Carragher ចង់ឲ្យយក Coutinho មកវិញព្រោះ Liverpool គ្មានកម្រិតខ្សែបម្រើដែល Man City មាន
- 2019-05-18 07:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Carragher ចង់ឲ្យយក Coutinho មកវិញព្រោះ Liverpool គ្មានកម្រិតខ្សែបម្រើដែល Man City មាន
ចន្លោះមិនឃើញ
អតីតខ្សែការពារ Liverpool Jamie Carragher យល់ថាបើ Barcelona សុខចិត្តលក់ Philippe Coutinho ខាតហើយលុយកាក់ក៏មិនជាបញ្ហាសម្រាប់ Liverpool ដូច្នេះក្រុមជើងឯករង Premier League ២០១៨/១៩ គួរតែចុះកុងត្រានាំយកអតីតខ្សែបម្រើរូបនេះមកវិញ។
ការបញ្ជូនបាល់បានយ៉ាងល្អឥតខ្ចោះ និង សមត្ថភាពក្នុងការស៊ុតបាល់បញ្ចូលទីពីចម្ងាយធ្វើឱ្យ Coutinho ក្លាយជាកីឡាករដ៏សំខាន់នៅ Anfield និង ជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំឆ្នាំនៅ Premier League រដូវកាល ២០១៤/១៥។
Carragher បានប្រាប់ Liverpool Echoថា Liverpool ខ្វះកីឡាករកម្រិត Coutinho នៅឡើយហើយថាកីឡាករប្រេស៊ីលរូបនេះនឹងជួយក្រុមឲ្យទទួលឥទ្ធិពលវិជ្ជមានថែមទៀតប្រសិនបើគេត្រលប់មកវិញ។
"យើងខ្វះកីឡាករកម្រិតនេះនៅក្នុងក្រុម។ យើងមាន Lallana និង Shaqiri ប៉ុន្តែនេះ [Coutinho] គឺជាកម្រិតកីឡាករមួយផ្សេងទៀត"។ Carragher បាននិយាយ។
"វាជារឿងមួយដែលក្រុម Manchester City មានលើសយើង។ ពួកគេមាន Bernardo Silva, David Silva, Kevin De Bruyne។ យើងមិនមានកីឡាករកម្រិតនោះឡើយ"។
Coutinho បានចូលរួមជាមួយក្រុម Liverpool ពី Inter កាលពីខែមករាឆ្នាំ ២០១៣ ក្នុងតម្លៃ ១០,៨ លានដុល្លារ និង បានបង្ហាញខ្លួន ២០១ ប្រកួតស៊ុតបញ្ចូលទីបាន ៥៤ គ្រាប់ មុនចាកចេញពីហង្សក្រហមចូលរួមជាមួយ Barcelona កាលពីខែមករា ឆ្នាំ២០១៨ក្នុងតម្លៃ ១៤២ លានផោន (១៨០ លានដុល្លារ) តែធ្វើមិនបានល្អ និង មិនបានទទួលការស្វាគមន៍ពីអ្នកគាំទ្រក្លឹបកាតាឡាន់ឡើយ។
Liverpool បញ្ចប់យុទ្ធនាការដោយមាន៩៧ពិន្ទុ និង ចាញ់តែ១ប្រកួតប៉ុណ្ណោះក្នុងក្របខ័ណ្ឌ Premier League ប៉ុន្តែហង្សក្រហមបានត្រឹមជើងឯករង៕
អាន៖ Bolton ៖ ពីក្លឹបធ្លាប់ឈរលើ Man City, PSG ក្លាយជាក្លឹបស្ទើរលែងមានអ្នកគាំទ្រទៅទស្សនា
អាន៖ Spurs ពិចារណាលក់កីឡាករ១២នាក់ រួមនឹង Trippier ផងដែរ