នៅ​ពី​ក្រោយ​អាជីព​សម្ដែង​ដ៏​ហ៊ឺហា អៀង ចេនឡា ជា​អ្នក​លក់​មាន់​មែន ឬ​មិន​មែន?

  • 2019-08-18 05:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មី​ៗ​នេះ ​លោក អៀង ចេនឡា ស្រាប់​តែ​បាន​បើក​បង្ហើបពី​ដំណឹង​មួយ​ថា តាម​ពិត​លោក​នៅ​ពី​ក្រោយ​ឆាក​នៃ​ការ​សម្ដែង ពេល​ខ្លះ​មើល​ទៅ​ឡូយ​អស់​ស្ទះ​នោះ តែ​ធាតុ​ពិត​លោក គឺ​ជា​អ្នក​លក់​មាន់​ទេ។ ចំណុច​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​លោក​មាន​ការ​ចាប់​អារម្មណ៍ និង​ខ្លះ​សង្ស័យ​នៅ​ឡើយ។

លោក អៀង ចេនឡា បាន​ប្រាប់​អ្នក​គាំទ្រ​ពី​រឿង​នេះ​ទៅ​អ្នក​គាំទ្រ​របស់​លោក​លើ​ប្រព័ន្ធ​ហ្វេសប៊ុក ដោយ​មាន​ទាំង​ដាក់​រូប​លោក​ដឹក​មាន់​មួយ​ទ្រុង​ផង។ តារា​កំប្លែង​អះអាង​ថា ធាតុ​ពិត​របស់​លោក ដែល​នៅ​ពី​ក្រោយ​ការ​សម្ដែង គឺ​លោក​ត្រឹម​ជា​អ្នក​លក់​មាន់​ប៉ុណ្ណោះ។ អ្នក​គាំទ្រ​មួយ​ចំនួន បាន​ចាប់​ផ្ដើម​សង្ស័យ និង​ខ្លះ យល់​ថា លោក​គ្រាន់​តែ​លេង​សើច ព្រោះ​ជា​តារា​កំប្លែង​ស្រាប់។

ជុំវិញ​បញ្ហា​នេះ សាមី​ខ្លួន​លោក ចេនឡា បាន​បក​ស្រាយ​ប្រាប់ sabay ថា លោក​មិន​បាន​លេង​សើច​នោះ​ទេ គឺ​ជា​ការ​ពិត។ តារា​សម្ដែង​ដែល​ឈាន​ទៅ​លេង​កំប្លែង​បន្ថែម​រូប​នេះ ប្រាប់​ថា លោក​គឺ​ជា​អ្នក​លក់​មាន់​ពិត​មែន ដែល​ការងារ​នេះ លោក​ចាប់​លក់​តាំង​ពី​ប្រមាណ ១​ឆ្នាំ​មុន​ម្ល៉េះ។ ចំពោះ​មូលហេតុ ចេនឡា ប្រាប់​ថា ពី​ដំបូង​លោក គ្រាន់​តែ​ចិញ្ចឹម​លេង​ប៉ុណ្ណោះ ដោយ​សារ​លោក​ជា​អ្នក​ចូល​ចិត្ត​ចិញ្ចឹម​សត្វ។

ដំបូង​ឡើយ​លោក អៀង ចេនឡា បាន​ទិញ​មាន់​ពី​ផ្សារ​ប្រមាណ ៤-៥​ក្បាល ទុក​គ្រាន់​ចិញ្ចឹម​លេង និង​កែ​អផ្សុក​ប៉ុណ្ណោះ។ ក្រោយ​មក​មេមាន់​លោក ក៏​បាន​កើត​កូន​ច្រើន​ឡើង លោក​ក៏​ថត​បង្ហោះ​ក្នុង Group មិត្តភ័ក្ដិ និង​ទំព័រហ្វេសប៊ុក​របស់​ខ្លួន ស្រាប់​តែ​មាន​អ្នក​ចាប់​អារម្មណ៍ និង​សុំ​ទិញ ហើយ​លោក​ក៏​បាន​ចាប់​លក់​ឲ្យ​គេ។

ឃើញ​ដូច្នេះ លោក​ក៏​ចាប់​ផ្ដើម​មាន​គំនិត​ថា គ្រាន់​តែ​ចិញ្ចឹម​លេង​សោះ ក៏​អាច​រក​ចំណូល​បាន​​ដែរ បែប​នេះ លោក​ក៏​ចាប់​ផ្ដើម​ពង្រីក​ការ​ចិញ្ចឹម សម្រាប់​ផ្គត់ផ្គង់​តម្រូវ​ការ​តែ​ម្ដង។ លោក ចេនឡា បញ្ជាក់​ថា ក្នុង​១ខែ លោក​អាច​ចំណេញ​ពី​ការ​លក់​មាន់​របស់​លោក​ប្រមាណ​ជា ៣០០-៤០០​ដុល្លារ​ដែរ។ តែ​បើ​រដូវ​ត្រូវ​ការ​ខ្លាំង ដូច​ជា​សែនចិន បុណ្យ​ភ្ជុំ​អី​ជា​ដើម ជួន​១​ថ្ងៃ​លោក​អាច​លក់​បាន ២០០-៣០០ ដុល្លារ​ឯណោះ។

ដូច្នេះ​ហើយ តារា​កំប្លែង​រូប​នេះ​បញ្ជាក់​ថា រាល់​ថ្ងៃ ក្រៅ​ពី​ការងារ​សិល្បៈ លោក​ក៏​បាន​ក្លាយ​ជា​អ្នក​លក់​មាន់ ក៏​ដូច​ជា​អ្នក​ផ្គត់ផ្គង់​តម្រូវ​ការ​មាន់​មួយ​រូប​ដែរ ប្រសិន​បើ​ប្រិយមិត្ត​ត្រូវ​ការ​អាច​ទាក់​ទង​លោក​បាន៕

រូបភាព៖ ហ្វេសប៊ុក ចេនឡា

អត្ថបទ៖ ស៊ុន ហួត