Pochettino សារភាព​ថា​​លោក​អាច​នឹង​​យំ​ពេញ​១​សប្ដាហ៍​បើ Spurs យក​ឈ្នះ Liverpool

  • 2019-05-26 06:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mauricio Pochettino បាន​សារភាព​ថា​​លោក​អាច​នឹង​ហូរ​ទឹកភ្នែក​ពេញ​១​សប្តាហ៍​ប្រសិន​បើ​ក្រុម Tottenham គ្រង​ជើងឯក Champions League នៅ​រាត្រី​ថ្ងៃសៅរ៍​។

គ្រូបង្វឹករបស់ក្រុម Spurs រំជួលចិត្ត​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ក្រុម​រហស្សនាម​មាន់​ខ្នាយ​មាស​វាយ​បក​យក​ឈ្នះ​ Ajax ដោយ​នឹក​ស្មាន​មិន​ដល់។

លោក​យំ​​ទឹកភ្នែក​ហូរ​ជោគ​ថ្ពាល់​នៅ​ទឹកដី​​អាំស្ទែរដាំ ​ហើយ​​គ្រូ​បង្វឹក​អាហ្សង់ទីន​យំ​ខ្សឹកខ្សួល​ម្តង​ទៀត​ពេល​លោក​ធ្វើ​សន្និសីទ​កាសែត​ក្រោយ​ចប់​ការ​ប្រកួត ប៉ុន្តែ​នេះ​មិន​មាន​អ្វី​ចម្លែក​ទេ​សម្រាប់​គ្រូ​បង្វឹក Tottenham ។

Pochettino បាន​និយាយ​ថា "ម្តាយ​របស់​ខ្ញុំ​និយាយ​មក​កាន់​ខ្ញុំ​ថា កូន​គឺ​ជា អ៊ីឡូរូណា (llorona)” មានន័យ​ថា​​ជា​មនុស្ស​យំ​ច្រើន និង ចូលចិត្ត​យំ។ នេះ​បើ​តាម The Mirror។

“ម្ដាយ​ខ្ញុំ​និយាយ​ថា ខ្ញុំ​សប្បាយ​ ខ្ញុំ​យំ ខ្ញុំ​កើតទុក្ខ ខ្ញុំ​យំ ម៉ោះ (come on) ឈប់​យំ"។ Pochettino បន្ត។

"ពេល​ខ្លះ​វា​បាន​កើត​ឡើង​ នៅ​ពេល​ដែល​ខ្ញុំ​ជិះ​រថយន្ត​ទៅ​ផ្ទះ ដែលត្រូវ​ធ្វើ​ដំណើរ​ប្រហែល​២០​នាទី​ ពី​កន្លែង​ហ្វឹកហាត់​ទៅ​ផ្ទះ​ខ្ញុំ​នៅ Barnet ហើយ​ខ្ញុំ​ស្តាប់​ចម្រៀង​តាម​ផ្លូវ​ ជា​ចម្រៀង​ដែល​​រៀបរាប់​ដូច​ជីវិត​របស់​ខ្ញុំ​កាល​ពី​មុន"។

"ខ្ញុំ​ចាប់ផ្ដើម​យំ​ ហើយ​នៅ​ពេល​ខ្ញុំ​មក​ដល់​ផ្ទះ​ភរិយា​របស់​ខ្ញុំ​សួរ​ថា តើ​មាន​អ្វី​កើត​ឡើង?"។

"ខ្ញុំ​និយាយ​ថា តន្ត្រី​មួយ​ចំនួន​បាន​រំឭក​បង​ពី​ជីវិត​កាល​ពី​៣០​ឆ្នាំ​មុន នៅ​ក្នុង​ប្រទេស​អាហ្សង់ទីន ហើយ​នាង​​បាន​និយាយ​ថា បង​ឯង​ឆ្កួត​ហើយ" ។

“...ប្រសិន​បើ​យើង​ឈ្នះ Champions League ខ្ញុំ​មិន​ដឹង​ទេ ប្រហែល​ខ្ញុំ​នឹង​យំ​ពេញ​១​សប្ដាហ៍"។

Pochettino បន្ថែម​ថា​ក្នុង​នាម​ជា​គ្រូ​បង្វឹក លោក​តែង​ខ្វល់​ចិត្ត​ច្រើន តែង​គិត​មុន​គេ​ជានិច្ច។

“ជា​គ្រូ​បង្វឹក អ្នក​ត្រូវតែ​គិត​មុន​គេ​ជានិច្ច និង ប្រមើល​មើល​ពី​បញ្ហា។ អ្នក​តែងតែ​ដាក់​ខ្លួន​អ្នក​គិត​៥​ឆ្នាំ ១០​ឆ្នាំ ឬ ថ្ងៃ​ស្អែក។ យើង​ត្រូវ​នាំ​មុខ​កីឡាករ និង អ្នក​គាំទ្រ"។ លោក​បន្ថែម៕

អាន៖ Carragher ចង់​ឲ្យ​​​យក Coutinho មក​វិញ​ព្រោះ Liverpool គ្មាន​​​កម្រិត​ខ្សែបម្រើ​ដែល Man City មាន

អាន៖ Messi ចង់​ឲ្យ Barca ទិញ​ខ្សែប្រយុទ្ធ​១៦០​លាន​ដុល្លារ​ពី EPL ជាង​ចង់​បាន ​Griezmann

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត