សណ្ឋាគារ Raffles Hotel Le Royal ណែនាំមុខម្ហូបខ្មែរបែបទំនើបថ្មី អមដោយពិព័រណ៍សិល្បៈ
- 2026-09-17 08:51:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សណ្ឋាគារ Raffles Hotel Le Royal ណែនាំមុខម្ហូបខ្មែរបែបទំនើបថ្មី អមដោយពិព័រណ៍សិល្បៈ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ សណ្ឋាគារ Raffles Hotel Le Royal បានណែនាំមុខម្ហូបខ្មែរបែបទំនើបថ្មី នៅភោជនីយដ្ឋាន Restaurant Le Royal ដោយរៀបចំឡើងស្របជាមួយពិព័រណ៍សិល្បៈ «Neighbour» របស់សិល្បករសហសម័យខ្មែរ លោក ធន់ ឌីណា សហការជាមួយ The Gallerist Gallery។
សណ្ឋាគារបញ្ជាក់ថា រៀងរាល់បីខែម្តង ខ្លួននឹងធ្វើការផ្លាស់ប្តូរមុខម្ហូប និងកម្មវិធីសិល្បៈ ដើម្បីបន្តបង្កើតជាវេទិកាមួយសម្រាប់បង្ហាញ និងអបអរមរតក វប្បធម៌ ភាពច្នៃប្រឌិត និងការបង្ហាញសិល្បៈសហសម័យរបស់កម្ពុជា។
មុខម្ហូបថ្មីនេះផ្អែកលើរសជាតិបែបខ្មែរ ហើយបានអញ្ជើញភ្ញៀវឱ្យស្វែងយល់ឡើងវិញអំពីម្ហូបប្រពៃណី តាមរយៈការរៀបចំ និងបង្ហាញបែបទំនើប។ មុខម្ហូបនីមួយៗយកការបំផុសគំនិតពីរូបមន្តម្ហូបខ្មែរបុរាណ ប៉ុន្តែត្រូវបានបន្ថែមគំនិតថ្មី ដែលបង្ហាញពីភាពច្នៃប្រឌិត និងជំនាញរបស់ក្រុមចុងភៅរបស់សណ្ឋាគារ។
បទពិសោធន៍អាហារចាប់ផ្តើមជាមួយ Ocean Seabass Crudo ដែលផ្សំជាមួយជីរវ៉ាន់ស៊ុយ ស្វាយទុំ ក្រូចឆ្មា ម្ទេស ខ្ញី ក្រូចថ្លុង និងប្រេងឱសថបៃតង។ មុខម្ហូបនេះទទួលការបំផុសគំនិតពី ភ្លាត្រីស្វាយទុំ ដោយផ្តល់នូវរសជាតិស្រស់ ជូរអែម និងហឹរបន្តិច។
បន្ទាប់មកគឺ Duck Sour Soup ឬសម្លទាកជូរ ដែលមុខម្ហូបនេះទទួលការបំផុសគំនិតពី សម្លម្ជូរគ្រឿងទា និងរំលេចរសជាតិជូរដែលសម្បូរបែប និងមានភាពកក់ក្តៅតាមបែបម្ហូបខ្មែរ។
សម្រាប់មុខម្ហូប Baked King Prawn ត្រូវបានអមមកជាមួយដំឡូងបារាំងកិន ទឹកជ្រលក់ការីក្រហម សណ្តែក Edamame ផ្កា និងប៊ីខុនហាន់តូចៗ។ មុខម្ហូបនេះទទួលការបំផុសគំនិតពី បង្កងដំឡើងដុត ដោយរួមបញ្ចូលសាច់ទន់ និងក្លិនឈ្ងុយក្នុងការរៀបចំបែបទំនើប។
ចំណែកមុខម្ហូបសំខាន់ Oven-Roasted Beef Tenderloin ត្រូវបានដាក់ជាមួយបាយស និងត្រាវកិន ទឹកជ្រលក់ឈីសខ្មែរ និងស្លឹកគ្រៃ សណ្តែកក្រហមចម្អិនទន់ មីកញ្ចក់បំពង ផ្កា និងប្រេងម្ទេស។ មុខម្ហូបនេះទទួលការបំផុសគំនិតពី ដុតសាច់គោសណ្ដែកក្រហម ដោយបង្ហាញការបកស្រាយថ្មីចំពោះរសជាតិដ៏សម្បូរបែប និងល្អិតល្អន់នៃម្ហូបខ្មែរ។ សម្រាប់ការបញ្ចប់លើបទពិសោធន៍ភ្លក់អាហារ Pear Crème Brûlée with Crumble and Salted Caramel ផ្តល់នូវរសជាតិផ្អែមឆ្ងាញ់ និងទន់ស្រទន់ ដោយទទួលការបំផុសគំនិតពី នំផ្លែសារីនឹងស្ករប្រៃ។
តាមរយៈមុខម្ហូបថ្មីនេះ Restaurant Le Royal បន្តលើកស្ទួយអត្តសញ្ញាណម្ហូបអាហាររបស់កម្ពុជា ខណៈស្វែងរកវិធីបកស្រាយរសជាតិប្រពៃណីឡើងវិញ សម្រាប់ការទទួលទានក្នុងបរិបទទំនើប។ បទពិសោធន៍នេះក៏បង្ហាញពីការប្តេជ្ញារបស់ Raffles Hotel Le Royal ក្នុងការអភិរក្សមរតកវប្បធម៌ តាមរយៈការរៀបរាប់រឿងរ៉ាវ ភាពច្នៃប្រឌិត និងសេវាកម្មបដិសណ្ឋារកិច្ច។
មុខម្ហូប Modern Khmer Menu ថ្មីនេះ មានដាក់ឱ្យភ្ញៀវទទួលទាននៅ Restaurant Le Royal ដោយផ្តល់នូវដំណើរផ្សងព្រេងតាមរសជាតិ ដែលទទួលការបំផុសគំនិតពីប្រពៃណីកម្ពុជា និងបង្ហាញក្នុងរចនាបថប្រណីតរបស់ Raffles។
អំពី Raffles Hotel Le Royal
Raffles Hotel Le Royal បានបើកដំណើរការតាំងពីឆ្នាំ១៩២៩ និងមានបន្ទប់ស្នាក់នៅសរុប ១៧៥បន្ទប់។ សណ្ឋាគារនេះត្រូវបានជួសជុលយ៉ាងប្រុងប្រយ័ត្នក្នុងឆ្នាំ២០១៩ ដោយរក្សានូវមរតកប្រវត្តិសាស្ត្ររបស់ខ្លួន ព្រមជាមួយការផ្តល់ជូននូវបទពិសោធន៍ប្រណីតបែបទំនើប។
សម្រាប់សំណួរ និងព័ត៌មានបន្ថែម៖ 023 981 888 ឬ អ៊ីម៉ែល dining.leroyal@raffles.com ៕ .