប់ផ្លូវដែកទៅកាន់តំបន់សេដ្ឋកិច្ចពិសេស ក្នុងនោះបងប្អូនកម្មករ កម្មការិនី អាចជិះរថភ្លើងស៊េរីថ្មី ដែលបញ្ជាទិញពីប្រទេសម៉ិកស៊ីកូ ក្នុងពេលឆាប់ខាងមុខនេះ។ នេះបើតាមប្រសាសន៍របស់ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា ការតភ្ជាប់ផ្លូវដែកទៅកាន់តំបន់សេដ្ឋកិច្ចពិសេសនេះ គឺដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតមាន ជាពិសេសរថយន្តដឹកកម្មករ កម្មការិនីនេះតែម្ដង។

ទន្ទឹមនឹងនេះដែរ លោកបានឲ្យដឹងថា ក្រសួងនឹងផលិតវីដេអូអប់រំ ទៅកាន់ប្រជាពលរដ្ឋឲ្យបានយល់ដឹងអំពីផ្លូវ ដែលមានរថភ្លើងឆ្លងកាត់ ធ្វើយ៉ាងឲ្យបងប្អូន បានយល់ដឹង អំពីការឆ្លងកាត់របស់រថភ្លើង បញ្ចៀសនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលតែងកើតមានកន្លងមក។ អ្វីដែលឯកឧត្ដម ចង់បានគឺ ធ្វើម៉េចឲ្យប្រជាពលរដ្ឋឆ្លងឲ្យផុត មុនពេលរថភ្លើងមកដល់។

ឆ្លៀតក្នុងឱកាសនេះដែរ រដ្ឋមន្ត្រីក្រសួងសាធារការ បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ រថភ្លើងដែលបញ្ជាទិញពីប្រទេសម៉ិកស៊ីកូនោះ កំពុងតែដាក់ឲ្យសាកល្បង បន្ទាប់ពីសាកល្បងហើយ នឹងដាក់ដំណើរដឹកប្រជាពលរដ្ឋក្នុងពេលដ៏ខ្លីខាងមុខនេះ៕

អត្ថបទដោយ៖ ថោ ច័ន្ទឬទ្ធិ