Bolton ៖ ពីក្លឹបធ្លាប់ឈរលើ Man City, PSG ក្លាយជាក្លឹបស្ទើរលែងមានអ្នកគាំទ្រទៅទស្សនា
- 2019-04-21 03:17:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bolton ៖ ពីក្លឹបធ្លាប់ឈរលើ Man City, PSG ក្លាយជាក្លឹបស្ទើរលែងមានអ្នកគាំទ្រទៅទស្សនា
ចន្លោះមិនឃើញ
ត្រលប់ទៅកាន់រដូវកាល ២០០៨ ក្រុម Bolton ធ្លាប់បានផ្តួល Atletico Madrid, Man City និង សូម្បី PSGដើម្បីឈរលើតារាង UEFA ពីលើកំពូលក្លឹបទាំង៣នេះ។
នៅក្នុងការស្ទង់មតិមួយបានអះអាងថា អ្នកគាំទ្រ Bolton កាលណោះ គឺជាមនុស្សដែលមានសុភមង្គលបំផុតនៅក្នុងប្រទេសអង់គ្លេស។
បាល់ទាត់គឺជាផ្នែកមួយដ៏សំខាន់នៃមូលហេតុសុភមង្គលនេះ។ ពួកគេសប្បាយនៅពេលមើលការប្រកួតរបស់ Jay-Jay Okocha, Youri Djorkaeff និង Nicolas Anelka នៅសម័យនោះ។
ប៉ុន្តែអស់រយៈពេល២ឆ្នាំជាប់ៗគ្នា ប្រាក់ខែរដូវក្តៅបើកឲ្យកីឡាករខ្លះទាន់ពេល ហើយខ្លះទៀតមិនទាន់ពេល ហើយប្រាក់ខែសម្រាប់ខែកុម្ភៈ និង ខែមីនានៅមិនទាន់ទូទាត់នៅឡើយ។
Bolton លេង៤៣ប្រកួត ចាញ់២៧លើក និងមានត្រឹមតែ ៣២ពិន្ទុ កំពុងឈរលេខ២បាតតារាង English League Championship ដែលជាក្របខ័ណ្ឌបាល់ទាត់លំដាប់ទី២របស់អង់គ្លេស ហើយត្រូវធ្លាក់ដោយស្វ័យប្រវត្តិទៅលេងលីគលំដាប់ទី៣នៅរដូវកាលក្រោយ ទោះសល់៣ប្រកួតទៀតមុនចប់រដូវកាលក៏ដោយ។
អ្នកគាំទ្រតែងរំពឹងថាក្លឹបតែងចាញ់រាល់ការប្រកួត ហើយមិនរំពឹងថាមានសូម្បី១គ្រាប់ដើម្បីអបអរ ខណៈដែលក្លឹបជំពាក់គ្រាប់ស៊ុតគេរហូតដល់ ៤៥គ្រាប់។
ចាញ់ Hull ៦-០ ចាញ់ Wigan ៥-២ ចាញ់ Derby County ៤-០ នៅពេលដែល Frank Lampard បាននិយាយថាលោកមានការសោកស្ដាយដែលក្រុមរបស់លោកមិនអាចស៊ី១០គ្រាប់។
Bolton មានម្ចាស់ក្លឹបដែលមានលុយតិចតួច
ចាប់តាំងពីលោក Ken Anderson បានមកធ្វើជាម្ចាស់ក្លឹប Bolton ក្នុងឆ្នាំ ២០១៦ បុរសដែលមានមូលនិធិតិចតួច ហើយគ្មានទំនាក់ទំនងប្រវត្តិសាស្ត្រជាមួយក្រុម Bolton Wanderers បានធ្វើឲ្យក្លឹបជំពាក់បំណុលគេវ័ណ្ឌក។
កាលពីឆ្នាំ២០១៧ មានការភ្ញាក់ផ្អើលជាសាធារណៈមួយបានកើតឡើងរវាងម្ចាស់ក្លឹបគឺលោក Anderson និង Dean Moxey ។ ខ្សែការពាររូបនេះត្រូវបានម្ចាស់ក្លឹបបង់ប្រាក់ឲ្យដោយផ្អែកទៅលើចំនួនប្រកួតដែលគេបានចូលលេងនៅរដូវកាលមុនប៉ុណ្ណោះ ហើយកីឡាករខ្លះទៀតត្រូវម្ចាស់ក្លឹបជំពាក់លុយ។
បញ្ហាបើកប្រាក់ខែមិនទៀងទាត់នេះបានកើតឡើងម្តងទៀតនៅឆ្នាំ ២០១៨។ ក្រោយកីឡាករ Karl Henry ចាកចេញពី Bolton កីឡាកររូបនេះនៅតែបង្ហោះសារលើ Twitter ទាមទារប្រាក់ខែរបស់ខ្លួន ខណៈក្រុមអ្នកគាំទ្របានសូមទោសខ្សែបម្រើរូបនេះចំពោះឥរិយាបថមិនល្អរបស់ម្ចាស់ក្លឹប។
Bolton គ្មានប្រាក់បង់ពន្ធត្រូវប្រឈមនឹងតុលាការ គណនីធនាគារត្រូវបានបង្កក។ ក្រុមបុគ្គលិករង់ចាំប្រាក់ខែមួយខែហើយមួយខែទៀតនៅតែមិនឃើញ។ កីឡាករធ្វើពហិការមិនព្រមទៅហ្វឹកហាត់។
អនាគតថ្មីរបស់ក្លឹបអាចប្រសើរ ឬ កាន់តែយ៉ាប់យឺន?
នៅទីបំផុត Anderson បានយល់ព្រមលក់ក្លឹបឲ្យទៅ Laurence Bassini បុរសដែលធ្លាប់ប្រកាសក្ស័យធនចំនួន២ដង។ អតីតម្ចាស់ក្លឹប Watford រូបនេះត្រូវបានហាមឃាត់រយៈពេល ៣ ឆ្នាំមិនឲ្យរកស៊ី៏ក្នុងក្លឹបបាល់ទាត់ណាមួយឡើយ បន្ទាប់ពីរកឃើញថាលោកបានរំលោភច្បាប់។
ដូច្នេះ ប្រសិនបើអ្នកគាំទ្រក្រុម Bolton គិតថា ពួកគេមានបញ្ហាជាមួយម្ចាស់ក្លឹបចាស់ Ken Anderson នោះពួកគេនឹងមានបញ្ហាកាន់តែធំជាមួយនឹងម្ចាស់ក្លឹបថ្មី Laurence Bassini។
Bassini បង្ហាញពីមហិច្ឆតាធំ ដោយសន្យានឹងអ្នកគាំទ្រថានឹងនាំយក Bolton ទៅលេង Premier League វិញក្នុងរយៈពេល៣ឆ្នាំ ហើយលោកបន្ថែមថាលោកមិនបានដឹងលម្អិតពីបញ្ហាបំណុលរបស់ក្លឹបឡើយដោយថាលោកគ្មានពេលគ្រប់គ្រាន់ដើម្បីស្វែងយល់រឿងទាំងនេះ។
ចុងក្រោយ Bolton បានធ្លាក់ទៅកាន់ League One ជាក្របខ័ណ្ឌបាល់ទាត់លំដាប់ទី៣នៅអង់គ្លេស។ គ្មាននរណាម្នាក់នឹងដឹងថាមានអ្វីកើតឡើងចំពោះ Bolton នៅ១ឆ្នាំ ឬ ២ឆ្នាំទៀត។ គេសង្ឃឹមថា Bassini នឹងគោរពពាក្យសន្យា៕
អាន៖ កីឡាករថ្លៃបំផុតរបស់ Man City ព្រោះឪពុកជំរុញទើបមិនចាប់អាជីពបាល់អោប
អាន៖ Lukaku បង្ហើបឈ្មោះក្លឹបដែលគេចង់លេងឲ្យនៅពេលចាកចេញពី Man Utd