FIFA យល់ព្រមឱ្យលោក Trump ប្រគល់ពាន World Cup ដោយផ្ទាល់ដល់ក្រុមជើងឯក
- 2026-06-17 07:55:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
FIFA យល់ព្រមឱ្យលោក Trump ប្រគល់ពាន World Cup ដោយផ្ទាល់ដល់ក្រុមជើងឯក
ចន្លោះមិនឃើញ
សហរដ្ឋអាមេរិក៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន OutKick ដោយផ្អែកលើប្រភពពី talkSPORT បានឱ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) មិនមានការជំទាស់នោះទេ ក្នុងការអនុញ្ញាតឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្លាយជាអ្នកប្រគល់ពានរង្វាន់ World Cup ដោយផ្ទាល់ដៃទៅកាន់ប្រធានក្រុមដែលឈ្នះជើងឯក នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន MetLife Stadium នាថ្ងៃទី១៩ ខែកក្កដា ខាងមុខនេះ។
ប្រភពដដែលបានបន្តថា អង្គភាពគ្រប់គ្រងបាល់ទាត់ពិភពលោកមួយនេះ ថែមទាំងបើកផ្លូវឱ្យលោក Trump ធ្វើការសម្រេចចិត្តដោយខ្លួនឯង ថាតើលោកចង់បន្តឈរនៅចំកណ្តាលឆាក ដើម្បីចូលរួមអបអរសាទរនៅពេលដែលពានរង្វាន់ត្រូវបានលើកឡើងដែរឬទេ។ ការសម្រេចចិត្តនេះត្រូវបានគេមើលឃើញថា ជាការបំបែកច្បាប់ទម្លាប់ ឬពិធីការទូទៅរបស់ FIFA នាពេលកន្លងមក។
គួររំលឹកផងដែរថា លោក Donald Trump ធ្លាប់បានធ្វើរឿងស្រដៀងគ្នានេះម្តងរួចមកហើយ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup កាលពីឆ្នាំ២០២៥ កន្លងទៅ នៅពេលដែលក្លិបតោខៀវ Chelsea បានយកឈ្នះក្រុម Paris Saint-Germain ក្នុងលទ្ធផល ៣-០។ កាលនោះ លោកប្រធានាធិបតីបានបន្តឈរនៅលើឆាក ខណៈដែលប្រធានក្រុម Reece James កំពុងលើកពានរង្វាន់អបអរសាទរ ដែលបានបង្កើតឱ្យមានទិដ្ឋភាពវីដេអូដ៏ល្បីល្បាញ (viral moment) មួយនៅលើបណ្តាញសង្គម។
ជុំវិញរឿងរ៉ាវនេះ បានធ្វើឱ្យមានការជជែកដេញដោល និងការរិះគន់មួយចំនួនពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយកីឡា។ មតិមួយចំនួនយល់ឃើញថា ពិធីលើកពានរង្វាន់ World Cup គួរតែជាពេលវេលាសម្រាប់តែកីឡាករ និងក្រុមការងារប៉ុណ្ណោះ ហើយអ្នកគាំទ្រភាគច្រើនប្រហែលជាមិនចង់ឃើញអ្នកនយោបាយណាម្នាក់ មិនថាជាលោក Trump ឬប្រធានាធិបតី និងនាយករដ្ឋមន្ត្រីណាមួយ មកឈរនៅចំកណ្តាលរូបភាពប្រវត្តិសាស្ត្រនោះទេ ជាពិសេសប្រសិនបើក្រុមដែលឈ្នះជើងឯកមិនមែនជាក្រុមជម្រើសជាតិសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនងរវាងប្រធាន FIFA លោក Gianni Infantino និងលោក Donald Trump ត្រូវបានគេដឹងថាមានភាពជិតស្និទ្ធខ្លាំង។ លោក Trump តែងតែមានវត្តមាន និងដើរតួយ៉ាងសំខាន់នៅក្នុងព្រឹត្តិការណ៍ធំៗរបស់ FIFA ដែលទាក់ទងនឹងការប្រកួតកន្លងមក ដូចជាការចូលរួមនៅក្នុងពិធីចាប់ឆ្នោតជាផ្លូវការ (Official Draw) ជាដើម។
ដោយសារតែការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅក្នុងរដ្ឋ New Jersey ហើយលោក Trump គឺជាប្រធានាធិបតីកំពូលរបស់សហរដ្ឋអាមេរិក ដែលជាម្ចាស់ផ្ទះរួម (រួមជាមួយម៉ិកស៊ិក និងកាណាដា) វានឹងមិនមែនជារឿងចម្លែកនោះទេដែលលោកបង្ហាញខ្លួន។ ចាប់តាំងពីវិលត្រឡប់មកកាន់សេតវិមានវិញ លោក Trump បានចូលរួមព្រឹត្តិការណ៍កីឡាធំៗជាច្រើននៅក្នុងប្រទេស រួមមាន Super Bowl LIX, ការប្រកួតឡានប្រណាំង Daytona 500, វគ្គផ្តាច់ព្រ័ត្រវាយកូនបាល់ U.S. Open ២០២៥ និងការប្រកួតបាល់បោះ NBA Finals វគ្គផ្តាច់ព្រ័ត្រ (Game 3) ឆ្នាំ២០២៦ ផងដែរ៕